ត្រាំ ចង់​លុប Obamacare តែ​អូ​បា​ម៉ា ប្រាប់​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ឲ្យ​ជួយ​ការពារ​
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


អន្តរជាតិ, ​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ ចង់​លុប Obamacare តែ​អូ​បា​ម៉ា ប្រាប់​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ឲ្យ​ជួយ​ការពារ​
អត្ថបទ : តន ចាន់​រិ​ទ្ធា​រ៉ា       January-05-2017, 3:54 pm         15875
រូបភាព
​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អំពាវនាវ​ដោយផ្ទាល់​ទៅកាន់​សមាជិកសភា​មកពី​បក្ស​ប្រជាធិបតេយ្យ ឲ្យ​ជួយ​ការពារ​ច្បាប់​សុខាភិបាល Obamacare ដែល​កំពុង​រង​ការ​គំរាម​លុបចោល​ពី​សំណាក់​ក្រុម​សាធារណរដ្ឋ​។ ក្រុម​សាធារណរដ្ឋ ដែល​មិន​ពេញ​ចិត្តនឹង​ច្បាប់​នេះ​តាំងពីដើម​មក​នោះ ប្រកាស​ហើយ​ថា នឹង​លុបចោល​ច្បាប់​នេះ ដ្បិត​ពួកគេ​មាន​សំឡេង​ភាគច្រើន​នៅ​សភា​ទាំងពីរ​ជាន់​រួចទៅហើយ​។ ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ ទំនងជា​មិន​បោះបង់​កេរដំណែល​របស់លោក អូ​បា​ម៉ា ឡើយ​។​


​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​៤ ខែធ្នូ បានធ្វើ​ដំណើរ​ដោយ​កម្រ​មួយ​ទៅកាន់​វិមាន Capitol នៃ​សភា​អាមេរិក​។ លោក បាន​ជួប​ជាមួយ​បណ្ដា​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ និង​បាន​ទទូច​ពួកគេ​ឲ្យ​ជួយ​រារាំង​ក្រុម​អ្នក​សាធារណរដ្ឋ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ពី​ការលុបចោល​ច្បាប់​សុខាភិបាល Obamacare ។ លោក អូ​បា​ម៉ា ដែល​នឹងត្រូវ​ចាកចេញ​នៅ​១៥​ថ្ងៃ​ខាងមុខ កំពុង​ព្យាយាម​អស់ពី​សមត្ថភាព ដើម្បី​ប្រយុទ្ធ​ក្នុង​សមរភូមិ​ការពារ​មរតក​របស់​លោក​។

​បើតាម​សារព័ត៌មាន BBC សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ Elijah Cummings បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ប្រធានាធិបតី​ចប់​អាណត្តិ បាន​ប្រាប់​ឲ្យ​សមាជិកសភា​ទាំងពីរ​នៃ​បក្ស​ប្រជាធិបតេយ្យ ជួយ​ការពារ​សមិទ្ធ​ផលរប​ស់លោក​។ យ៉ាងណាក្ដី សមាជិក​បក្ស​ប្រជាធិបតេយ្យ ទំនងជា​ពិបាក​ក្នុង​ការពារ​ច្បាប់ Obamacare នេះ ដ្បិត​ពួកគេ​មិនមាន​សំឡេង​ភាគច្រើន​ឡើយ​ទាំង​នៅ​រដ្ឋសភា និង​នៅ​ព្រឹទ្ធសភា​។​

​ការប្រឈមមុខ​រវាង​បក្ស​ទាំងពីរ​ជុំវិញ​ច្បាប់​ខាងលើ លេច​រូបរាង​កាន់តែខ្លាំង​ដល់​កម្រិត​កំពូល​នៅ​ថ្ងៃទី​៤ ខែមករា ខណៈដំណើរ​របស់លោក អូ​បា​ម៉ា ទៅកាន់ Capitol ក៏​ជួន​នឹង​ដំណើរ​របស់​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត Mike Pence ដែរ​។ ដូចគ្នា​នឹង​លោក​អូ​បា​ម៉ា លោក Pence ទៅកាន់​វិមាន Capitol ដើម្បី​សមាជិកសភា​ទាំងពីរ​ជាន់​នៃ​បក្ស​សាធារណរដ្ឋ ឲ្យ​ប្រុងប្រៀប​ចាត់វិធានការ​លុបចោល​ច្បាប់ Obamacare តែម្ដង​។​

​ថ្លែង​បន្ទាប់ពី​ជំនួប​ជាមួយ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​រួចមក លោក Pence បាន​ប្រាប់​អ្នកកាសែត​ថា រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ចាត់ទុក​ការលុបចោល Obamacare ជា​អាទិភាព​ទីមួយ ហើយ​លោក នឹង​រក​គោលការណ៍​ថ្មី​ដើម្បី​ជំនួស​ច្បាប់​របស់​ប្រធានាធិបតី​ចប់​អាណត្តិ អូ​បា​ម៉ា​។ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ទេ​ថា រដ្ឋបាល​ថ្មី​របស់លោក ត្រាំ ឬក៏​ក្រុម​សាធារណរដ្ឋ យក​អ្វី​ជំនួស Obamacare ដែល​កំពុង​ជួយ​ប្រជាជន​រាប់​នាក់​នោះដែរ​។​

