ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ Global Witness ថា កុំ​មកប្រឆាំងសម្ដេច ទាំង«​ឆ្កួត​លីលា»
20, Jan 2017 , 3:20 pm        
រូបភាព
​ភ្នំពេញ​៖  សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​អង្គការ​Global Witness ត្រូវ​សិក្សា​ឲ្យ​បានច្បាស់លាស់ អំពី​អ្វី​ទៅ​ដែល​ហៅថា កិច្ចប្រជុំ​ពិភាក្សា​ថ្នាក់​អន្តរជាតិ រវាង​ប្រទេស​ពាក់ព័ន្ធ​នីមួយៗ ដោយ​មិនត្រូវ​ចេះតែ​មានគំនិត​ប្រឆាំង​សម្ដេច ទាំង​មិនដឹង​ខុសត្រូវ​ឡើយ​។



​ការ​ប្រតិកម្ម​របស់​សម្ដេច ហ៊ុន សែន នេះ ក្រោយពី Global Witness បាន​លើកឡើងថា អង្គប្រជុំ​សេដ្ឋកិច្ច​អន្តរជាតិ នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស មិនគួរ​ផ្ដល់​វេទិការ​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា ចូលរួម​ស្វែងរក​ដៃគូរ​វិនិយោគ​អន្តរជាតិ​ថ្មី​នោះទេ​។ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដូច្នេះ​ថា​៖«​សូម​ផ្តាំ​ទៅ​អង្គការ Global Witness និង​បក្សពួក​ល្មម​ឈប់​ល្ងង់​និង​ឆ្កួតៗ​ទៀត​ទៅ​។​ប្រធានាធិបតី​ឬ​នាយករដ្ឋមន្ត្រី​គេ​ធ្វើការ​ជាមួយគ្នា​បែបនេះ​ដែលជា​ទម្លាប់​ធម្ម​តា​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ​។​បើ​ខួរក្បាល​មិនទាន់​ឡប់​ឬ​ឆ្កួត​ទេ​គួរ​ចូល​សាលារៀន​ថែមទៀត​ទៅ កុំមក​ប្រឆាំង​ខ្ញុំ​ទាំង​ឆ្កួត​លីលា​»​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​អង្គការ​Global Witness បានលើកឡើង​កាលពី​ថ្ងៃទី​១៨ មករា​ថា កិច្ចប្រជុំ​សេដ្ឋកិច្ច​អន្តរជាតិ នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស មិនគួរ​ផ្ដល់​វេទិការ​ឲ្យ​ម​ដឹកនាំ​ផ្ដាច់ការ​កម្ពុជា ចូលរួម​ស្វែងរក​ដៃគូរ​វិនិយោគ​អន្តរជាតិ​ថ្មី​នោះទេ​។ ការលើកឡើង​របស់​Global Witness នេះ​ដោយ​ភ្ជាប់​ជាមួយ​ទស្សនៈ​ថា ទិសដៅ​ដឹកនាំ​ប្រទេស​របស់​សម្ដេច ហ៊ុន សែន គឺមាន​គោលបំណង​ស្ថិតនៅ​ឆ្ងាយ​ពី​វេទិការ​សេដ្ឋកិច្ចពិភពលោក​នេះ ព្រោះ​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល ជាង​៣០​ឆ្នាំនេះ បានធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​គណបក្សប្រឆាំង ក្នុងនោះ​រួមទាំង​មានការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​, ការដាក់ទោសទណ្ឌ និង​ការរំលោភបំពាន​ច្បាប់ ដោយ​ការចាប់​ឃុំខ្លួន អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​ផងដែរ​៕


Tag:
 ​ហ៊ុន សែន​
  Global Witness
© រក្សាសិទ្ធិដោយ thmeythmey.com