អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
១០​ឆ្នាំក្រោយ​ការស្លាប់​របស់​សា​ដាម ហ៊ូ​សេន អ៊ីរ៉ាក់​នៅតែ​គ្មាន​សន្តិភាព​និង​បែកខ្ញែក​
30, Dec 2016 , 9:19 pm        
រូបភាព
មេដឹកនាំអ៊ីរ៉ាក់ Saddam Hussein អំឡុងពេលកាត់ក្ដី
មេដឹកនាំអ៊ីរ៉ាក់ Saddam Hussein អំឡុងពេលកាត់ក្ដី
 
 
​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ ជា​ខួប​លើក​ទី​១០ ដែល​អតីត​ប្រធានាធិបតី សា​ដាម ហ៊ូ​សេន ត្រូវបាន​តុលាការ​អ៊ីរ៉ាក់​ប្រហារជីវិត​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០០៦ ។ សា​ដាម ហ៊ូ​សេន បាន​គ្រប់គ្រង​អ៊ីរ៉ាក់​ចាប់ពី​ខែកក្កដា ឆ្នាំ​១៩៧៩ ដល់​ខែមេសា ឆ្នាំ​២០០៣ ដោយសារ​ការឈ្លានពាន​របស់​កងទ័ព​អាមេរិក ដែល​ចោទ​អ៊ីរ៉ាក់​ថា កំពុង​អភិវឌ្ឍ​អាវុធ​ប្រល័យ​លោក​។ ១០​ឆ្នាំ​មកនេះ អ៊ីរ៉ាក់ ជួបប្រទះ​បញ្ហា​មិនចេះចប់ ហើយ​ធ្ងន់ធ្ងរ​បំផុត​នោះ គឺ​ការកកើត​ក្រុម​រដ្ឋ​ឥស្លាម​។​

 
​ក្រោយពី​អស់តំណែង​ក្នុង​ឆ្នាំ​២០០៣ អតីត​ប្រធានាធិបតី សា​ដាម ហ៊ូ​សេន ត្រូវបាន​តុលាការ​អ៊ីរ៉ាក់ ដែល​បង្កើត​ដោយ​រដ្ឋបាល​អ៊ីរ៉ាក់​ថ្មី​មាន​អាមេរិក​នៅ​ពីក្រោយ កាត់ទោស​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ជុំវិញ​ការស្លាប់​មនុស្ស​១៤៨​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើឃាត​លោក​ក្នុង​ឆ្នាំ​១៩៨២​។ លោក​ត្រូវបាន​កាត់ទោស​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០០៦ និង​ត្រូវបាន​ប្រហារជីវិត​ដោយ​ព្យួរ​កនៅ​ថ្ងៃទី​៣០ ខែ​ធ្នួ ឆ្នាំ​ដដែល​។  
 
​ប្រធានាធិបតី George W. Bush បាន​និយាយ​ក្រោយ​ការព្យួរ​ក ថា លោក សា​ដាម ហ៊ូ​សេន ទទួលបាន​ការកាត់ទោស​ប្រកបដោយ​យុត្តិធម៌ បើទោះជា​លោក​ធ្លាប់​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ខ្លួនឯង​ក៏ដោយ​។ លោក George W. Bush បន្ថែមថា ការទទួលបាន​ការកាត់ក្ដី​ដោយ​យុត្តិធម៌ មិនមាន​ឡើយ​ក្រោម​ការគ្រប់គ្រង​របស់ សា​ដាម ហ៊ូ​សេន ។​
 
