ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃ ថា លោក ឌិន ពុ​ទ្ធី រោទិ៍​ម៉ាស៊ីនរថយន្ត បើក​បុក​លោក ឈាន ពិសិដ្ឋ
29, Dec 2016 , 6:28 pm        
រូបភាព
រូបពីហ្វេសប៊ុក
រូបពីហ្វេសប៊ុក
ភ្នំពេញ៖ ក្រោយពី​ពិនិត្យ​លើ​ករណី​ប៉ូលិស​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​រួចមក ក្រសួងមហាផ្ទៃ បាន​វាយតម្លៃ​ករណីនេះ​ថា ម្ចាស់​រថយន្ត​លោក ឌិន ពុ​ទ្ធី មាន​ចេតនា​បើក​រថយន្តបុក​លោក ឈាន ពិសិដ្ឋ មន្ត្រី​ប៉ូលិស​នាយរង​ប៉ុស្តិ៍​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ប៉ោយប៉ែត ។



សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងមហាផ្ទៃ បាន​លើក​តឹកតាង​នៃ​ការស៊ើបអង្កេតមក​ថា ខណៈ​លោក ឈាន ពិសិដ្ឋ បាន​ឃាត់​យក​ម៉ូតូ​របស់លោក អ៊ឹង ឃាន ដែល​បាន​ចត​ទុកចោល​គ្មាន​សណ្ដាប់ធ្នាប់ និង​អប់រំ​ម្ចាស់​ម៉ូតូ​នោះ ស្រាប់តែ​លោក ឌិន ពុ​ទ្ធី បាន​បើករថយន្ត​មក​តវ៉ា និង​អន្តរាគមន៍​ជួយ​ម្ចាស់​ម៉ូតូឌុប​រូបនេះ​តែម្ដង ។ ភ្លាមៗនោះ​លោក ឌិន ពុ​ទ្ធី ក៏បាន​ទាញ​ដៃ​លោក អ៊ឹង ឃាន ចូលក្នុង​រថយន្ត​ខ្លួន ប៉ុន្តែ​ត្រូវបាន​លោក ឈាន ពិសិដ្ឋ ឈ​ររាំង​ពីមុខ​រថយន្ត ដើម្បី​ហៅ​លោក អ៊ឹង ឃាន ឲ្យ​ចុះ​ពី​រថយន្ត​មក​ធ្វើ​កិច្ចសន្យា​ពាក់ព័ន្ធ​នឹង​ករណី​ចត​ម៉ូតូ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ ហើយក៏មានឧបទ្ទវហេតុកើតឡើង ដែលបង្កដោយលោក ឌិន ពុទ្ធី តែម្ដង។

សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី២៩ ធ្នូ​នេះ បាន​បន្ថែមថា៖«ឃើញ​សកម្មភាព​លោក ឌិន ពុ​ទ្ធី បែបនេះ លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាន​ដើរទៅ​ឈរ​ពីមុខ​ឡាន​របស់លោក ឌិន ពុ​ទ្ធី និង​បាន​ហៅ​លោក អ៊ឹង ឃាន ជា​ម្ចាស់​ម៉ូតូ​ឲ្យ​ចេញពី​ឡាន ដើម្បី​ធ្វើ​កិច្ចសន្យា​ស្រាប់តែ​លោក ឌិន ពុ​ទ្ធី រោទិ៍​ម៉ាស៊ីន​ឡាន រួច​បើក​បុក​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ធ្វើ​ឲ្យ​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​សន្លប់​បាត់ស្មារតី»។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​អយ្យការ​អម សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បើក​ការស៊ើបអង្កេត​លើ​ឈ្មោះ ឌិន ពុទ្ធី ពីបទ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា២១៨នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​រួចហើយ។   អយ្យការ​អម​សាលាដំបូង​ខេត្ត នៅតាម​ដាន និង​ជំរុញ​ទៅ​ចៅ​ក្រប​ស៊ើបសួរ​ស្រាវជ្រាវ​រឿងនេះ​ឲ្យ​ច្បាស់លាស់ ដើម្បី​បង្ហាញ​ការពិត និង​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ទាំងសងខាង។

ជុំវិញ​ការចោទប្រកាន់​នេះ ក៏មាន​ក្រុម​អ្នករត់ម៉ូតូឌុប និង​សមាជិក សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​ច្រើន​នាក់ បាន​តវ៉ា​ទាមទា​ឲ្យ​ទម្លាក់​បទ​ចោទ​ខាងលើនេះ និង​ស្នើ​ឲ្យ​ដោះលែង​លោក ឌិន ពុ​ទ្ធី ប្រធាន​សមា គម​ន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ផងដែរ នៅ​ព្រឹក​ថ្ងៃទី២៩ ធ្នូ​នេះ។

វីដេអូ និង​រូបថត ប៉ូលិស ដួលសន្លប់​មុខ​រថយន្ត បាន​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាំងពីព្រឹក​ថ្ងៃទី២២ ខែធ្នូ។ ករណីនេះ កើតឡើង​នៅ​ចំណុច​ស្ពាន​មិត្តភាព​កម្ពុជា ថៃ ក្បែរ​បុ​ស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មន្ត្រី​ប៉ូលីស​ឈ្មោះ ឈាន ពិសិដ្ឋ ក៏បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ ដោយមាន​ស្នាម​ជាំ​ជាប់​ភ្លៅ និង​ដាក់​រណប​បំពង​ករ ហើយក៏​មាន​លិខិតបញ្ជាក់​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ផងដែរ។ តែ​យ៉ាងណា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​បានស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ករណីនេះ បាន​បង្ហោះ​រូបភាព​មន្ត្រី​ប៉ូលីស​ខាងលើ ដោយ​អម​ជាមួយ​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា៖« រឿង​បែបនេះ គេ​សម្តែង​នៅលើ​ឆាក​នៃ​រោងល្ខោន គេ​មិន​សម្តែង​នៅ​ផ្លូវថ្នល់​ទេ»៕




Tag:
 ក្រសួងមហាផ្ទៃ
 ឌិន ពុ​ទ្ធី
 ប៉ូលីស
© រក្សាសិទ្ធិដោយ thmeythmey.com