ជាតិ
ព័ត៍មានសុខភាព
ក្រសួង ក្រើនរំលឹកមន្ទីរសុខាភិបាលពីការពង្រឹងអនាម័យ និងករណីពុលអាហារដល់ពលរដ្ឋ
× ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញវិធានការពង្រឹងការត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពចំណីអាហារ នៅតាមបណ្ដារាជធានី-ខេត្ត។ ការក្រើនរំលឹកនឹងពង្រឹងសុវត្ថិភាពបែបនេះ គឺដោយសារតែមានករណីពុលចំណីអាហារ ដែលបានកើតមានជាញឹកញាប់នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន ជាពិសេសក្រសួងមានគោលបំណងកាត់បន្ថយការផ្ទុះករណីពុលចំណីអាហារដល់ប្រជាពលរដ្ឋទូទៅ។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែមករា។
ដើម្បីពង្រឹងការងារត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពចំណីអាហារ ក្រសួងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សាធារណជនទូទៅ ចូលរួមថែរក្សាអនាម័យនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ក្រសួងបានធ្វើការណែនាំដល់មន្ទីរសុខាភិបាលគ្រប់រាជធានី-ខេត្ត ត្រូវជំរុញការអនុវត្តគោលការណ៍អនាម័យល្អជាប្រចាំនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ជាពិសេសអ្នកលក់ចំណីតាមដងផ្លូវ និងតាមទីសាធារណៈ។ ក្រសួង មានវិធានការឲ្យមន្ទីរសុខាភិបាល ត្រូវអប់រំប្រជាពលរដ្ឋតាមមូលដ្ឋាន និងទីប្រជុំជន ពិសេសអ្នកលក់ចំណីអាហារគ្រប់ប្រភេទនូវគោលការណ៍អនុវត្តអនាម័យល្អ រួមទាំងអ្នកបរិភោគផងដែរ។
ក្រសួងសុខាភិបាល នឹងជំរុញការត្រួតពិនិត្យចំណីអាហារទៅតាមបច្ចេកទេសសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ក្រសួង។ ម្យ៉ាងទៀត ក្រសួងសុខាភិបាល មានវិធានការ ត្រួតពិនិត្យវត្ថុធាតុដើម ប្រភពវត្ថុធាតុដើម ការចុះត្រួតពិនិត្យដល់ទីកន្លែងផលិត កន្លែងស្ដុកទុកចំណីអាហារ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ដូចជា ជ្រុញ កាំបិតជាដើម។ លើសពីនេះ ក្រសួង នឹងបន្តការអប់រំសុខភាពជាប្រចាំដល់សហគមន៍ អំពីគោលការណ៍អនុវត្តអនាម័យល្អក្នុងការរៀបចំ ចម្អិនម្ហូមអាហារ កន្លែងផលិតអាហារ ដើម្បីទទួលបានផលិតផលសម្រេចមួយប្រកបដោយអនាម័យ និងសុវត្ថិភាព ធ្វើយ៉ាងណាឲ្យចៀសផុតពីករណីពុលអាហារ។
ជាពិសេស មន្ទីរសុខាភិបាលគ្រប់រាជធានី ខេត្ត ត្រូវរាយការណ៍ជាប្រចាំ និងទៀងទាត់ ក្នុងការអប់រំអ្នកលក់ និងអ្នកផលិត ពីវិធានការទប់ស្កាត់ការពុលចំណីអាហារ និងសុវត្ថិភាពចំណីអាហារមកក្រសួងសុខាភិបាល។ បន្ថែមលើនេះ ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងត្រូវតែសកម្មក្នុងការអនុវត្តវិធានការនានា និងតាមដានកិច្ចការអនាម័យ និងសុវត្ថិភាពចំណីអាហារ។ ក្រសួងសុខាភិបាល សង្ឃឹមថា បន្ទាប់ពីទទួលបានសេចក្ដីណែនាំខាងលើ មន្ទីរសុខាភិបាលនឹងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕
© រក្សាសិទ្ធិដោយ thmeythmey.com