អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Duterte ៖ ខ្ញុំ​ចុះ​ចេញពី​តំណែង​ភ្លាម បើ​សាច់ញាតិ​ខ្ញុំ​ប្រព្រឹត្តិ​អំពើពុករលួយ​
30, Dec 2016 , 10:59 pm        
រូបភាព
 
 
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានបង្ហាញ​មោទនភាព​របស់លោក ជុំវិញ​ការបង្ក្រាប​អំពើពុករលួយ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​អាណត្តិ​របស់លោក​។ លោក​ក៏​សារភាព​ដែរ​ថា លោក​ធ្លាប់​បន្ទោស​មន្ត្រី​ខុស​លើ​បញ្ហា​អំពើពុករលួយ​នេះ ទាំង​ពួកគេ​គ្មាន​កំហុស​អ្វី​សោះ​។ ប៉ុន្តែ​លោក​សុខចិត្ត​បន្ទោស​ពួកគេ​ខុស តែ​មិន​ឲ្យ​មន្ត្រី​ខិលខូច​រួចខ្លួន​ឡើយ សូម្បីតែ​សាច់ញាតិ​របស់លោក​ក៏ដោយ​។

 
៦​ខែ​នៃ​ការ​កាន់តំណែង​ប្រធានាធិបតី​របស់លោក Rodrigo Duterte សមិទ្ធផល​ជាច្រើន​បាន​លេច​រូបរាង​ជាពិសេស​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន និង​ការ​បោសសម្អាត​អំពើពុករលួយ​តែម្ដង​។ មន្ត្រី​ជាច្រើន​នាក់ ត្រូវបាន​លោក Duterte បណ្ដេញ​ចេញពី​តំណែង និង​ខ្លះទៀត​ត្រូវបាន​ស្ដីបន្ទោស​ជា​សាធារណៈ​ទៀត​។ ប៉ុន្តែ​មន្ត្រី​ទាំងនោះ មិនមែន​សុទ្ធ​តែមាន​កំហុស​ឡើយ ដ្បិត​ពេលខ្លះ​លោក​ទទួល​ព័ត៌មាន​មិន​ច្បាស់​ផងដែរ​។​
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Rappler នៅ​ថ្ងៃទី​២៩ ខែធ្នូ ប្រធានាធិបតី​រូបនេះ​និយាយថា លោក​នឹង​និយាយ​សុំទោស ប្រសិនបើ​លោក​មាន​កំហុស​ដោយ​បណ្ដេញ​មន្ត្រី​សុច្ចរិត​។ ហើយ​បន្ទាប់​សុំទោស​រួច អ្វីៗ​ក៏​ចប់​ដែរ​។ លោក Duterte បន្តថា លោក​សុខចិត្ត​មាន​កំហុស​ក្នុងការ​ចោទប្រកាន់ថា​មន្ត្រី​ណា​ម្នាក់​ប្រព្រឹត្តិ​អំពើពុករលួយ ជាជាង​មិន​ខ្វល់​ពី​ពាក្យ​ចោទប្រកាន់​ទាំងស្រុង​នោះ​។​
 
​ចាប់តាំងពី​ចូលកាន់​តំណែង​ក្នុង​ខែឧសភា​មក​នោះ ប្រធានាធិបតី​រូបនេះ តែងតែ​និយាយ​ចោទប្រកាន់​ជា​សាធារណៈ​លើ​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​ករណី​ពុករលួយ​របស់​ពួកគេ​។ មិន​ត្រឹមតែ​មន្ត្រី​ធម្មតា​ឡើយ សូម្បី​មន្ត្រី​មាន​ទំនាក់ទំនង​សាច់ញាតិ​ជាមួយ​លោក ក៏​ត្រូវបាន​បណ្ដេញចេញ​ពី​តំណែង​ដែរ​។ ថ្មីៗ​នេះ លោក​បាន​បញ្ឈប់​មន្ត្រី​អន្តោប្រវេសន៍​ពីរ​នាក់ ដែលជា​បងប្អូន​របស់​លោក និង​មន្ត្រី​រាប់​បញ្ញត្តិ​ករ​ជាច្រើន​នាក់​ទៀត​។ 
 
«​ខ្ញុំ​សន្យាថា ខ្ញុំ​នឹង​គោ​ព​ច្បាប់​ឲ្យ​ខ្ជាប់ខ្ជួន​។ ខ្ញុំ​នឹងមិន​ប្ដូរ​ជំហរ​ដោយសារ​អ្នកណា​ឡើយ​។ ប្រសិនបើ​សាច់ញាតិ​របស់ខ្ញុំ​ណា​ម្នាក់ ប្រព្រឹត្តិ​អំពើពុករលួយ​ក្នុង​រដ្ឋាភិបាល ខ្ញុំ​នឹង​លាលែង​ពី​តំណែង​ប្រធានាធិបតី​»​។ នេះ​ជាការ​សន្យា​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ជុំវិញ​ការ​បោសសម្អាត​អំពើពុករលួយ​នៅក្នុង​អាណត្តិ​របស់លោក​។  
 
​យ៉ាងណាមិញ លោក​បញ្ជាក់ដែរថា ការចោទប្រកាន់​ណាមួយ ត្រូវធ្វើឡើង​តាមរយៈ​ការិយាល័យ​សវនកម្ម មិនមែន​តាម​ពាក្យ​ច​ចាម​អារាម​ឡើយ​។ ៦​ខែ​មកនេះ លោក Duterte បាន​ចាត់វិធានការ​ជាច្រើន​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដូចជា ការបង្កើត​ខ្សែ​ទូរ​សព្ទ​ពិសេស ៨៨៨៨ ដើម្បី​ឲ្យ​ប្រជាជន​ប្ដឹង​ពី​ករណី​ពុករលួយ ក៏ដូចជា​ការចេញ​បញ្ជា​ស្ដីពី​សេរីភាព​បញ្ចេញមតិ ដែល​អាច​ឲ្យ​ការរាយការណ៍​ពី​ករណី​ពុករលួយ ប្រព្រឹត្តិ​ទៅដោយ​រលូន​ដែរ​៕ 
 
 
 
 

Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com