ជាតិ
អយ្យការ​ខេត្តបន្ទាយមានជ័យ៖ ប៉ូលិស​ប៉ោយប៉ែត​ឈ្មោះ ឈាន ពិសិដ្ឋ ពិតជា​ត្រូវ​ឡាន​បុក
27, Dec 2016 , 10:11 pm        
រូបភាព
ប្រភពពីហ្វេសប៊ុក
ប្រភពពីហ្វេសប៊ុក
អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា ប៉ូលិស​ឈ្មោះ ឈាន ពិសិដ្ឋ ពិតជា​ត្រូវ​រថយន្ត​របស់ ឈ្មោះ​ឌិន ពុ​ទ្ធី បុក​រហូតដល់​សន្លប់​ពិតមែន។  ការអះអាង​នេះ គឺ​បន្ទាប់ពីអយ្យការទទួលចាត់ការសំណុំរឿងនេះ ពិនិត្យយ៉ាងម៉ត់ចត់លើ​ភស្តុតាង​នានា ដែល​ស៊ើបអង្កេត​ដោយ​មន្ត្រីនគរបាល​យុត្តិធម៌។



អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី២៧ ខែធ្នូ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់ ពី​ករណី​ប៉ូលិស​ដួលសន្លប់​នៅមុខ​រថយន្ត​របស់​ដែល​ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅពេលថ្មីៗនេះ។

ផ្អែក​សេចក្តីថ្លែងការណ៍ ឈ្មោះ ឈាន ពិសិដ្ឋ មានមុខ​ងារ​ជា​នាយរង​បុ​ស្តិ៍​បុ​ស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ពិតជា​ត្រូវ​រថយន្ត​របស់ ឈ្មោះ​ឌិន ពុ​ទ្ធី ជា​ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ  បុក​រហូតដល់​សន្លប់​ពិតមែន។ សេចក្តីថ្លែងការណ៍​រប​ស់អយ្យ​ការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ សរសេរ​ដូច្នេះ​ថា៖«ជនរងគ្រោះ​ឈាន ពិសិដ្ឋ  ពិតជា​បាន​របួស​ជើង​ស្តាំ​ដោយសារ​រថយន្តបុក រហូតដល់​សន្លប់​ពិតមែន ហើយ​មិនមែនជា​ការធ្វើ​ពុត ដើម្បី​ទម្លាក់កំហុស​លើ​ឈ្មោះ ឌិន ពុទ្ធី ដូច​ការផ្សព្វផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​មួយចំនួន​នោះទេ»។  

ការបញ្ជាក់​ដូច្នេះ គឺ​បន្ទាប់ពី​តំណាង​អយ្យ​ការដែល​ទទួល​ចាត់ការ​​​សំណុំ​រឿងនេះ បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ទៅលើ​ឯកសារ​ជា​ភស្តុតាង​នានា ដែល​ស៊ើបអង្កេត​ដោយ​មន្ត្រីនគរបាល​យុត្តិធម៌ ភ្ជាប់​ក្នុង​សំណុំរឿង មានដូចជា​ឃ្លី​ប​វីដេអូ ចម្លើយ​សាក្សី​មួយចំនួន ពិសេស​រូបភាព​ដែល​បង្ហាញថា​ជនរងគ្រោះ ឈាន ពិសិដ្ឋ កំពុង​ដេក​ដួល​នៅ​ចំ​ពីមុខ​រថយន្ត​របស់​ឈ្មោះ​ឌិន ពុ​ទ្ធី។ រូបភាព​ដែល​ជនរងគ្រោះ ដួល​មក​ផ្នែក​ខាងឆ្វេង​មាន​ភាពស៊ីសង្វាក់​ដែល​បង្ហាញ​ពី​ស្នាមរបួស​នៅលើ​ភ្លៅ​ខាងស្តាំ​របស់​ជនរងគ្រោះ និង​លិខិតបញ្ជាក់​ពី​ស្ថានភាព​ជនរងគ្រោះ ពី​មន្ទីរពេទ្យ​សម្រាក​ព្យាបាល។  

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បើក​ការស៊ើបអង្កេត​លើ​ឈ្មោះ ឌិន ពុទ្ធី ពីបទ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា២១៨នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​រួចហើយ។   អយ្យការ​អម​សាលាដំបូង​ខេត្ត នៅតាម​ដាន និង​ជំរុញ​ទៅ​ចៅ​ក្រប​ស៊ើបសួរ​ស្រាវជ្រាវ​រឿងនេះ​ឲ្យ​ច្បាស់លាស់ ដើម្បី​បង្ហាញ​ការពិត និង​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ទាំងសងខាង។

វីដេអូ និង​រូបថត ប៉ូលិស ដួលសន្លប់​មុខ​រថយន្ត បាន​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាំងពីព្រឹក​ថ្ងៃទី២២ ខែធ្នូ។ ករណីនេះ កើតឡើង​នៅ​ចំណុច​ស្ពាន​មិត្តភាព​កម្ពុជា ថៃ ក្បែរ​បុ​ស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទាក់ទង​នឹង​ករណីនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ហាក់ដូច​ជាមាន​មិន​ភាពប្រក្រតី និង​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ស៊ើបអង្កេត​ករណីនេះ ដើម្បី​បំបាត់​មន្ទិលសង្ស័យ​រប​ស់​សាធារណជន និង​បង្ហាញ​ពី​ភាពត្រឹមត្រូវ​សមត្ថកិច្ច៕




© រក្សាសិទ្ធិដោយ thmeythmey.com