បទយកការណ៍ / បទសម្ភាសន៍
ខុសពី​អតីតកាល យុវជន​ខ្មែរ​បច្ចុប្បន្ន ចង់រក​ទ្រនំ​ថ្មី​ក្រោយពេល​រៀបការ​រួច
07, Jan 2017 , 9:59 pm        
រូបភាព
ដោយ:
  
​ភ្នំពេញ​៖ ខុសពី​ជំនាន់​មុនៗ ដែល​ផ្នត់គំនិត​យុវជន​ចូលចិត្ត​រស់នៅ​ជុំគ្នា ជាមួយ​ឪពុកម្តាយ​ក្រោយពេល​រៀប​អា​ពិពាហ៍​ពិពាហ៍​នោះ យុវជន​ខ្មែរ​បច្ចុប្បន្ន ជ្រើស​រើសយក​ឯករាជ្យ​ភាពជា​ផ្លូវ​ពេញនិយម​មួយ ក្នុង​ការកសាង​អនាគត​គ្រួសារ​របស់ខ្លួន ដោយ​ពឹង​លើ​សមត្ថភាព​ផ្ទាល់ និង​មិន​ចង់​ដាក់បន្ទុក​នៃ​ការទទួលខុសត្រូវ​លើ​ឪពុកម្តាយ​បន្ត​ទៀតឡើយ​។


​លោក ឃុ​ត ចិន្តា និង​ភរិយា​របស់គាត់ ស្ថិតក្នុង​ចំណោម​យុវជន​កាន់តែ​ច្រើនឡើងៗ ក្រោយពី​បាន​រៀបការ​ថ្មីថ្មោង បាននាំគ្នា​ផ្តាច់ខ្លួន​ចេញពី​ដំបូល​ជម្រក​របស់​ឪពុកម្តាយ ទៅ​តស៊ូ​ត្រួសត្រាយ​ផ្លូវ​អនាគត​គ្រួសារ​របស់ខ្លួន​ដោយ​ខ្លួនឯង​។ បើទោះជា​អ្នកខ្លះ ចាប់ផ្តើម​កវែកកឆ្នាំង​របស់ខ្លួន​ជាមួយ​ធនធាន​ហិរញ្ញវត្ថុ​ស្តួចស្តើង​ក្តី  វា​ជា​និន្នាការ​ថ្មី ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ផ្នត់គំនិត​មនុស្ស​សម័យ​ថ្មី ចង់​មាន​ឯករាជ្យ​ក្នុង​ផ្លូវ​ជីវិត​បុគ្គល ខុសពី​ផ្នត់គំនិត​ចាស់​ដែល​ឪពុកម្តាយ​ច្រើនតែ​ជា​អ្នកកំណត់​ផ្លូវ​អនាគត​ឲ្យ​។ 
 
​ទើបតែ​រៀបការ​រួច​ថ្មីថ្មោង យុវជន ឃុ​ត ចិន្តា បាន​នាំ​ភរិយា​មក​រស់នៅ​បន្ទប់​ជួល​ថ្ម​មួយ ដែលមាន​បន្ទប់ទឹក និង​មាន​ទំហំ​ប្រហែល​៣​គុណ​៤​ម៉ែត្រ នៅ​រាជធានី​ភ្នំពេញ ទីកន្លែង​ដែល​លោក​កំពុងធ្វើការ​ងារ​ជា​បុគ្គលិក​ធនាគារ​។ លោក​បាន​និយាយ​មួយៗ និង​ម៉ឺងម៉ាត់​ថា លោក​កំពុង​សន្សំ​ប្រាក់​សម្រាប់​សង់ផ្ទះ​ថ្មី ដើម្បី​រស់នៅ​ឯករាជ្យ ដោយ​មិន​ពឹង​លើ​ឪពុកម្តាយ​ទៀតឡើយ​។ ជា​អ្នក​ខេត្តកំពង់ឆ្នាំង និង​មាន​វ័យ​២៣​ឆ្នាំ ចិន្តា​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​យើង​រស់នៅ​មិន​បែក​ពី​គាត់​(​ឪពុកម្តាយ​) យើង​នឹងមិន​ប្រឹងប្រែង​រកលុយ​នោះទេ​។ យើង​នឹង​បណ្តោយ​ខ្លួន​ដោយ​ពឹង​លើ​គាត់​ដូច​បញ្ញើក្អែក​អ៊ីចឹង តែបើ​នៅផ្ទះ​ផ្សេង យើង​នឹង​ប្រឹងប្រែង​រៀន​រស់​ដោយ​ខ្លួនឯង និង​យល់ច្បាស់​ពី​ជីវិត​ក្នុងសង្គម ថា​តើ​គេ​រស់នៅ​យ៉ាងដូចម្តេច​?​តើ​លុយ​លំបាក​រក​យ៉ាងម៉េច​?»​។    
 
