អន្តរជាតិ
លោក Kerry ជំរុញ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​និន្នាការ​ជាតិនិយម
19, Jan 2017 , 7:39 am        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖ លោក​និង​អតីតរដ្ឋមន្ត្រី​ការបរទេស​៣​នាក់​ទៀត​បាន​កោតសរសើ​រ​ប្រវត្តិសាស្ត្រ​ការទូត​របស់​អាមេរិក​នៅក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​អង្គារ ដែល​ប្រារព្ធ​ឡើង​ដើម្បី​កត់សម្គាល់​ការសាងសង់​ចប់សព្វគ្រប់​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការទូត​មួយ​នៅក្នុង​ក្រសួងការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។



​លោក Kerry និង​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​ដទៃទៀត​គឺ​លោកស្រី Madeleine Albright លោកស្រី Hillary Clinton និង​លោក Colin Powell បាន​កោតសរសើរ​អំពី​តួនាទី​ការទូត​របស់​អាមេរិក​នៅក្នុង​ការរក្សា​សន្តិភាព ការដោះស្រាយ​ជម្លោះ និង​ការជំរុញ​ការអភិវឌ្ឍ​នៅក្នុង​ពិភពលោក ដើម្បី​លើកកម្ពស់​ជីវិត​មនុស្ស​។ លោក​Kerry បាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​និន្នាការ​ជាតិនិយម​និង​និន្នាការ​ដទៃទៀត ដែល​គំរាម​ពិភពលោក​ឲ្យ​មានការ​បែងចែក​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «​មាន​សំឡេង​ជាច្រើន​នៅក្នុង​ពិភពលោក ដែល​បោះបង់ចោល​ការទូត​។ ពួកគេ​ឃើញ ហើយ​មនុស្ស​មួយចំនួនទៀត​លើកទឹកចិត្ត​ជា​សាធារណៈ​ចំពោះ​បោះបង់ចោល​កិច្ចសហប្រតិបត្តិការ ការសាងសង់​ជញ្ជាំង​សេដ្ឋកិច្ច​និង​នយោបាយ ការបាត់បង់​ជំនឿ​ដែល​កាន់តែ​កើនឡើង និង​ការបែងចែក​តាមរយៈ​ពណ៌​សម្បុរ ជាតិ​សាសន៍ ប្រជាពលរដ្ឋ​មកពី​ប្រទេស​ផ្សេង​និង​អ្នក​កាន់សាសនា​ខុសគ្នា​»​។​

​លោក Kerry បាន​និយាយថា ប្រវត្តិ​ការទូត​របស់​អាមេរិក​ឆ្លុះបញ្ចាំង​អំពី​ទស្សនវិស័យ​ដែល​ខុសពី​បញ្ហា​ទាំងនេះ​ឆ្ងាយ​ណាស់ និង​មាន​លក្ខណៈ​លើកទឹកចិត្ត​ជាង​នេះ​យ៉ាងខ្លាំង​។​

​លោក Kerry បាន​និយាយថា​៖ «​យើង​មិនមែន​កំណត់ដោយ​ជាតិ​សាសន៍ យើង​មិនមែន​កំណត់ដោយ​អំបូរ យើង​មិនមែន​កំណត់ដោយ​ឈ្មោះ យើង​មិនមែន​កំណត់ដោយ​ប្រភព​កំណើត​របស់​យើង​នោះទេ​។ យើង​កំណត់ដោយ​គំនិត​។ មិន​ដូច​ប្រទេស​ផ្សេងទៀត​ភាគច្រើន​នោះទេ គំនិត​នេះ​គឺថា មនុស្ស​គ្រប់គ្នា​គឺ​ស្មើគ្នា​»​។​

​លោកស្រី Hillary Clinton បាន​មានប្រសាសន៍ថា មេរៀន​ការទូត​នៅថ្ងៃនេះ​មាន​សារៈសំខាន់​និង​បន្ទាន់​ជាង​ពេលណាៗ​ទាំងអស់​។​

​លោកស្រី​និយាយថា​៖ «​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​នីតិរដ្ឋ​គឺ​ស្ថិតក្រោម​ការវាយប្រហារ​នៅ​ទូទាំង​ពិភពលោក​។ ការកើនឡើង​អំណាច​ផ្តាច់ការ​និង​សេរី​ភាពមិន​ពេញលេញ​គំរាមកំហែង​ដល់​មូលដ្ឋាន​នៃ​យុគសម័យ​ក្រោយ​សង្គ្រាមលោកលើកទី​២ ដែល​មន្ត្រីការទូត​អាមេរិក​បាន​កសាង​និង​ការពារ​ចាប់តាំងពី​លោក (George) Marshall និង​លោក (Dean) Acheson​មក​»​។​

​ស្របពេល​ដែលមាន​ភាព​តានតឹង​ក្នុងពេល​បច្ចុប្បន្ននេះ​ជាមួយនឹង​ប្រទេស​រុស្ស៊ី អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក Colin Powell បានលើកឡើង​ពី​ពេលវេលា​មួយ នៅពេលដែល​ទំនាក់ទំនង​មាន​ភាព​រាក់ទាក់​ជាង​នេះ ហើយ​លោក​បានទទួល​ស្រា vodka មួយ​ដប​ជា​អំណោយ​ពី​លោក Igor Ivanov ដែលជា​ដៃគូ​រុស្ស៊ី​របស់លោក​ទៀតផង​។

​លោក Powell បាន​និយាយថា​៖ «​ដប​ស្រា​នេះ​មាន​រូបរាង​ដូច​កាំភ្លើង AK-47 ហើយ​អត្ថន័យ​ដ៏​អស្ចារ្យ​នៃ​ដប​ស្រា​នេះ គឺ​នៅទីនេះ​ក្នុង​ក្រសួងការបរទេស​អាមេរិក​»​។​

​មជ្ឈមណ្ឌល​សម្រាប់​ការទូត​អាមេរិក​នេះ​គឺជា​សារមន្ទីរ​និង​ជា​មជ្ឈមណ្ឌល​អប់រំ​មួយ ដែល​ដាក់តាំង​ប្រវត្តិសាស្ត្រ​ការទូត​អាមេរិក ហើយ​និង​ការងារ​ដ៏​សំខាន់​និង​គ្រោះថ្នាក់​របស់​មន្ត្រីការទូត​អាមេរិក​។ សារមន្ទីរ​នេះ​នឹង​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​នៅ​ចុងឆ្នាំ​ក្រោយ​៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com