អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Duterte គំរាម​ចាប់​មន្ត្រី​ពុករលួយ​បោះ​ទម្លាក់​ពីលើ​ឧទ្ធម្ភាគចក្រ
29, Dec 2016 , 10:30 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបភាព GMA Network)
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបភាព GMA Network)
 
 
​បុរស​ខ្លាំង​របស់​ហ្វីលីពីន Rodrigo Duterte ដែល​បញ្ជា​ឲ្យ​បាញ់​ជនសង្ស័យ​គ្រឿងញៀន​មិន​រើសមុខ បាន​គំរាម​ទម្លាក់​មន្ត្រី​ពុករលួយ​ពីលើ​ឧទ្ធម្ភាគចក្រ បើ​ពួកគេ​មិន​ឈប់​ប្រព្រឹត្ត​អំពើ​នេះ​ទេ​។ លោក Duterte ដែល​ចូលកាន់​តំណែង​បាន​កន្លះ​ឆ្នាំ​ក៏​សារភាពថា លោក​ធ្លាប់​រុញ​ទម្លាក់​អ្នក​ចាប់ជំរិត​មនុស្ស​ម្នាក់​ពីលើ​ឧទ្ធម្ភាគចក្រ​ម្ដង​ដែរ ដូច្នេះ​លោក​នឹងមិន​រុញ​រា​ទម្លាក់​មន្ត្រី​ពុករលួយ​ឡើយ​។  

 
«​ខ្ញុំ នឹង​ចាប់​អ្នក​ដាក់​លើ​ឧទ្ធម្ភាគចក្រ​ហើយ​ហោះ​ទៅ​ក្រុង​ម៉ានីល​។ ហើយ​ខ្ញុំ​នឹង​ធាក់​អ្នក​ទម្លាក់​ពីលើ​ឧទ្ធម្ភាគចក្រ​តែម្ដង​»​។ នេះ​គឺជា​សម្ដី​ព្រមាន​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ចំពោះ​មន្ត្រី​ពុករលួយ ខណៈ​លោក​ធ្វើដំណើរ​ទៅកាន់​តំបន់​រងគ្រោះ​ដោយ​ខ្យល់ព្យុះ Nock-Ten ។ លោក​អះអាងថា លោក​មិន​សូ​ញ​សាញ​ធ្វើ​ដូចនេះ​ឡើយ ព្រោះ​លោក​ក៏​ធ្លាប់​ទម្លាក់​អ្នក​ចាប់ជំរិត​ពីលើ​ឧទ្ធម្ភាគចក្រ​ដែរ​។​
 
​បើតាម​សារព័ត៌មាន The Philippines Star លោក Duterte ដែល​ពេលនោះ​ជា​អភិបាលក្រុង Davao នៅឡើយ បាន​រៀបរាប់ថា លោក​បាន​តាម​ចាប់​ឧក្រិដ្ឋជន ដែល​បាន​ចាប់ជំរិត​ជនជាតិ​ចិន និង​បាន​ធ្វើបាប​ជនរងគ្រោះ បើទោះជា​ពួកគេ​ទទួលបាន​ប្រាក់​បង់​រំ​លោះ​ក៏ដោយ​។ បន្ទាប់ពី​ចាប់បាន លោក​ក៏​បញ្ជា​ឲ្យ​ដឹក​ឧទ្ធម្ភាគចក្រ​ដឹក​ពួកគេ ហើយ​កំណត់​កម្ពស់ និង​ទីតាំង​សម្រាប់​ទម្លាក់​ឧក្រិដ្ឋជន ដើម្បី​កុំ​ឲ្យ​មាន​ចលាចល​។​
 
​ថ្លែង​ទៅកាន់​អ្នកចូលរួម​ជាច្រើន​នាក់​នៅឯ​ខេត្ត Camarines Sur នៅ​ថ្ងៃទី​២៧ ខែធ្នូ លោក Duterte ក៏បាន​ព្រមាន​មន្ត្រី​ពុករលួយ​ទៀតថា យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន នឹង​នៅតែ​ជា​របៀបវារៈ​សំខាន់​នៃ​អាណត្តិ ៦ ឆ្នាំ​របស់លោក ហើយ​លោក​នឹង​ចាត់វិធានការ​ប្រយុទ្ធប្រឆាំង ដូចដែល​លោក​កំពុង​ធ្វើ​លើ​គ្រឿងញៀន​ដូច្នោះ​ដែរ​។ ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នេះ មនុស្ស​ជាច្រើន​ពាន់​នាក់​ត្រូវបាន​សម្លាប់ និង​រង​ការរិះគន់​យ៉ាងខ្លាំង​។​
 
​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​១៤ ធ្នូ លោក Duterte បាន​សារភាពថា លោក​ធ្លាប់​សម្លាប់​ជនសង្ស័យ​បីនាក់ ដែល​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ដោយផ្ទាល់ នៅពេលដែល​លោក ធ្វើជា​អភិបាលក្រុង Davao នោះ​។ លោក បាន​សង្កត់ធ្ងន់ថា លោក​បានធ្វើ​ដំណើរ​ជុំវិញ​ក្រុង Davao តាមរយៈ​ម៉ូតូ និង​ឆ្លៀត​ល្បាត​តាម​ដងផ្លូវ ដោយ​ព្យាយាម​ស្វែងរក​កន្លែង​ដែលមាន​បញ្ហា​។ 
 
​ដោយសារ​ការសារភាព​នេះហើយ ទើប​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ទទូច​ឲ្យ​អាជ្ញាធរ និង​តុលាការ​ហ្វីលីពីន​ចាត់វិធានការ​លើ​ករណី​នេះ​ដើម្បី​ធានា​ពី​នីតិរដ្ឋ និង​ច្បាប់​អន្តរជាតិ​។ ប៉ុន្តែ​សំណើ​នេះ ត្រូវបាន​ហ្វីលីពីន​មិន​អើពើ ហើយ​លោក Duterte ផ្ទាល់ ក៏បាន​ជះ​កំហឹង​ទៅលើ​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដែលមាន​ចេតនា​ចង់​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​លោក​ពីបទ​ឃាតកម្ម​នោះ ដោយ​ប្រើពាក្យ​អសុរោះ ដូចដែល​លោក​ធ្លាប់ប្រើ​ដាក់​មេដឹកនាំ​ដទៃទៀត​៕
 
 
 

Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com