​មិនមែន​តែ​ចិន្តា​ម្នាក់​ទេ ដែល​ចង់​រស់នៅ​ផ្ទះ​ផ្សេង​ពី​ឪពុកម្តាយ​នោះ អ្នកស្រី អ៊ឹង ថុ​នា ក៏មាន​គំនិត​ដូច្នេះ​ដែរ​។ ថុ​នា ដែល​វ័យ​២៣​ឆ្នាំ និង​ជា​គរុ​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ បាន​វាចា​ថា ការរស់នៅ​ដោយ​ឯករាជ្យ គឺមាន​ភាពងាយស្រួល​ជាង​រស់នៅ​ជាមួយ​ឪពុកម្តាយ​។ «​រស់នៅ​ឯករាជ្យ​ងាយស្រួល​ជាង ព្រោះ​មិនមាន​រឿង​ថ្នាំងថ្នាក់​ពី​សាច់ញាតិ និង​មាន​ទំនួល​ខុសត្រូវ​ដោយ​ខ្លួនឯង​»​។ 
 
​មាឌ​ដំបង និង​មាន​ដើមកំណើត​នៅ​ខេត្តព្រៃវែង ថុ​នា និយាយ​បន្តទៀតថា បច្ចុប្បន្ន​នាង​កំពុងមាន​គម្រោង​ទិញ​ផ្ទះ​ថ្មី ប៉ុន្តែ អាណាព្យាបាល​របស់ខ្លួន ហាមឃាត់​ដោយ​គាត់​មិន​ចង់​ឲ្យ​នាង​រស់នៅ​ឆ្ងាយ​ពី​គាត់​។ យ៉ាងណា​នាង​មិន​ចង់​រស់នៅ​ពឹង​លើ​ឪពុកម្តាយ​ទៀត​នោះឡើយ​។ ទើប​រៀបការ​មិនទាន់​បាន​មួយឆ្នាំ​ស្រួលបួល​ផង​នោះ ថុ​នា បានបញ្ជាក់​ច្បាស់ៗ​ថា បើ​រស់នៅ​បែក​ផ្ទះ អ្វីៗ​គឺ​ថ្មី​ទាំងអស់ ដែល​ធ្វើ​ឲ្យ​នាង​អាច​ស្គាល់​រស​ជាត​ជីវិត​កាន់តែច្បាស់​។ នាង​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ការរស់នៅ​ជាមួយ​ឪពុកម្តាយ នាំ​ឲ្យ​មាន​ជម្លោះ​ជាមួយ​បងប្អូន ដូច​ខ្ញុំ​ធ្លាប់​ឃើញ​បងប្អូន​មួយចំនួន ឈ្លោះ​គ្នាដ​ណ្តើ​រ​កេរ្តិ៍​(​ទ្រព្យសម្បត្តិ​)​គ្នា​អ៊ីចឹង​»​។​
 