​ប្រធានរដ្ឋសភា​មកពី​បក្ស​សាធារណរដ្ឋ Paul Ryan ក៏​និយាយ​ដែរ​ថា​៖« យើង​នឹង​ជំនួស​វា​ដោយ​អ្វី​ថ្មី និង​ប្រសើរ​ជាង​នេះ ហើយ​ក្នុងពេល​អន្តរកាល​នេះ គេ​ត្រូវ​ធានាថា ប្រជាជន​ទាំងអស់​នឹងមិន​រង​ផលប៉ះពាល់​អ្វី​ទេ​»​។​

 តាមពិតទៅ​នៅ​ថ្ងៃទី​៤ ដដែល​នោះ ព្រឹទ្ធសភា​អាមេរិក ដែល​គ្រប់​ដណ្ដប់​ដោយ​ក្រុម​សាធារណរដ្ឋ បានចាប់ផ្ដើម​ជំហាន​ទី​១ របស់ខ្លួន​ដោយ​បោះឆ្នោត​ដោយ​សំឡេង​៥១ ទល់នឹង​៤៨ បើកផ្លូវ​ឲ្យ​មានការ​ដេញដោល​ដំណោះស្រាយ​ហិរញ្ញវត្ថុ ដែល​សំដៅ​កាត់ផ្ដាច់​ធនធាន​នៃ​ច្បាប់ Obamacare តែម្ដង​៕

Tag:
 ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ObamaCare
   រក្សាសិទ្ធិដោយ thmeythmey.com  
ព័ត៌មានដែលទាក់ទង
ព័ត៌មានចម្រុះ
3 hrs - 343
​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ថ្ងៃទី​១៦ មករា​នេះ បាន​ព្រលះ​មី​យ៉ាន់​ម៉ា​ជាថ្មី​ក្នុង​វេទិកា​ប្រទេស​ឥស្លាម​លើ​បញ្ហា​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ថែមទាំង​ទទូច​ឲ្យ​ប្រទេស​ឥស្លាម​ចូលរួម​គ្នា​ដើម្បី​បញ្ចប់​សកម្មភាព​ធ្វើ​ទុក​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុម​នោះ​។ នេះ គឺ​សេចក្តីថ្លែងការណ៍​មិន​ពេញចិត្ត​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​ធ្វើ​ឡើងជា​លើក​ទី​ពីរ​ហើយ​ទៅ​មិត្ត​អាស៊ាន​មី​យ៉ាន់​ម៉ា​នោះ​។
5 hrs - 3158
​ប្រធានាធិបតី​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជួប​ផ្តែរ​ផ្តាំ​អ្នកសារព័ត៌មាន​ប្រចាំ​សេត​វិមាន​ដែល​ធ្លាប់​បំពេញការងារ​អស់​រយៈពេល ៨​ឆ្នាំកន្លងមក​ជា​លើកចុងក្រោយ​នៅ​ថ្ងៃ​ពុធ​ទី ១៨ មករា​។លោក​បាន​ថ្លែងអំណរគុណ និង​ប្រាប់​អ្នកសារព័ត៌មាន​ទាំងនោះ​ថា ពួកគេ​បានធ្វើ​ឲ្យ​គ្រប់យ៉ាង​ប្រសើរឡើង ហើយ​ប្រជាជន​និង​ប្រជាធិបតេយ្យ​អាមេរិក​មិនអាច​ខ្វះ​ពួកគេ​បានឡើយ​។ លោក​បាន​ទទូច​ឲ្យ​អ្នកសារព័ត៌មាន​បន្តធ្វើ​កិច្ចការ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជំរុញ​ឲ្យ​អាមេរិក​ដើរទៅ​មុខ​ហើយ​លោក​ធានាថា គ្រប់យ៉ាង​នឹង​ល្អប្រសើរ​នៅពេល​ខាងមុខ​។
5 hrs - 522
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​ជាថ្មី​ម្តងទៀត​ដើម្បី​ចូលរួម​កិច្ចប្រជុំ​វេទិកា​នៃ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវ៉ាត់​មួយ និង​វី​ថី​មួយ​» ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក ឌើ​ទើ​តេ ក៏រ​ពឹង​ថា​នឹង​អាច​ជួប​ជាមួយនឹង​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង​ជាថ្មីទៀត​ផងដែរ​។
6 hrs - 1070
​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការលើកលែងទោស​ដ៏​ភ្ញាក់ផ្អើល​ដល់​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ដល់​អ្នក​វិភាគ​ស៊ើបការណ៍​សម្ងាត់​យោធា​ម្នាក់​ដែល​បានធ្វើ​ឲ្យ​បែកធ្លាយ​ឯកសារ​របស់​យោធា​។
9 hrs - 4588
​នៅសល់​មិន​ដល់​៤៨​ម៉ោង​ឡើយ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​ភរិយា​លោក​ស្រី្ត​ទីមួយ Michelle Obama រួមជាមួយ​បុត្រី​ទាំងពីរ​នឹង​ចាក​ចេញពី​សេត​វិមាន​ហើយ​។ លោកស្រី Michelle បាន​អរគុណ​ស្វាមី​លោកស្រី និង​បញ្ជាក់ថា លោកស្រី​មាន​កិត្តិយស​បំផុត​ដែល​បាន​ធ្វើជា​ស្ត្រី​ទីមួយ​។ 

19 Jan 2017