អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ពូ​ទីន មិន​បណ្តេញ​មន្ត្រី​ទូត​អាមេរិក​ទេ តែ​សោកស្តាយ​ដែល អូ​បា​ម៉ា បញ្ចប់​ការងារ​បែបនេះ​
30, Dec 2016 , 8:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​រុស្ស៊ី​បាន​បញ្ជាក់ថា រុស្ស៊ី​មិន​បណ្តេញ​អ្នកការទូត​អាមេរិក​ចេញ​ដើម្បី​សងសឹក​ការបណ្តេញ​អ្នកការទូត​ខ្លួន​ពី​អាមេរិក​ឡើយ​។ លោក​បាន​បន្ថែមថា ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​នឹងត្រូវ​កំណត់​ឬ​អាច​ស្តារឡើងវិញ​កម្រិតណា អាស្រ័យ​លើ គោលនយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​លោក ដូ​ណា​ល់ ត្រាំ ប៉ុណ្ណោះ​។ 

​ថ្វីបើ​ត្រួវ​ទទួល​កាដូ​ឆ្នាំ​ថ្មី​ជា​ទណ្ឌកម្ម​និង​ការប្រមាថ​ដោយ​ការបណ្តេញ​មន្ត្រី​ទូត​ខ្លួន​មក​ស្រុក​វិញ​ក៏ដោយ លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្យាយាម​រងាប់​អារម្មណ៍​និង​សម្រេច​ថា​មិន​សងសឹក​អាមេរិក​វិញ​ដោយ​បណ្តេញ​មន្ត្រី​ទូត​អាមេរិក​ឡើយ​។  លោក​ឆ្លៀត​ចម្អក​ឲ្យ​អាមេរិក​ថា លោក​មិន​ដែរ​ប្រើ​«​នយោបាយ​ការទូត​កំប៉ិកកំប៉ុក​ដូច​រឿង​ផ្ទះបាយ​»​ដែល​គ្មាន​ទំនួល​ខុសត្រូវ​ឡើយ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ពូ​ទីន​បានបញ្ជាក់​ច្បាស់​ថា រុស្ស៊ី​មិន​យក​កំហឹង​ទល់​កំហល់ ហើយ​បណ្តេញ​អ្នកការទូត​អាម​រិ​ក​៣៥ នាក់ និង​ក្រុមគ្រួសារ​ចេញពី​រុស្ស៊ី​ឡើយ ទោះជា​រដ្ឋមន្ត្រីការបរទេស​លោក​បានស្នើ​ឲ្យ​លោក​ធ្វើ​បែប​នោះ​ក្តី​។ លោក​បកស្រាយ​ថា​លោក​មិន​ចង់​បង្កើត​បញ្ហា​ដល់​មន្ត្រីការទូត​អាមេរិក ព្រោះតែ​ចង់​ឈ្នះ​ចាញ់​ឡើយ​។ ផ្ទុយទៅវិញ​លោក ឆ្លៀត​អញ្ជើញ​កូនមន្ត្រី​ទូតអាមេរិក​ទាំងនោះ​ទៅ​ចូលរួម​ពិធីបុណ្យ​ឆ្លង​ឆ្នាំ និង​គ្រិស្មាស​នៅ​វិមាន​ក្រេ​ម​ឡាំង​ទៀតផង​។  
 
​យ៉ាងណាក៏ដោយ​លោក ពូ​ទីន នៅ​រក្សា​សិទ្ធិ​តបត​វិញ​បើ​ចាំបាច់ ហើយ​លោក​ពន្យល់​បន្ថែមថា ទំនាក់ទំនង​គ្រប់យ៉ាង​រវាង​អាមេរិក​និង​រុស្ស៊ី​នឹងត្រូវ​ពឹងពាក់​លើ​គោលនយោបាយ​របស់លោក ដូ​ណា​ល់ ត្រាំ​។​
«​ខណៈដែល​យើង​រក្សា​សិទ្ធិ​តបត យើង​នឹងមិន​ឈានទៅ​ប្រើប្រាស់​នយោបាយ​ការទូត​ផ្ទះបាយ​ដែល​គ្មាន​ទំនួល​ខុសត្រូវ​បែបនេះ​ឡើយ​។ ហើយ​រាល់​ជំហាន​នានា​ក្នុងការ​ស្តារ​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​នឹងត្រូវ​ធ្វើឡើង​ផ្អែក​តាម​គោលនយោបាយ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។​
 
​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​ជឿជាក់ថា គោលនយោបាយ​ដែល​មិនគួរ​ស្វាគមន៍​របស់​រដ្ឋបាល​ជិត​ផុត​អាណត្តិ​ជាការ​បង្ករឿង​មួយ​ដែល​វា​មាន​គោលដៅ​ជាន់ពន្លិច​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក​តែម្តង​។ លោក​ក៏​ចាត់ទុកថា វា​ជា​គោលជំហរ​មួយ​ដែល​ផ្ទុយស្រឡះ​ពី​ការ​ឈានទៅ​រក្សា​ប្រយោជន៍​រវាង​មហាអំណាច​ទាំងពីរ ហើយ​លោក​សោកស្តាយ​ដែល​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានបញ្ចប់​ការងារ​របស់ខ្លួន​ក្នុងស្ថានភាព​ដូច្នេះ​។​
 
​សូមបញ្ជាក់​បន្តថា  នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ ធ្នូ​ម្សិលមិញ រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រុស្ស៊ី​ក្នុងនោះ​មាន​ទាំង​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ជាង​៣០​នាក់​ចេញពី​អាមេរិក​និង​បិទ​មិន​ឲ្យ​ដំណើរការ​ទីតាំង​ដែល​កម្មសិទ្ធិ​រុស្ស៊ី​ពីរ​កន្លែង​ថែម​ទៀតផង​។ អាមេរិក​អះអាងថា​វា​ជា​វិធានការ​សងសឹក​រុស្ស៊ី​ដែល​បាន​លូកលាន់​ចូលក្នុង​ការបោះឆ្នោត​អាមេរិក​កន្លងមក​៕
 
 

Tag:
 វ្ល៉ា​ឌី​មៀ ពូ​ទីន​
 ​បារ៉ាក់ អូបាម៉ា
 ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com