អន្តរជាតិ
រុស្ស៊ី ចង់​ធ្វើ​សមយុទ្ធ​យោធា​ជាមួយនឹង​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​
06, Jan 2017 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​អះអាងថា រុស្ស៊ី ចង់​ធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ហ្វីលីពីន ចិន និង​ម៉ាឡេស៊ី​ក្នុង​គោលដៅ​លើកកម្ពស់​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​សកម្មភាព​ចោរ​សមុទ្រ​នៅ​ទីនោះ​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង ស្រប​នឹង​វត្តមាន​របស់​នាវា​ប្រឆាំង​នាវាមុជទឹក​ពីរ​គ្រឿង​របស់​រុស្ស៊ី បាន​ចូល​ចត​លើកដំបូង​ក្នុង​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន​។



​លោក​មេបញ្ជាការរង​រុស្សី​ប្រចាំ​ប៉ាស៊ីហ្វិក Mikhailov នៅ​ថ្ងៃទី​៤ មករា នា​សន្និសីទ​ក្នុង​ក្រុង​ម៉ានីល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង សង្ឃឹមថា នៅ​ពីរ​ឬ​បី​ឆ្នាំ​ទៅមុខទៀត លំ​ហាត់​យោធា ... នៅក្នុង​តំបន់​របស់​អ្នក​(​ហ្វីលីពីន​) និង​សមុទ្រ​ចិន​ខាងត្បូង នឹងមាន​ការចូលរួម​កាន់តែច្រើន ដែល​មិន​មែនមាន​ត្រឹមតែ​រវាង​រុស្ស៊ី និង​ហ្វីលីពីន ក៏ប៉ុន្តែ ក៏មាន​ចិន និង​ម៉ាឡេស៊ី​ផងដែរ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Jakarta Post​។

​លោក Mikhailov បាន​បន្ថែមទៀតថា រុស្ស៊ី នឹងចូលរួម​ជាមួយ​ដើម្បី​ធានា​ពី​សុវត្ថិភាព​ដែនសមុទ្រ​ដែលមាន​បញ្ហា​ចម្បង​ខ្លាំង ដែល​រួមមាន​ភេរវកម្ម និង​ចោរ​សមុទ្រ​នោះ ហើយ រុស្ស៊ី នឹង​បង្ហាញ​នូវ​អ្វី រុស្ស៊ី អាចធ្វើ​បាន និង​រង់ចាំ​មើលថា ប្រទេស​នៅក្នុង​តំបន់​(​ហ្វីលីពីន ចិន និង​ម៉ាឡេស៊ី​) អាច​ធ្វើបាន​អ្វីខ្លះ​ផងដែរ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ថ្ងៃទី​៣ ខែធ្នូ កន្លងទៅ កប៉ាល់ចម្បាំង​ប្រឆាំង​នាវាមុជទឹក Admiral Tributs និង​កប៉ាល់ Boris Butoma នៃ​កងទ័ពជើងទឹក​រុស្ស៊ី ដែលជា​ប្រភេទ​នាវាចម្បាំង​ប្រឆាំង​នាវាមុជទឹក បាន​ចូល​ចត និង​ផ្តើម​ទស្សនកិច្ច​សុ​ឆន្ទៈ​នៅ​ទឹកដី​ហ្វីលីពីន​ជា​លើកដំបូង​រយៈពេល​បួន​ថ្ងៃ​។

​តាមរយៈ​វត្តមាន​នាវាចម្បាំង​នៅក្នុង​ទឹកដី​ហ្វីលីពីន​នោះដែរ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បានបង្ហាញ​ពី​ចេតនា ក្នុងការ​ក្លាយជា​ដៃគូ និង​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ប្រទេស​សមាជិក​អាស៊ាន​ហ្វីលីពីន​ផងដែរ​។ ក្នុងនោះ រុស្ស៊ី បាន​សន្យា​ផ្គត់ផ្គង់​សព្វាវុធ​ជាច្រើន​ប្រភេទ​ដល់​ហ្វីលីពីន​ដើម្បី​ពង្រឹងសមត្ថភាព ដែល​រួមមាន​ទាំង​យន្តហោះ ឧ​ទ្ធ​ម្ភា​រ​ចក្រ នាវាមុជទឹក និង​អាវុធ​ធុន​តូច​មួយចំនួន​ផ្សេងទៀត​។

​សូម​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ កន្លងមក ដោយសារតែ​ភាពមិន​ដាច់ស្រេច​នៃ​ដំណោះស្រាយ​រួម អាមេរិក ដែល​មិនមាន​ទឹកដី​ជាប់​សមុទ្រ​ចិន​ខាងត្បូង​នោះ ក៏បាន​បង្ហាញ​វត្តមាន​នាវាចម្បាំង និង​យន្តហោះ​ស៊ើបការណ៍​មកកាន់​តំបន់​ជម្លោះ​ក្រោម​ហេតុផល​ច្បាប់​អន្តរជាតិ​ផងដែរ​។ បើ​រុស្ស៊ី ពិតជា​នឹងមាន​វត្តមាន​ក្នុង​សមយុទ្ធ​យោធា​សមុទ្រ​ចិន​ខាងត្បូង​នាពេលខាងមុខ​មែន នោះ​តំបន់​ជម្លោះ​នេះ នឹង​កាន់​តែមាន​ដៃគូ​ពាក់ព័ន្ធ​កាន់​ច្រើន និង​ស្មុគស្មាញ​ហើយ​៕


Tag:
 រុស្ស៊ី​
  ហ្វីលីពីន​
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com