​មិន​ខុសគ្នា​ពី​ថុ​នា​ឡើយ លោក កេ​ត ផល្លី ពលករ​នៅ​ប្រទេស​ថៃ ក៏​គិត​ដូច្នេះ​ផងដែរ​។ ក្រោយ​រៀបការ​បាន​រយៈពេល​៤​ឆ្នាំ ផល្លី បានធ្វើ​ការងារ​សន្សំ​ប្រាក់​ធ្វើ​ផ្ទះ​ថ្មី​រួចហើយ​។ ពីរ​ឆ្នាំ​ទៀត បុរស​កូន​មួយ​រួប​នេះ មាន​គម្រោង​វិល​មក​កម្ពុជា​វិញ ដើម្បី​ធ្វើ​ការងារ​ក្នុងស្រុក​ជួបជុំ​ប្រពន្ធ និង​កូន ដែល​កំពុង​រង់ចាំ​ខ្លួន​នៅ​ស្រុកកំណើត​ជា​រៀងរាល់ថ្ងៃ​។ បុរស​វ័យ​២៦​ឆ្នាំ​រូបនេះ បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​ចង់​រស់នៅ​បែក​ពី​ឪពុកម្តាយ​យ៉ាង​ដូច្នេះ​ថា​៖«​ការរស់នៅ​បែក​ពី​ឪពុកម្តាយ គឺ​ធ្វើ​ឲ្យ​យើង​ដឹង​ពី​សមត្ថភាព​រកប្រាក់រ​បស់​យើង តើ​យើង​អាចធ្វើ​ឲ្យ​គ្រួសារ​យើង​មាន​សុភមង្គល​ឬ​អត់​? ហើយ​ខ្ញុំ​មិន​ចូលចិត្ត​ពាក្យ​ថា «​ការ​»​ហើយ​នៅ​ជាមួយ​ឪពុកម្តាយ​នោះទេ​»​។ យ៉ាងណាក៏ដោយ មុន​ចាក​ចេញពី​មាតុភូមិ​ម្តងទៀត​នោះ លោក​បាន​សង់ផ្ទះ​រួចរាល់  ហើយ​អ្នក​ខេត្តកំពង់ឆ្នាំង​រូបនេះ បាន​ផ្ញើ​ប្រពន្ធ​កូន​ឲ្យ​រស់នៅ​ជាមួយ​ឪពុកម្តាយ​២​ឆ្នាំ​ទៀត ដើម្បី​សុវត្ថិភាព​របស់​ពួកគេ​។ 
 
​តាមពិតទៅ ពួកគេ​ទាំងបី​នាក់​ខាងលើ ចង់​រស់នៅ​បែក​ពី​ឪពុកម្តាយ ប៉ុន្តែ ខណៈ​ពួកគេ​ទើប​រៀបការ​ថ្មីថ្មោង ទើប​ជំរុញ​យុវជន​ខាងលើ​បង្ខំចិត្ត​រស់នៅ​ជាមួយ​ឪពុកម្តាយ ដើម្បី​ត្រៀមខ្លួន​កសាង​គ្រួសារ​ថ្មី​មួយ ដោយ​ពឹង​លើ​កណ្តាប់ដៃ​ខ្លួនឯង​។​
 
​ទោះបី​គ្មាន​ទិន្នន័យ​ច្បាស់លាស់​ពី​ចំនួន​យុវជន​ដែល​ចង់​រស់នៅ​បែក​ឪពុកម្តាយ​ក៏ដោយ តែ​និន្នាការ​ថ្មី​នេះ ត្រូវបាន អ្នកស្រី យិ​ត សុខា ប្រធានស្តីទី​សមាគមយុវជន​ខ្មែរ​(KYA) ក៏​យល់ស្រប​ផងដែរ​។ ធ្វើ​ការងារ​ជាមួយ​យុវជន​ជាង​១០​ឆ្នាំ និង​មាន​វ័យ​៣២​ឆ្នាំ​ទៅហើយនោះ អ្នកស្រី​បាន​អត្ថាធិប្បាយ ថា​៖ «​ខ្ញុំ​យល់ថា ការរស់នៅ​បែក​ឆ្ងាយ​ពី​គ្រួសារ​មាន​ចំណុច​វិជ្ជា​មាន​ច្រើនជាង​អវិជ្ជមាន ពីព្រោះ ទីមួយ ពួកគេ​អាច​កាត់បន្ថយ​ជម្លោះ​ជាមួយ​សាច់ញាតិ និង​ទី​ពីរ ពួកគេ​មាន​ភាព​ឯករាជ្យ​ច្រើន​ក្នុងការ​សម្រេចចិត្ត ដើម្បី​កសាង​សុភមង្គល​គ្រួសារ​»​។ ទោះបី​មាន​បារម្ភ​តិចតួច​ពី​ជម្លោះ​រវាង​ប្តី​ប្រពន្ធ ដែល​គ្មាន​ឪពុកម្តាយ​ជា​អាជ្ញាកណ្តាល​ក៏ពិតមែន ប៉ុន្តែ អ្នកស្រី យិ​ត សុខា នៅតែ​លើកទឹកចិត្ត​ឲ្យ​យុវជន ឲ្យ​ពឹង​លើ​ខ្លួន​ច្រើនជាង​ពឹង​លើ​ឪពុកម្តាយ​បន្តទៀត​។ អ្នកស្រី​និយាយ​យ៉ាងខ្លី​ថា​៖«​ឪពុកម្តាយ បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​យើង​តាំងពី​តូច​មកហើយ មិនគួរណា​ឲ្យ​គាត់​ទទួលខុសត្រូវ​លើ​ជីវិត​យើង​បន្ត​ទៀតឡើយ​»​។ 
 
