ជាតិ
​​​ន​យោ​បាយ​ជាតិ​
រយៈពេល​ជិត​២​ឆ្នាំ គម្រោង​នៃ​ការបង្កើត​ទូរទស្សន៍​ព្រះអាទិត្យ នៅតែ​ជាប់គាំង
06, Jan 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​គិត​មកដល់ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ ចំណាយពេល​ជិត​២​ឆ្នាំ​ហើយ ក្នុងការ​ស្វែងរក​ទីតាំង ដើម្បី​ដំឡើង​ស្ថានីយ៍ទូរទស្សន៍​ព្រះអាទិត្យ​។ សព្វថ្ងៃនេះ បក្សប្រឆាំង រកឃើញ​ទីតាំង​ហើយ តែ​មិនទាន់​ទទួលបាន​កម្មសិទ្ធិ​ដីធ្លី​ជា​ផ្លូវការ នោះទេ​។



​ក្រោយពី​ចុះ​កិច្ចព្រមព្រៀង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ មក គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា នឹង​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​បង្ហាញ​ពី​តថភាព​ក្នុង​សង្គម ដល់​ប្រជាពលរដ្ឋ​។ គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​សន្យាថា នឹង​បង្កើត​ទូរទស្សន៍ ឲ្យ​បាន​រួចរាល់ នៅ​ចុងឆ្នាំ​២០១៦​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គម្រោង​នៃ​ការបង្កើត​ទូរទស្សន៍ មិនទាន់​លេចចេញ​ជា​រូបរាង​នោះទេ​។

​មែនទែនទៅ សូម្បីតែ​ទីតាំង​ដើម្បី​ដំឡើង​ស្ថានីយ៍ទូរទស្សន៍ ក៏​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ មិនទាន់​ទិញ​បាន​ផង​។ បើតាម​ការអះអាង​រប​ស់​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​កន្លងមក ការរាំងស្ទះ​ក្នុងការ​បង្កើត​ទូរទស្សន៍ គឺ​បណ្តាលមកពី​ឧបសគ្គ​ផ្សេងៗ ជាពិសេស​អាជ្ញាធរ​តែម្តង​។

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន គណបក្ស​លោក ខ្នះខ្នែង​យ៉ាងខ្លាំង ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ ឲ្យ​បាន​ឆាប់រហ័ស​។ លោក សង្កត់ធ្ងន់ថា ទីតាំង​សម្រាប់​ការដំឡើង​ស្ថានីយ៍ទូរទស្សន៍ គឺជា​បញ្ហា​ដ៏​សំខាន់ ដែល​គណបក្ស កំពុងតែ​គិតគូរ​។

កាលពីពេលថ្មីៗនេះ គណបក្សប្រឆាំង បា​នរក​ទីតាំង​សម្រាប់​ការដំឡើង​ស្ថានីយ៍ទូរទស្សន៍ រួចហើយ​។ នេះ​ជាការ​បន្ថែម​របស់លោក យឹម សុវណ្ណ ដដែល ហើយ​បន្ទាប់មក លោក ក៏​បន្តថា ការផ្ទេរកម្មសិទ្ធិ​ដីធ្លី អាច​នឹង​ចំណាយពេល​ដល់ ២​ឬ​៣​ខែ ឯណោះ​។

​អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​រឿង​ទីតាំង មិនមាន​បញ្ហា​នោះទេ​។ តែ​យើង​មាន​បញ្ហា​ខ្លះៗ ជាមួយ​អាជ្ញាធរ ទាក់ទង​នឹង​ការផ្ទេរកម្មសិទ្ធិ​ដី សម្រាប់​ការបង្កើត​ទូរទស្សន៍​។ យើង​ប្រឹងប្រែង​ខ្លាំងណាស់​។ តែ​ខ្ញុំ​សូម​មិន​និយាយ​អ្វី​លើសពី​ហ្នឹង​ទេ នៅពេលនេះ​។ នៅពេលណា​ដែល​រួចរាល់ យើង​នឹងធ្វើ​សន្និសីទកាសែត​តែម្តង​»​។

​យ៉ាងណា អ្នកនាំពាក្យ​បក្សប្រឆាំង​ដដែល បដិសេធ​មិន​ប្រាប់ថា ទីតាំង​នោះ មានតម្លៃ​ប៉ុន្មាន ឬ​ស្ថិតនៅ​កន្លែង​ណា​ឡើយ​។ ម្យ៉ាងទៀត លោក យឹម សុវណ្ណ ក៏​មិនទាន់​ហ៊ាន​សន្យា​សាជាថ្មី​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បង្កើត​ទូរទស្សន៍ ឲ្យ​បាន នៅពេលណា​នោះ​។

​តាមពិតទៅ កាលពី​ប៉ុន្មាន​ខែ​មុន គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វែង​ទីតាំង​សម្រាប់​ការដំឡើង​ស្ថានីយ៍ទូរទស្សន៍ ឃើញ​ហើយ ដែល​ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ​។ ប៉ុន្តែ អាជ្ញាធរ មិន​អនុញ្ញាតិ ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំឡើង​ស្ថានីយទូរទស្សន៍​ឡើយ ដោយ​លើក​ហេតុផល​ថា ប្រជាពលរដ្ឋ​មួយចំនួន មិន​ពេញចិត្ត ហើយ​តវ៉ា​ចំពោះ​ការបង្កើត​ស្ថានីយ៍ទូរទស្សន៍​ក្នុង​តំបន់​នោះ​។ ក្រោយមក គណបក្ស​សង្គ្រោះ​ជាតិ ក៏​បន្ត​ស្វែងរក​ទីតាំង​ថ្មី​។

​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ការបង្កើត​ទូរទស្សន៍​នេះ ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​៣​លាន​ដុល្លារ​ឯណោះ​។ គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​កន្លងមក​ថា ខ្លួន​បានទទួល​ទឹកប្រាក់​ប្រមាណ​ជា ៧​ម៉ឺន​ដុល្លារ​ហើយ ពី​ការបរិច្ចាគ​របស់​សាធារណជន​៕


Tag:
 CNRP
  យឹម សុវណ្ណ​
  ទូរទស្សន៍
© រក្សាសិទ្ធិដោយ thmeythmey.com