​យ៉ាងណាក្ដី ១០​ឆ្នាំ​មកនេះ បើ​ងាក​ទៅ​មើល​ស្ថានភាព​អ៊ីរ៉ាក់​វិញ គេ​ប្រហែលជា​នឹក​ស្ដាយ​ជីវិត​ក្រោម​ការគ្រប់គ្រង​របស់ សា​ដាម ហ៊ូ​សេន ។ ស្ដាយ​ត្រង់​ថា ប្រជាជន​នៅតែ​អាច​ប្រកប​របរ​រកស៊ី អាច​ដើរហើរ​បាន​ស្រួល បើទោះជា​ត្រូវបាន​រដ្ឋាភិបាល​រិត​ត្បិត​សិទ្ធិសេរីភាព​ក្ដី​។ ផ្ទុយស្រឡះ​ពី​គោលដៅ​ទម្លាក់​លោក សា​ដាម ប្រជាជន​អ៊ីរ៉ាក់ ត្រូវ​រត់​ភៀសខ្លួន​ពី​ការប្រយុទ្ធ​គ្នា និង​ការបែកបាក់​សង្គម​ជាដើម​។​
 
​បន្ទាប់ពី​កងទ័ព​អាមេរិក​ដកចេញ​ពី​ទឹកដី​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០១១ បញ្ហា​ដ៏​ធំ​មួយ​ក៏​លេចឡើង​ព្រម​គ្នា គឺ​ការកើតឡើង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា អះអាងថា​៖ «​អាមេរិក​ចាកចេញ ដោយ​បន្សល់ទុក​អ៊ីរ៉ាក់ ដែលមាន​អធិបតេយ្យ ស្ថិរភាព និង​អាច​ពឹង​ផ្អែកលើ​ខ្លួនឯងបាន​»​។ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ISIS លេច​ជា​រូបរាង​ក្នុង​ឆ្នាំ​២០១៣ និង​បាន​ឆ្លៀតឱកាស​នៃ​ការបែកបាក់​ក្នុងប្រទេស ដើម្បី​ប្រមូលផ្ដុំ​អំណាច​របស់ខ្លួន​។​
 
​ក្រោយមក ក្រុម ISIS ក៏បាន​ដណ្ដើមបាន​ទឹកដី​យ៉ាងច្រើន​ពី​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​អ៊ីរ៉ាក់ ដែល​ទន់ខ្សោយ​។ ក្នុង​ខែឧសភា ឆ្នាំ​២០១៤ ក្រុម​ជ្រុលនិយម​នេះ ដណ្ដើមបាន​ទីក្រុង Mosul ដែលជា​ទីក្រុង​ធំ​របស់​អ៊ីរ៉ាក់ និង​បាន​បណ្ដេញ​កងទ័ព​អ៊ីរ៉ាក់​ចំនួន​៣​ពាន់​នាក់ ដែល​ត្រូវបាន​ហ្វឹកហ្វឺន និង​ផ្គត់ផ្គង់​អាវុធ​ដោយ​អាមេរិក​។ រដ្ឋបាល​លោក អូ​បា​ម៉ា ក៏បាន​ប​ញ្ជួ​ន​ទ័ព​មួយចំនួន​ត្រឡប់មក​អ៊ីរ៉ាក់ ដើម្បី​ធ្វើជា​ជំនាញ​ក្នុងការ​វាយបក​លើ​ក្រុម​រដ្ឋ​ឥស្លាម​។​
 
​ក្រោម​ជំនួយ​របស់​កងទ័ព​អាមេរិក កងទ័ព​អ៊ីរ៉ាក់ អាច​ដណ្ដើម​ទឹកដី​មកវិញ​បាន​ខ្លះ ខណៈ​ក្រុម​រដ្ឋ​ឥស្លាម បាន​ទន់​ដៃ​ប្រយុទ្ធ​យ៉ាងខ្លាំង​។ ប៉ុន្តែ​ជារួម ស្ថានការណ៍​អ៊ីរ៉ាក់ នៅតែ​មិនទាន់​នឹងន នឹង​ជួប​បញ្ហា​ជាច្រើន​ដែល​រាប់ទាំង​ជ​ម្ល​នយោបាយ​រវាង​និ​យ​កាយ​ស៊ូ​នី និង​ក្រុម​និកាយ​ស៊ី​អ៊ី​ត​៕  
 
 
 
    
 
 

Tag:
 អ៊ីរ៉ាក់​
  អាមេរិក​
  Saddam Hussein
© រក្សាសិទ្ធិដោយ thmeythmey.com