​មិនមែន​តែម​ន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នោះទេ ដែល​យល់ស្រប​និង​និន្នាការ​ខាងលើ​នេះនោះ លោក ឈ​ត ប៊ុន​ថង ប្រធាន​ផ្នែក​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៅ​វិទ្យាស្ថាន​ទំនង​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែលជា​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះ បាន​អត្ថាធិប្បាយ ថា យុវជន​សម័យនេះ ភាគច្រើន​ពួកគេ​ចង់​រស់នៅ​ឯករាជ្យ ចង់បាន​សេរីភាព​កាន់តែច្រើន​ហើយ​ប្រសិនបើ​អាចជួយ​ខ្លួនឯងបាន ពួកគេ​ចាប់ផ្តើម​ជួយ​ខ្លួនឯង​តាំងពី​នៅ​សិក្សា​មកម្ល៉េះ​។​
 
​លោក​គាំទ្រ​របត់​ថ្មី​នេះ ពីព្រោះ វា​បានបង្ហាញ​ពី​ការប្រឹងប្រែង​របស់​យុវជន ការរៀន​ទទួលខុសត្រូវ​ចំពោះ​ជីវិត  និង​ការទទួល​ឥទ្ធិពល​វិជ្ជមាន​ពីសា​កល​ភា​វូប​នី​យក​កម្ម​ផងដែរ​។ លើសពីនេះ​ទៀត ពួកគេ​មិន​ចង់​បន្ត​ដាក់បន្ទុក ឬ​ការទទួលខុសត្រូវ​លើ​ឪពុកម្តាយ​របស់​ពួកគេ​ឡើយ ដោយហេតុថា ពួកគេ​ត្រូវបាន​ឪពុកម្តាយ​ចិញ្ចឹម​បីបាច់​ថែរក្សា​ជាច្រើន​ឆ្នាំ​មកហើយ​។​
 
​លោក​ពន្យល់​ដូច្នេះ​ថា​៖«​កាលសម័យ​ដើម ផ្នត់គំនិត​របស់​ឪពុកម្តាយ និង​យុវជន​ខ្លួនឯង ចង់​រស់នៅ​រួមគ្នា ទទួលខុសត្រូវ​រួមគ្នា ពឹងពាក់​គ្នា មិនសូវ​បែងចែក​ការទទួលខុសត្រូវ​ច្បាស់លាស់​ទេ​»​។

យ៉ាងណាក៏ដោយ លោក ឈ​ត ប៊ុន​ថង ថា ការរស់នៅ​ជាមួយ​ឪពុកម្តាយ​មាន​ផល​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង​។ វិជ្ជមាន​នៅត្រង់ថា ការរស់នៅ​លក្ខណៈ​គ្រួសារ​ធំ គឺ​បង្ហាញ​ពី​ការចែករំលែក​គ្នា ចេះ​ជួយ​គ្នា និង​បង្ក​ភាពស្និទ្ធស្នាល​។ ចំណែកឯ​ផល​អវិជ្ជមាន​វិញ​នោះ គឺ​ការរស់នៅ​លក្ខណៈ​គ្រួសារ​ធំ មាន​ភាព​ងាយ​ប៉ះទង្គិច​គ្នា​នៅក្នុង​រង្វង់​សមាជិកគ្រួសារ ហើយ​សមាជិក​ខ្លះ ខ្ជិល​មិនចេះ​សន្សំសម្ចៃ ព្រមទាំង​គេច​ពី​ការទទួលខុសត្រូវ​ផងដែរ​។ ទោះបីជា លោក ឈ​ត ប៊ុន​ថង លើកទឹកចិត្ត​ឲ្យ​យុវជន​បែក​ផ្ទះ​ក្រោយ​រៀបការ​ក៏ដោយ ប៉ុន្តែ សាស្ត្រាចារ្យ​ផ្នែក​ទស្សនវិជ្ជា​រូបនេះ ជំរុញ​ឲ្យ​យុវជន​ខ្មែរ​គួរ​ធ្វើខ្លួន​ជា​កូន​កតញ្ញូ ដោយ​ចំណាយ​ពេលវេលា​ទៅសួរសុខទុក្ខ​ឪពុកម្តាយ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​តបស្នង​សងគុណ​ពួកគាត់​វិញ​៕   
 
 
 

Tag:
 យុវជន​
 ​ រៀបការ​
 ​ បែក​ផ្ទះ​
© រក្សាសិទ្ធិដោយ thmeythmey.com