អន្តរជាតិ
ជប៉ុន ផ្តល់​នាវា​ល្បាត​៦​គ្រឿង​ដល់​វៀតណាម​ដើម្បី​ពង្រឹងសមត្ថភាព​ដែនសមុទ្រ
18, Jan 2017 , 9:59 am        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន(ខាងឆ្វេង) និងប្រធានាធិបតីវៀតណាមខាងស្តាំ
នាយករដ្ឋមន្ត្រីជប៉ុន(ខាងឆ្វេង) និងប្រធានាធិបតីវៀតណាមខាងស្តាំ
ដោយ: ថ្មីៗ
​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ (Shinzo Abe) នៅ​ថ្ងៃទី​១៦ មករា បាន​សន្យា​ផ្តល់​នាវា​ល្បាត​ប្រាំមួយ​គ្រឿង​ដល់​វៀតណាម ដែល​ការផ្តល់​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្ចី​ពិសេស​របស់​ជប៉ុន​ទៅកាន់​វៀតណាម​។ សេចក្តីប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បំពេញ​ទស្សនកិច្ច​ទៅកាន់​វៀតណាម​រយៈពេល​ពីរ​ថ្ងៃ​។



​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បាន​អះអាងថា ជប៉ុន ពិតជា​គាំទ្រ​វៀតណាម​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុងការ​អនុវត្ត​ច្បាប់​ដែនសមុទ្រ​របស់ខ្លួន ហើយ លោក ក៏បាន​លើកឡើង​ពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម កំពុង​តែមាន​វិវាទ​ជាមួយ​ចិន ដោយ​លោក ចង់ឃើញ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​តាមរយៈ​ការចរចា និង​ដោយយោង​តាមច្បាប់​អន្តរជាតិ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Reuters​។

​អ្វី​គួរកត់សម្គាល់ បន្ថែម​ពី​ឆន្ទៈ​គាំទ្រ​នោះ រដ្ឋាភិបាល​ជប៉ុន ក៏បាន​សន្យា​ផ្តល់​នាវា​ល្បាត​ថ្មី​ដល់​វៀតណាម​ប្រាំមួយ​គ្រឿង​ផងដែរ​។ តាម​ប្រភពព័ត៌មាន​ដដែល​នោះ មន្ត្រី​រដ្ឋាភិបាល​ជប៉ុន បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​នាវា​ល្បាត​ទាំង​ប្រាំមួយ​នោះ មានតម្លៃ​ប្រហែល ៣៣៨ លាន​ដុល្លារ ហើយ វៀតណាម អាច​ទទួលបាន​កម្ចី​ពិសេស​ពី​ជប៉ុន​ដើម្បី​ចំណាយ​លើ​នាវា​នោះ​»​។ កន្លងមក ជប៉ុន ក៏​ធ្លាប់​ព្រមព្រៀង​ជាមួយនឹង​វៀតណាម ក្នុងការ​ផ្តល់​នាវា​ល្បាត​ចំនួន​ប្រាំមួយ​គ្រឿង​ផងដែរ​។

​សូម​ជម្រាប​ផងដែរ វៀតណាម ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង​បួន​ដែលមាន​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ចិន​ផងដែរ​។ កន្លងមក ក្រៅពី​ហ្វីលីពីន វៀតណាម គឺជា​ដៃគូ​ប្រជែង​ជាមួយនឹង​ចិន​ដ៏​មាន​សក្តានុពល​នៅក្នុង​តំបន់​ជម្លោះ​នោះ​។ ដោយសារ​ជម្លោះ​មិន​ដាច់ស្រេច​នេះ វៀតណាម និង​ចិន ក៏​ធ្លាប់​ប្រឈម​ជា​គ្នា​ទាំង​ផ្នែក​អាវុធ និង​ការទូត​ផងដែរ​។​

​បើទោះបីជា​ជប៉ុន មិនមែនជា​ភាគី​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ ជប៉ុន បាន​ប្រលូក​ខ្លួន​ចូល​យ៉ាងជ្រៅ​នៅក្នុង​ជម្លោះ​នេះ តាមរយៈ​ការបង្ហាញ​ពី​ក្តីបារម្ភ​លើ​បញ្ហា​នៅ​ជំនួប និង​វេទិការ​អន្តរជាតិ និង​ក្នុង​តំបន់​។ ជាពិសេស​នោះ ជប៉ុន ក៏បាន​មាន​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាមួយនឹង​ប្រទេស​ដែលមាន​ជម្លោះ​ជាមួយនឹង​ចិន ដែល​មិន​ត្រឹមតែ​វៀតណាម​ប៉ុណ្ណោះ​នោះទេ តែ រាប់បញ្ចូល​ហ្វីលីពីន​ផងដែរ​។​

​ថ្មីៗ​នេះ ស្ថាប័ន​វិភាគ​អាមេរិក «​គំនិត​ផ្តួចផ្តើម​តម្លាភាព​ដែនសមុទ្រ​អាស៊ី (AMTI) បានចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​ពី​ការវិវត្ត​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយបាន​អះអាងថា ចិន បាន​ដំឡើង​សព្វាវុធ​ដែលជា​ប្រព័ន្ធ​ការពារ ដែលជា​ប្រភេទ​កាំភ្លើង​ធំ​ប្រឆាំងនឹង​យន្តហោះ​នៅក្នុង​មូលដ្ឋាន​មួយចំនួន​ក្នុង​កោះ​ស្ព្រា​ត​លី​។ ផ្អែក​តាម​រូបភាព​ដែល​ចាប់​ដោយ​ផ្កាយរណប AMTI បាន​ពន្យល់ថា សំណង់​ដែលជា​ប្រភេទ​ការដ្ឋាន​យោធា បាន​សាងសង់​រួចទៅហើយ​នៅ​តំបន់​កោះ ដែល​ក្រុម​អ្នកជំនាញ​ចាត់ទុកថា​ជាការ​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​៕


Tag:
 ជប៉ុន​
  វៀតណាម​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com