អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​កំពុង​ក្រពុលមុខ ដោយ​ប្រធានាធិបតី​តៃវ៉ាន់​នឹង​ចូល​ទឹកដី​អាមេរិក​ខែក្រោយ
29, Dec 2016 , 9:59 pm        
រូបភាព
​ក្រសួងការបរទេស​តៃវ៉ាន់​បាន​អះអាងថា ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen នឹង​ឆ្លងកាត់​សហរដ្ឋអាមេរិក​នៅ​ខែក្រោយ​មុន​លោកស្រី​បន្តដំណើរ​ទៅកាន់​អាមេរិក​ឡាទីន​។ ចិន​កំពុង​ឃ្លាំមើល​ដោយ​ចិត្ត​ខឹងសម្បារ ហើយ​ចិន​ក៏​បារម្ភ​ផងដែរ​ថា​តៃវ៉ាន់​កំពុង​ស្វះ​ស្វែងរក​ការប្រកាស​ឯករាជ្យ​ជា​ផ្លូវការ  ក្នុងពេល​លោក​ដូ​ណា​ល់ ត្រាំ ដឹកនាំ​អាម​រិ​ក​។​



​ដូច​ការគ្រោងទុក លោកស្រី ប្រធានាធិបតី Tsai Ing-wen នឹង​ចូល​ទឹកដី អាមេរិក មុន​លោកស្រី​បន្ត​ដំណោះ​ទៅ​ទស្សនកិច្ច​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន​នោះ​។ ការបើកទ្វារ​ទទួល​ឲ្យ​មេដឹកនាំ​តៃវ៉ាន់​ចូល​សហរដ្ឋអាមេរិក​នេះ​កំពុង​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ​ខ្លាំង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការបរទេស​តៃវ៉ាន់​បាន​បញ្ជាក់ថា ការចូល​សំចត​នៅ​សហរដ្ឋអាមេរិក​របស់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​នេះ​។ ហើយ​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ការចូល​ឆ្លង​ចូល​ទឹកដី​អាមេរិក​នេះ នឹងត្រូវ​បញ្ចេញ​ជា​សាធារណ​នៅ​ចុង​សប្តាហ៍​នេះ​។

​តាមពិតទៅ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់  Tsai Ing-wen  នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បី​មានដូចជា​នី​កា​រ៉ា​ហ្គា​,​ក្វា​តេ​ម៉ា​ឡា និង​អែល​សាល់​វ៉ា​ឌ័​រ ហើយ​លោកស្រី​ត្រូវ​ចុះ​សំចត​នៅ​ទីក្រុង​ញូវយ៉ក​។

​កាលពីដើម​ខែធ្នូ​នេះ ក្រសួងការបរទេស​ចិន​បាន​ទទូច​សុំ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​បិទ​មិន​ឲ្យ​លោកស្រី ប្រធានាធិបតី​តៃ​វាន់​ចូល​ទឹកដី​អាមេរិក​។ ប៉ុន្តែ​អាជ្ញាធរ​អាមេរិក​បាន​អះអាងថា ការចូល​សំចត​នៃ​យន្តហោះ​របស់លោក​ស្រី​ប្រធានាធិបតី​តៃវ៉ាន់​នឹង​នៅតែ​បន្ត​ស្របតាម​ការអនុវត្ត​ក្នុង​ទំនាក់ទំនង​យូរអង្វែង​របស់​អាមេរិក​ដែល​វា​ស្របតាម​ទំនាក់ទំនង​ដែល​មិន​ផ្លូវការ​របស់​អាមេរិក​និង​តៃវ៉ាន់​នោះ​។ 

​អ្វីដែល​រឹតតែ​ធ្ងន់ធ្ងរ​ជាងនេះទៀត​គឺ លោក​ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​ទល់មុខ​គ្នា​ពេល​លោកស្រី​ចុះចត​នៅ​ក្រុង​ញូវយ៉ក​ទៀតផង​។ វា​ជា​សកម្មភាព​មួយ​ដែល​នឹង​អាច​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​រវាង​ចិន​និង​តៃវ៉ាន់​ជាក់​ជាមិនខាន​។

​មហា​យក្ស​ចិន​ដែល​ឈ្នះ​សង្គ្រាម​ជាមួយ​តៃវ៉ាន់​ឆ្នាំ ១៩៤៩​នោះ មាន​មន្ទិលសង្ស័យ​ខ្លាំង​ថា រដ្ឋាភិបាល​តៃវ៉ាន់​នឹង​ចាប់ផ្តើម​ស្វះ​ស្វែងរក​ការប្រកាស​ឯករាជ្យ​នៅពេល​ខាងមុខ ខណៈដែល​រដ្ឋបាល​ថ្មី​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ មាន​ទំនោរ​គាំទ្រ​កោះ​តៃវ៉ាន់​នេះ​ទៀត​។

​តាមពិតទៅ​សហរដ្ឋអាមេរិក​បាន​ផ្លាស់ប្តូរ​ទំនាក់ទំនង​ការទូត​ដោយ​ឈប់​ទទួលស្គាល់​តៃវ៉ាន់ ដោយ​ងាក​មករក​ចិន​វិញ​ឆ្នាំ ១៩៧៩ ហើយ​អាមេរិក​បាន​សន្យា​ទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ​ដោយ​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​ផងដែរ​។​

​ដោយឡែក ក្រោយ​ជាប់ឆ្នោត លោក ដូ​ណា​ល់ ត្រាំ បាន​ជជែក​ជាមួយ​លោកស្រី Tsai Ing-wen តាម​ទូរ​សព្ទ​កន្លងមក​រហូត​បង្ក​ការក្តៅក្រហាយ​ខ្លាំង​ដល់​ក្រុង​ប៉េកាំង ហើយ អ្វីដែល​រឹតតែ​ធ្ងន់ធ្ងរ​ជាងនេះទៀត​គឺ លោក​ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​ទល់មុខ​គ្នា​ពេល​លោកស្រី​ចុះចត​នៅ​ក្រុង​ញូវយ៉ក​ទៀតផង​។  ប៉ុន្តែ​មិនទាន់មាន​ការបញ្ជាក់​ច្បាស់​ថា លោក​នឹង​ជួប​ប្រធានាធិបតី​តៃវ៉ាន់​ពិត​ឬ​យ៉ាងណា​នោះឡើយ​៕


Tag:
 ​តៃវ៉ាន់​
  Tsai Ing-wen
  ​ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com