អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​កំពុង​រំលោភ​ជីវិត​ឯកជន​ញាតិសន្តាន​ខ្លួនឯង​

ជាតិ
បទវិភាគ
អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​កំពុង​រំលោភ​ជីវិត​ឯកជន​ញាតិសន្តាន​ខ្លួនឯង​
10, Jan 2017 , 5:08 pm         10779
រូបភាព
​ហ្វេ​ស​ប៊ុ​ក​មិនមែនជា​រឿង​ថ្មី​ទៀត​ទេ​នៅ​កម្ពុជា​។ ប៉ុន្តែ​មនុស្ស​ខ្មែរ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន នៅតែ​ជាម​នុស្ស​ថ្មី​ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​។ ពួកគេ​មិនទាន់បាន​យកចិត្តទុកដាក់​ថា ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក (​លេង​ហ្វេ​ស​ប៊ុ​ក​)​របស់​ពួកគេ ពេលខ្លះ​បាន​រំលោភ​ឯកជន​ភាព​របស់​មនុស្ស​ជុំវិញ​របស់​ពួកគេ រួមទាំង​កូន ប្រពន្ធ ឪពុកម្តាយ មិត្តភក្តិ​នោះឡើយ​។ ពេលខ្លះ មនុស្ស​ដែល​ត្រូវបាន​គេ​ថត​បង្ហោះ​ផ្សព្វផ្សាយ មិនបាន​ដឹងខ្លួន​ទៀតផង​។​


​គ្រាន់តែ​យល់​តែមួយ​ជ្រុង​ថា វា​ជាការ​បង្ហោះ​ជូនដំណឹង​ដល់​ញាតិមិត្ត អ្នកខ្លះ​បាន​បង្ហោះ​រូបថត​ឪពុក​ឬ​ម្តាយ​, ជីដូន ឬ​ជីតា ដែល​ស្ថិតក្នុង​ស្ថានភាព​ឈឺធ្ងន់ធ្ងរ​នៅក្នុង​មន្ទីរពេទ្យ ឬ​នៅ​ក្នុងផ្ទះ​។ ពេលខ្លះទៀត វា​ជា​រូបថត​ដែល​អ្នកជំងឺ​កំពុង​ទទួល​ការសង្គ្រោះ​បន្ទាន់ ដោយមាន​បន្តោង​ខ្សែ​សេរ៉ូម និង​បំពង់​ជំនួយ​អុកស៊ីហ្សែន​ផង ឬក៏​ជា​រូបថត​អ្នកជំងឺ​ដែល​រៀបនឹង​លាចាក​លោក​ទៀតផង​។ តើ​ទាំងនេះ វា​ជា​រូបភាព​ដ៏​គួរ​ឲ្យ​អាណិតអាសូរ​ចំពោះ​ពួកគាត់ ឬក៏​ជា​រូប​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​ខ្លាច​ទៅវិញ​? តើ​ពួកគាត់​ចង់បង្ហាញ​ទិដ្ឋភាព​អាក្រក់​មើល​របស់​ពួកគាត់ ឬក៏​ពួកគាត់​ក៏​ចង់បាន​បង្ហាញ​តែ​រូប​ភាពល្អៗ ស្អាតៗ ដូច​មនុស្ស​ទូទៅ​ដែរ​?

​តាមពិត អ្វីដែល​បានកើត​ឡើង​ជាក់ស្តែង អ្នក​បង្ហោះ​រូបភាព ដែល​អាចជា​កូន ជា​ចៅ ជា​ក្មួយ ឬ​សាច់ញាតិ គ្រាន់តែ​បានសម្រេច​ចិត្ត​បែប​អត្តនោម័តិ​ថា រូបភាព​ទាំងនោះ គឺជា​រូបភាព​របស់​សាច់ញាតិ ដែល​វា​នឹងមិន​បង្ក​ឲ្យ​មាន​បញ្ហា​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ពួកគេ​ភ្លេច​គិតថា ជីដូន ជីតា ឬ​ឪពុកម្តាយ​សាច់ញាតិ ក៏មាន​ឯកជន​ភាព (​សិទ្ធិ​) ឬ​មានគំនិត​របស់គេ​ផ្ទាល់ខ្លួន ដែល​ពេលខ្លះ គឺ​ពួកគេ​មិនបាន​ចង់​ឲ្យ​រូបភាព​ដ៏​អាក្រក់​របស់​ពួកគេ ត្រូវបាន​បង្ហោះ​ជា​សាធារណៈ​នោះទេ​។ អ្នក​ខ្លះទៀត​បង្ហោះ​រូបភាព​សាកសព​របស់​សាច់ញាតិ​ដែល​មិនគួរ​ឲ្យ​មើល​ទៀតផង​។​

​ពួកគេ​ក៏​ប្រហែលជា​មិនបាន​ដឹងថា ជំពូក​ទី​៥​នៃ​ក្រមព្រហ្មទណ្ឌ​ក៏មាន​ចែង​អំពី​ការដាក់ទោសទណ្ឌ​ទៅលើ​ការប៉ះពាល់​ដល់​ការគោរព​ដែល​តម្រូវ​ឲ្យ​មាន​ចំពោះ​អ្នកស្លាប់​។​

​និយាយ​បែប​ម្យ៉ាងទៀត ដោយសារតែ​នៅ​កម្ពុជា ពលរដ្ឋ​ខ្មែរ​មិនទាន់​ទម្លាប់ ឬ​យល់ដឹង​អំពី​ជីវិត​ឯកជន អ្នក​ដែល​ត្រូវគេ​បង្ហោះ​រូបភាព​របស់ខ្លួន​មិនដឹងថា សិទ្ធិ​ជា​ឯកជន​ភាព​របស់ខ្លួន​ត្រូវបាន​គេ​បំពាន​នោះឡើយ​។​

