កីឡាអន្តរជាតិ
អន្តរជាតិ
Okazaki ត្រូវបានអ្នកកាសែតជ្រើសរើសសម្រាប់ពាន Best Footballer in Asia
×
Shinji Okazaki ខ្សែប្រយុទ្ធក្រុមជម្រើសជាតិជប៉ុន និងក្លិប Leicester City នៃក្របខណ្ឌ English Premier League ឈ្នះពានរង្វាន់ជាកីឡាករបាល់ទាត់ឆ្នើមនៅអាស៊ី (Best Footballer in Asia 2016) តាមរយៈការបោះឆ្នោតពីសំណាក់អ្នកកាសែតកីឡាចំនួន៣៨នាក់នៅអាស៊ី។
Shinji Okazaki ទទួលបាន១២៦ពិន្ទុ ដោយលើស Omar Abdulrahman ខ្សែប្រយុទ្ធអារ៉ាប៊ីសាអូឌីត និងក្លិប Al Ain តែ៣ពិន្ទុប៉ុណ្ណោះ។ Son Heung-min ខ្សែប្រយុទ្ធកូរ៉េខាងត្បូង និងក្លិប Tottenham Hotspurs ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដោយបាន១០៩ពិន្ទុ Sardar Azmoun ខ្សែប្រយុទ្ធអឺរ៉ុប និងក្លិប FC Rostov របស់រុស្ស៊ី បាន៤៦ពិន្ទុ និង កីឡាករប្រេស៊ីល Leonardo ដែលលេងឲ្យក្លិបកូរ៉េខាងត្បូង Jeonbuk Hyundai Motors បាន៣៤ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ។ ខ្សែប្រយុទ្ធថៃ Chanathip Songkran ដែលលេងឲ្យក្លិប Muangthong United ស្ថិតចំណាត់ថ្នាក់លេខ១៥ ក្នុងចំណោមកីឡាករ២០នាក់។
ពានរង្វាន់ Best Footballer in Asia ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុនកីឡាចិន Titan Sports ចាប់តាំងពីឆ្នាំ២០១៣មក។ ខ្សែបម្រើជប៉ុន Keisuke Honda បានឈ្នះពានដំបូង ដែលកាលណោះ គេលេងឲ្យក្លិប CSKA Moscow របស់រុស្ស៊ី ហើយ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Hueng-min បានឈ្នះ២ឆ្នាំជាប់ៗគ្នាក្នុងនាមជាកីឡាកររបស់ Bayer Leverkusen និង Tottenham Hotspur។
ពានរង្វាន់ដែលយកលំនាំតាម Ballon d’Or របស់ទស្សនាវដ្តីបារាំង France Football នេះ គឺសំដៅលើកីឡាករអាស៊ីដែលប្រកបអាជីពនៅក្លិបក្នុងតំបន់ និងលើពិភពលោក រួមទាំងកីឡាករបរទេសដែលប្រកបអាជីពនៅប្រទេសដែលជាសមាជិក AFC។
សម្រាប់ឆ្នាំ២០១៦ នេះ Shinji Okazaki គឺជាកម្លាំងដ៏សំខាន់មួយដែលជួយឲ្យ Leicester City លើកពាន English Premier League ជាប្រវត្តិសាស្ត្រ។ Okazaki បានបង្ហាញខ្លួនចំនួន៣៦ប្រកួតក្នុងចំណោម៣៨ប្រកួត។
គណៈវិនិច្ឆ័យដែលជាអ្នកសារព័ត៌មានទាំង៣៨រូបមានមកពីអាហ្វហ្គានីស្ថាន អូស្ត្រាលី បារ៉ែន កម្ពុជា ចិន ឆាយនីស-តៃប៉ិ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ ជប៉ុន ហ្ស៊កដង់ កូរ៉េខាងត្បូង គូវែត លីបង់ ម៉ាកាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា អូម៉ង់ ប៉ាគីស្ថាន ប៉ាឡេស្ទីន ហ្វីលីពីន កាតា អារ៉ាប៊ីសាអូឌីត សិង្ហបុរី ស៊ីរី តាហ្ស៊ីគីស្ថាន ថៃ តួកមេនីស្ថាន អារ៉ាប់រួមអេមីរ៉េត អ៊ូបេគីស្ថាន វៀតណាម និងសមាជិកគណៈវិនិច្ឆ័យ៥រូបផ្សេងទៀតដែលមិនស្ថិតក្រោមចំណុះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)៕
Tag:
Shinji Okazaki
Best Footballer in Asia
© រក្សាសិទ្ធិដោយ thmeythmey.com