តួនាទី​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច កម្ពុជា​នឹង​ជំរុញ​ការអនុគ្រោះ​ពន្ធ​

ជាតិ
សេដ្ឋកិច្ច
តួនាទី​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច កម្ពុជា​នឹង​ជំរុញ​ការអនុគ្រោះ​ពន្ធ​
08, Jan 2017 , 4:59 pm         1710
រូបភាព
រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
 
​ភ្នំពេញ​៖ កម្ពុជា​នឹង​ចាប់ផ្ដើម​បំពេញ​តួនាទី​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០១៧​ដល់​ខែកុម្ភៈ​ឆ្នាំ​២០១៨​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ ឲ្យ​ដឹងថា អំឡុងពេល​បំពេញ​តួនាទី​នេះ កម្ពុជា​នឹង​ព្យាយាម​ជំរុញ​ឲ្យ​មានការ​អនុគ្រោះ​ពន្ធ និង​គោលនយោបាយ​ពាណិជ្ជកម្ម​ថ្មីៗ​ផ្សេងទៀត ដែលជា​ប្រយោជន៍​ដល់​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ។

 
​ក្រុម​ប្រទេស LDC ត្រូវការ​សំឡេង​រួម ឬ​សំឡេង​ជា​ក្រុម ដើម្បី​ចរចា​បើកផ្លូវ​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍​លើ​វិស័យ​ផ្សេងៗ​ទៀត ជាមួយ​ប្រទេស​អភិវឌ្ឍន៍ ក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ។ ដូច្នេះ​ប្រទេស LDC ត្រូវមាន​កិច្ចប្រជុំ​ជា​ក្រុម តាម​វិស័យ​ជាច្រើន ដើម្បី​ស្វែង​ចំណុចរួម លើ​វិស័យ​ផ្សេងៗ ពិសេស​ផ្នែក​ពាណិជ្ជកម្ម ដើម្បី​យកទៅ​ជជែក​ជាមួយ​ប្រទេស​អភិវឌ្ឍន៍​។ កម្ពុជា​ដែលជា​ប្រទេស​អភិវឌ្ឍ​តិចតួច ត្រូវបាន​ជ្រើសរើស​ជា​លើកដំបូង នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ឲ្យ​ធ្វើជា​ប្រធាន​សម្របសម្រួល​ប្រទេស LDC ទាំងនោះ ក្នុង​អាណត្តិ​១​ឆ្នាំ​។ 
 
​លោក ប៉ាន សូរ​ស័ក្ដិ មានប្រសាសន៍ថា ក្នុងតួនាទី​នេះ កម្ពុជា​នឹង​សម្របសម្រួល​ប្រទេស LDC ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ទាំងនេះ​មាន​តុល្យភាព​លើ​ការចរចា​ក្នុង​ក្របខណ្ឌ WTO និង​ទាញយក​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​ឲ្យ​បាន​ច្រើន​។ «​ធ្វើ​ម៉េច​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ជា​ចម្បង​សម្រាប់​ប្រទេស​តិចតួច ពិសេស​ជំរុញ​ឲ្យ LDC ឲ្យ​មាន​សំឡេង​ដែលមាន​តុល្យភាព​នឹង​ប្រទេស​អភិវឌ្ឍន៍​ដើម្បី​ជំរុញ​ផ្នែក​ពាណ​ជ្ជ​កម្ម វិស័យ​កសិកម្ម ធនធានមនុស្ស​ជាដើម​»​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ដូច្នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​កម្ពុជា​ធ្វើជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស LDC នៅ​ថ្ងៃទី​៦​មករា នៅ​ក្រសួងពាណិជ្ជកម្ម​។​
 
​កម្ពុជា​នឹង​សហការ​ជាមួយ​ប្រទេស LDCs ដើម្បី​រៀបចំ និង​បង្កើត​គោលនយោបាយ​ពា​ណ្ជ​កម្ម​ថ្មីៗ​បន្ថែមទៀត​ក្នុង​ក្របខណ្ឌ​ពិភពលោក​លើ​វិស័យ​នានា ដូចជា ការអនុគ្រោះ​ពន្ធ វិធាន​ប្រភពដើម​ទំនិញ កិច្ច​សម្រួល​ពា​ណ្ជ​កម្ម កសិកម្ម ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ការ​កា​ពារ​កម្មសិទ្ធិបញ្ញា វិនិយោគ អភិវឌ្ឍ​ស្ថាប័ន និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជាដើម​។ នេះ​បើតាម​លោក ប៉ាន សូរ​ស័ក្ដិ ដែល​លោក​បញ្ជាក់ថា នេះ​គឺជា​បច្ច័យ​អំណោយផល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​កម្ពុជា ក៏ដូចជា​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​ប្រទេស LDC ជា​សមាជិក បើ​ការចរចា​របស់ LDC និង​ប្រទេស​អភិវឌ្ឍន៍​ទទួលជោគជ័យ​។ 
 
​លោក ប៉ាន សូរ​ស័ក្ដិ បាន​សង្កត់ធ្ងន់​លើ​គោលនយោបាយ​អនុគ្រោះ​ពន្ធ​របស់​ប្រទេស​អភិវឌ្ឍ សម្រាប់​ប្រទេស LDC ។ លោក​បញ្ជាក់ថា​៖«​កម្ពុជា​នឹង​ជំរុញ​ការឯកភាព ដែល​កាល​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ហុងកុង ប្រទេស​អភិវឌ្ឍ​ថា​នឹង​ជួយ​ប្រទេស LDC ឲ្យ​រួច​ពន្ធ ៩៧​ភាគរយ​ដោយ​អត់​គិត​កូតា ប៉ុន្តែ​មិនទាន់បាន​អនុវត្ត​មកដល់​សព្វថ្ងៃ​។ ដូច្នេះ​យើង​ជំរុញ​កិច្ចការ​នេះ​»​។ 
 
 លទ្ធផល​ប្រជុំ​របស់​ប្រទេស LDC ទាំង​៣៦​ប្រទេស និង​ប្រទេស LDC សង្កេតការណ៍​ចំនួន ៨​ផ្សេងទៀត នឹងត្រូវ​យកទៅ​ចរចា​នៅក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១​នៃ​អង្គការ WTO ដែលមាន​សមាជិក ១៦៤​ប្រទេស នៅ​ខែធ្នូ​ឆ្នាំនេះ នៅ​ប្រទេស​អា​ហ្ស​ង់​ទីន ដើម្បី​ស្វែងរក​ភាព​វិជ្ជមាន​តាម​ការចង់បាន​រប​ស់ LDC​។​
 
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រូបនេះ  អះអាងថា លោក​និង​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​គ្រប់​ជាន់ថ្នាក់​នឹង​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​បំពេញ​តួនាទី​ដ៏​សំខាន់​នេះ សំដៅ​លើកស្ទួយ​កិត្យានុភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ 
 
​បើតាម​លោក ប៉ាន សូរ​ស័ក្តិ កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស LDC ដែល​កម្ពុជា​ជា​ប្រធាន​សម្របសម្រួល​នេះ នឹងធ្វើ​ឡើង​នៅ​ប្រទេស​ជាច្រើន ពិសេស​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដែលជា​មូលដ្ឋាន​របស់ WTO ។ ហើយ​នៅ​ខែមីនា​ខាងមុខនេះ​នឹងមាន​កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស LDC នៅ​ខេត្តសៀមរាប​៕
 
 
Tag:
 LDC
  ប៉ាន សូរ​ស័ក្ដិ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