​ដោយសារ​មិន​ធ្លាប់មាន​ចំណាប់អារម្មណ៍​ជា​ស្វ័យប្រវត្តិ​ទៅលើ​ភាពជា​ឯកជន​នេះហើយ បានជា​ពេលខ្លះ មាន​អ្នក​បង្ហោះ​រូប​ប្តី ឬ​ប្រពន្ធ តាំងតែ​ពីលើ​គ្រែ​ដែលជា​រូបភាព​ទាក់ទាញ​ការរិះគន់ ជាជាង​ការ​ស្ងើចសរសើរ​។ និយាយ​មកដល់​ត្រង់នេះ វា​មិន​ត្រឹមតែ​ជា​បញ្ហា​រំលោភ​លើ​ឯកជន​ភាព​នោះទេ ប៉ុន្តែ​វា​ឈានដល់​ការបំពាន​ផ្នែក​សីលធម៌​ទៅទៀត​ផង​។​

​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​២០០៤​។ ហ្វេ​ស​ប៊ុ​ក ដែលមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅក្នុង​ពិភពលោក ត្រូវបាន​ប្រើប្រាស់​នៅ​កម្ពុជា​នៅក្នុង​ឆ្នាំ​២០០៦ មុននឹង​វា​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ខ្លាំង​នៅ​អំឡុង​ឆ្នាំ​២០១០ និង​កើនឡើង​រឹតតែ​ខ្លាំង​នៅក្នុង​ឆ្នាំ​បោះឆ្នោត​តំណាងរាស្ត្រ​២០១៣​។​

​យុវជន និង​មនុស្ស​ចាស់ ក៏បាន​ហក់​ចូលក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​មិនដែល​បាន​ខ្វល់ខ្វាយ​អំពី​ផលប៉ះពាល់ ឬ​ផល​អវិជ្ជមាន ឬ​របៀប​នៃ​ការប្រើប្រាស់​មិន​ត្រឹមត្រូវ​នោះឡើយ​។ ហ្វេ​ស​ប៊ុ​ក​គឺជា​ឧបករណ៍​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ចែករម្លែក​ព័ត៌មាន​ក៏ពិតមែន ប៉ុន្តែ​ការចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​កាន់តែច្រើន ក៏​កំពុង​ធ្វើ​ឲ្យ​សង្គម​ខ្មែរ ដែល​នៅ​ក្មេងខ្ចី​លើ​បញ្ហា​បច្ចេកវិទ្យា ច្របូកច្របល់​ពិបាក​គ្រប់គ្រង​ដែរ​។​

​គេហទំព័រ Geeks in Cambodia បាន​ចុះផ្សាយ​អត្ថបទ​មួយ ដោយ​ស្រង់​ប្រភព​ជា​ភ្នាក់ងារ​បណ្តាញ​សង្គម​មួយ​របស់​ប្រទេស​សិង្ហ​បុរី​ឈ្មោះ We are Social ដែល​រកឃើញថា មកដល់​ឆ្នាំ​២០១៦​នេះ នៅ​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន​៣​លាន​៤​សែន​នាក់​។ នេះ​ជា​ចំនួន​ដ៏​ធំ​មួយ ដែល​ទាមទារ​ឲ្យ​មានការ​គិតគូរ​អំពី​ការផ្តល់​ចំណេះដឹង​មូលដ្ឋាន​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​បណ្តាញ​សង្គម​ដល់​អ្នកប្រើប្រាស់​។​

​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព ហើយ​លឿន​រហ័ស​មួយ​គឺ​ការជំរុញ​ឲ្យ​មានការ​បង្រៀន​តៗ​គ្នា​នៅក្នុង​រង្វង់​គ្រួសារ​។ អ្នក​ដែល​យល់ដឹង​អំពី​របៀប​នៃ​ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​កដោយ​ត្រឹមត្រូវ​នោះ ត្រូវ​ពន្យល់ និង​បង្រៀន​បងប្អូន ពិសេស​ឪពុកម្តាយ សាច់ញាតិ អំពី​ដំណើរការ​នៃ​ហ្វេ​ស​ប៊ុ​ក វិសាលភាព​របស់​វា សិទ្ធិ​នៃ​ឯកជន​ភាព​របស់​បុគ្គ​ល បច្ច័យ​ល្អ និង​អាក្រក់​របស់​ហ្វេ​ស​ប៊ុ​ក ជាដើម ។​ល​។​

​ធ្វើ​យ៉ាងនេះ​បាន នោះ​ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា នឹង​ដើរ​នៅលើ​ផ្លូវ​ត្រឹមត្រូវ ដែល​នឹង​ផ្តល់​ប្រយោជន៍​ដល់​សង្គម​កម្ពុជា​ច្រើនជាង​ផល​អវិជ្ជមាន​។ ការគោរព​សិទ្ធិ​ឯកជន​នៅលើ​បណ្តាញ​សង្គម​នឹង​ត្រូវបាន​អនុវត្ត ហើយ​ការចែករំលែក​ព័ត៌មាន​ដោយ​ការពិចារណា​ក៏​នឹង​ត្រូវបាន​ពង្រឹង​ផងដែរ​៕

Tag:
 ហ្វេ​ស​ប៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
20 Feb 2017