ជាតិ
សេដ្ឋកិច្ច
សាលារៀន​អន្តរទ្វីប​អាមេរិកាំង ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​បណ្ដុះ​បណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ Money Tree
17, Jan 2017 , 9:26 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន  ដែលមាន​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប​អាមេរិកាំង ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Money Tree ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​បណ្ដុះ​បណ្ដាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្សានុសិស្ស​នៃ​សាលារៀន​របស់ខ្លួន និង​សិស្ស​មកពី​សាលាដ​ទៃទៀត ដើម្បី​ពង្រឹងសមត្ថភាព​របស់​ពួកគេ​ឲ្យ​ចេះ​គ្រប់គ្រង​ថវិកា​។



​កម្មវិធី​បណ្ដុះបណ្ដាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ (Money Tree) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៩ នៅ​ប្រទេស​ម៉ាឡេស៊ី និង​ត្រូវបាន​យកទៅ​ប្រើប្រាស់​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​។ កម្មវិធី​នេះ​ផ្ដល់នូវ​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ និង​មនុ​ស្សវ័យ​ជំទង់ ចាប់ពី​អាយុ​៦​ឆ្នាំ ដល់ ១៧​ឆ្នាំ​។ ក្រុមហ៊ុន  ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Money Tree  នាំយក​កម្មវិធី Money Tree ដែលជា​កម្មវិធី​បណ្ដុះបណ្ដាល​ក្រៅ​ម៉ោង​សិក្សា​មក​បើក​បង្រៀន​នៅក្នុង​សាលារៀន​របស់ខ្លួន​។​

​លោក UV Wong នាយក​ក្រុមហ៊ុន Money Tree ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក  បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ស្ដីពី​ការបណ្ដុះបណ្ដាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៦​ខែមករា​ថា កម្មវិធី​Money Tree នឹង​បណ្ដុះបណ្ដាល​សិស្ស​ឲ្យ​យល់ដឹង​ពី​ផ្នែក​ហិរញ្ញវត្ថុ​លើ​ការចាយវាយ ប្រើប្រាស់ និង​គ្រប់​គ្រង់​ថវិកា​ឲ្យ​មាន​ប្រសិទ្ធិភាព​។ លោក​បន្ថែមថា កម្មវិធី​នេះ​នឹង​បង្រៀន​សិស្ស ដោយ​លើកយក​ករណី​ជាក់ស្ដែង​ជុំវិញ​ការគ្រប់គ្រង​ថវិកា​។​

​លោក កែវ ឡង់ឌី នាយក​អប់រំ និង​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន  បាន​ឲ្យ​ដឹងថា  វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប​អាមេរិកកាំង នឹង​បើក​បង្រៀន​កម្មវិធី Money Tree ដល់​សិស្ស​របស់ខ្លួន សិស្ស​នៃ​សាលាដ​ទៃទៀត និង​អ្នក​ដែល​បាន​បោះបង់​ការសិក្សា ចាប់ពី​ខែកុម្ភៈ​ឆ្នាំនេះ តទៅ​។  បើតាម​លោក កែវ ឡង់ឌី កម្មវិធី​នេះ​មាន​៩​កម្រិត ដោយ​ក្នុង​១​កម្រិត​សិស្ស​ត្រូវ​រៀន ៤០​ម៉ោង រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​។ នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​នីមួយៗ សិស្ស​ត្រូវ​រៀន​ទាំង​ផ្នែក​ទ្រឹស្ដី និង​ករណី​ជាក់ស្ដែង​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។

​លោក កែវ ឡង់ឌី បញ្ជាក់ថា អ្នក​ចូលរៀន​ម្នាក់ៗ​ត្រូវ​ចំណាយ ៣០​ដុល្លារ​ក្នុង​មួយខែ​លើ​ថ្លៃ​សិក្សា​នេះ ដោយ​សិស្ស​អាច​រៀន​ត្រឹម​កម្រិត​ណាមួយ និង​ត្រូវ​ធ្វើតេស្ត​មុនពេល​ចូលរៀន​។ ដោយឡែក​សម្រាប់​សិស្ស​នៃ​វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង ទទួលបាន​ការបញ្ចុះ​តម្លៃ ៣០​ភាគរយ​លើ​ថ្លៃ​សិក្សា​នៃ​កម្មវិធី Money Tree នេះ​។ លោក​ប្រាប់ទៀតថា សាលារៀន​របស់​លោកមា​ន​គ្រូ​បង្គោល​ចំនួន ១៦​នាក់ ដែល​ទទួល​ការបណ្ដុះបណ្ដាល​ពី​ក្រុមហ៊ុន Money Tree ។​

​ជាមួយគ្នានេះដែរ លោក UV Wong បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ក្រោយ​សន្និសីទ​ខាងលើ​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​បញ្ចូល​ការបណ្ដុះបណ្ដាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅក្នុង​កម្មវិធីសិក្សា​រប​ស់រ​ដ្ឋ ដើម្បី​ឲ្យ​សិស្ស​បាន​រៀន​ពី​របៀប​គ្រប់គ្រង​ការចាយវាយ​ថវិកា​ឲ្យ​បាន​ត្រឹមត្រូវ ដែលជា​ប្រយោជន៍​សម្រាប់​ពួកគេ​នៅពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​។​

​សម្រាប់​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ពង្រឹងសមត្ថភាព​សិស្ស​លើ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​ចំណេះដឹង​ដែលជា​តម្រូវការ​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​នៅលើ​ពិភពលោក​៕




















Tag:
 អប់រំ​
  Money Tree
  គួច ម៉េង​លី​
© រក្សាសិទ្ធិដោយ thmeythmey.com