ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ថា រកឃើញ​ជនជាតិ​វៀតណាម​ជាង ៥ ពាន់​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត​
28, Dec 2016 , 8:59 pm        
រូបភាព
លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ។ រូបថត រឿន ភារុន
លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ។ រូបថត រឿន ភារុន
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ  បាន​បញ្ជាក់ថា គណបក្ស​បាន​រកឃើញ ជនជាតិ​វៀតណាម​ជាង ៥ ពាន់​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​កន្លងទៅ​។ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត  ឆ្លើយតប​ថា គ​.​ជ​.​ប បើក​សិទ្ធិ​ឲ្យ​គណបក្សនយោបាយ  ប្តឹងតវ៉ា​នៅពេលដែល​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង ដែល​នឹង​ចេញផ្សាយ​នៅ​ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៧ ។​



​លោកស្រី ម៉េង សុភា​រី ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រកឃើញ​ជនជាតិ​វៀតណាម​ប្រមាណ ៥​ពាន់​នាក់ បាន​ចុះឈ្មោះ​ក្នុងអំឡុងពេល​យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់ ពី​ខែកញ្ញា ដល់​ចុងខែ​តុលា កន្លងទៅ ។ លោកស្រី​បាន​ពន្យល់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​២៨ ខែធ្នូ នៅ​ទីស្នាក់ការ គ​.​ជ​.​ប ថា ក្នុងចំណោម​អ្នក​ទាំង ៥ ពាន់​នាក់​នោះ មានឈ្មោះ​ជាង ៣​ពាន់​នាក់ នៅ​រាជធានី​ភ្នំពេញ និង​ជិត ៩ រយ​នាក់​នៅក្នុង​ខេត្តស្វាយរៀង ព្រមទាំង​ប្រមាណ ១ ពាន់​នាក់​ទៀត រកឃើញ​នៅក្នុង​ខេត្ត​ចំនួន ២៣  ផ្សេងទៀត ។ លោកស្រី​បញ្ជាក់ថា ជនជាតិ​វៀតណាម  ដែល​គណបក្ស​ខ្លួន​រកឃើញ​នោះ  សុទ្ធ​តែមាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​។​

​មន្ត្រីជាន់ខ្ពស់​ប្រឆាំង​រូបនេះ បាន​ប្រាប់​ភស្តុតាង​ដែល​បក្ស​ខ្លួន​ចោទថា អ្នក​ទាំង ៥ ពាន់​នាក់​នោះ ជា​ជនជាតិ​វៀតណាម ដោយសារ​ការនិយាយ​សំនៀង​ភាសា​ខ្មែរ​មិន​ច្បាស់ និង​ផ្អែកលើ​ការរាយការណ៍​របស់​ស​កម្ម​ជន​បក្ស​នៅតាម​មូលដ្ឋាន ទូទាំងប្រទេស​។ មន្ត្រី​បក្សប្រឆាំង​រូបនេះ បាន​ចោទ​សួរថា តើ​ជនជាតិ វៀតណាម​ទាំងនោះ មាន​អត្តសញ្ញាណ​បណ្ណ​ខ្មែរ ដោយ​ការប្រកាស​សញ្ជាតូបនីយកម្ម តាមរយៈ​ព្រះរាជក្រឹត្យ​ស្របច្បាប់​ឬទេ​? ទន្ទឹមនឹងនេះ លោកស្រី​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​តវ៉ា​លុបឈ្មោះ​ពួកគេ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត នាពេលខាងមុខ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ទេព នីថា អគ្គលេខាធិការគ​.​ជ​.​ប បាន​ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន​ថា គ​.​ជ​.​ប បាន​ពិនិត្យ និង​ចុះ ឈ្មោះ​អ្នកមាន​អត្ត​ញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ក្នុង​បញ្ជី​បោះឆ្នោត​ត្រឹមត្រូវ​។ តែ​ចំពោះ​បញ្ហា​ជំទាស់​នានា លោក នីថា ដែលចូលរួម​កិច្ចប្រជុំ​ស្តីពី ការត្រៀម​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត បាន​និយាយ​នៅ​ថ្ងៃទី​២៨ ខែធ្នូ​នេះ ថា គ​.​ជ​.​ប នឹង​ផ្តល់ឱកាស​ឲ្យ​គណបក្សនយោបាយ និង​អ្នក​ចុះឈ្មោះ​បោះឆ្នោត ប្តឹងតវ៉ា​ជំទាស់ នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​។ ជាមួយគ្នា​នេះដែរ ​លោកបន្ថែមថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង នឹង​បិទ​ផ្សាយ​ដំបូង ពីថ្ងៃ​ទី​៣ ដល់​១៤ មករា ខាងមុខ ដើម្បី​ឲ្យ​ពួកគេ​ត្រួតពិនិត្យ​ឈ្មោះ​តាម​ឃុំ​-​សង្កាត់​រៀងខ្លួនៗ ហើយ​បើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​មិន​ត្រឹមត្រូវ អាចដាក់​ពាក្យ​ប្តឹង​មក គ​.​ជ​.​ប ឲ្យ​កែតម្រូវ​បាន​។​

​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៧,៨៧៣,១៩៤ ស្មើនឹង​៨១​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​គ្រប់​បោះឆ្នោត​ចំនួន ៩,៦៦៤,២១៦ លាន​នាក់​។ ចំនួន​ដែល​ចុះឈ្មោះ​បាន​ក្នុង​បញ្ជី​ថ្មី​នេះ ថយចុះ​ជិត ២​លាន​នាក់ ធៀប​ទៅនឹង ៩​លាន ២ សែន​នាក់​ដែល គ​.​ជ​.​ប បាន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១២ ៕


Tag:
 ម៉េង សុភា​រី
  បោះឆ្នោត​
  គជប​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com