អន្តរជាតិ
ត្រាំ ត្រៀម​ប្រើ​អំណាច​ប្រតិបត្តិ​ផ្លាស់ប្តូរ​អាមេរិក​តាម​សន្យា និង​គាស់​រំលើង​មរតក​នយោបាយ អូ​បា​ម៉ា​
20, Jan 2017 , 5:08 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយ​ស្បថ​ចូលកាន់​តំណែង    ប្រធានាធិបតី​ទី ៤៥ របស់​អាមេរិក​ត្រៀម​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ដើម្បី​បើកផ្លូវ​សម្រាប់​ការបង្ក្រាប​ជនអន្តោប្រវេសន៍ និង​ទាត់ចោល មរតក​នយោបាយ​រប​ស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា​មួយចំនួន​ផង​។ លោក​នឹង​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​សង់​ជញ្ជាំង​តាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​, លុបចោល​ច្បាប់​ស្តីពី​ប្រព័ន្ធ​សុខាភិបាល​និង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ជាច្រើន​ផង​។ 

ថ្ងៃ​សុក្រ​ទី ២០​មករា  លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​ទី ៤៥ ជា​ផ្លូវការ ហើយ​វា​មាន​ការងារ​ជាច្រើន​ដែល​លោក​ត្រូវបំពេញ​ជា​បន្តបន្ទាប់​។ មនុស្ស​សិ្ន​ទ្ធ​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាង​រួចហើយ​ថា លោក ដូ​ណា​ល់ ត្រាំ ត្រៀម​ប្រើ​ប៊ិច​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ជាច្រើន​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​គោលនយោបាយ​មួយចំនួន​ដែល​លោក​បាន​សន្យា​កន្លងមក​ដោយ​មិនចាំបាច់​ឆ្លងកាត់​សភា​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  អ្នកនាំពាក្យ​លោក​ដូ​ណា​ល់ ត្រាំ លោក Sean Spicer បានបញ្ជាក់​ដូច្នេះ​៖«​លោក ត្រាំ នឹង​ប្រែង​ប្រែង​ធ្វើការ​មិនមែន​ថ្ងៃទី​១ ឡើយ តែ​នៅ​ថ្ងៃទី ២ ទី ៣ និង​បន្តទៅទៀត​ដើម្បី​បង្កើត​ការផ្លាស់ប្តូរ​ពិតប្រាកដ​មួយ​ក្នុងសង្គម​អាមេរិក ។ ហើយ​ខ្ញុំ​គិតថា អ្នកនឹង​មើលឃើញ​សកម្មភាព​ទាំងនេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ឬ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ប៉ុណ្ណោះ​»​។ 
 
​បើតាម​មន្ត្រី​ខាងលើ​ដដែល លោក ដូ​ណា​ល់ ត្រាំ មាន​គម្រោង​ទៅ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​ភ្នាក់ងារ​ចារកម្ម​មជ្ឈិម (CIA) នៅ Virginia  នៅ​ថ្ងៃ​សៅរ៍​បន្ទាប់ពី​កាន់អំណាច​។ ត្រាំ កន្លងមក​បាន​រិះគន់​ប្រធាន​ស្ថាប័ន​នេះ​ដោយសារតែ​ស្ថាប័ន​នេះ​ចោទប្រកាន់ថា​រុស្ស៊ី​បាន​ចូល​លូកលាន់​ក្នុង​ដំណើរការ​បោះឆ្នោត​អាមេរិក​។  
 
​ក្រោយ​ស្បថ​ចូលកាន់​តំណែង​និង​បាន​អំណាច​ពេញដៃ​ហើយ​លោក ដូ​ណា​ល់ ត្រាំ នឹង​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ដែល​ខ្លួន​សន្យា​ដូចជា​សង់​ជញ្ជាំង​ដើម្បី​ដោះស្រាយ​បញ្ហា ជន​អន្ត​ប្រវេសន៍ និង​ពិចារណា​ឡើងវិញ​លើ​គោលនយោបាយ​ការបរទេស​, សុខាភិបាល និង​សេដ្ឋកិច្ច​ជាដើម​ផង​។ លោក​ទំនងជា​នឹង​ចេញ​បទបញ្ជា​ប្រតិបត្តិ​ក្នុង​អំណាច​ជា​ប្រធានាធិបតី​ដើម្បី​ទាត់ចោល​មរតក​នយោបាយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មួយចំនួន​ផង​។​
 
​បើតាម​ទីប្រឹក្សា​របស់លោក ដូ​ណា​ល់ ត្រាំ បទបញ្ជា​ប្រធានាធិបតី​ច្រើនជាង ២០០ ត្រូវបាន​រៀបចំឡើង​ឲ្យ​លោក​ចុះហត្ថលេខា​។ ប៉ុន្តែ​នៅតែ​គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា លោក​នឹង​ចុះហត្ថលេខា​លើ​បទបញ្ជា​ទាំងអស់នោះ​ឬក៏​អត់​ឡើយ​។ 
 
​ជាដើម បទបញ្ជា​ដំបូង​បំផុត​របស់លោក ដូ​ណា​ល់ ត្រាំ ដាក់ចេញ​គឺ​បង្ក្រាប​ក្រុម​ជន​អន្ត​ប្រវេសន៍​ដោយ​សង់​ជញ្ជាំង​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​។ ជា​ច្រើនដង​មកហើយ​លោក ដូ​ណា​ល់ ត្រាំ ប្រកាសថា លោក​នឹង​បន្ត​គម្រោង​សង់​ជញ្ជាំង​នៅតាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក ដើម្បី​រារាំង​ជនអន្តោប្រវេសន៍​។ លោក​អះអាងថា លោក​នឹង​ប្រើប្រាស់​លុយ​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ពីការប្រមូល​ពន្ធ​សិន ហើយ​ចាំ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ម៉ិចស៊ិក​បង់លុយ​តាម​ក្រោយ​។ ប៉ុន្តែ​ម៉ិ​ក​ស៊ិ​កប​ដិ​សេស​ធ​ការទាមទារ និង​ប្រកាសថា ខ្លួន​មិន​បង់​ឲ្យ​អាមេរិក​ជាដាច់ខាត​។​​
 
​ក្រៅពី​រឿង​ជញ្ជាំង ប្រធានាធិបតី​អាមេរិក​នេះ​នឹង​ប្រើប្រាស់​អំណាចនីតិប្រតិបត្តិ​របស់លោក​លុបចោល​ច្បាប់​ស្តី​ប្រព័ន្ធ​សុខាភិបាល​របស់លោក អូ​បា​ម៉ា (Obamacare) ហើយ​បង្កើត​ប្រព័ន្ធ​ធានា​រ៉ាប់​រ៉ង​សុខ​ស​ភិ​បាល​ថ្មី​ជំនួស​វិញ​ផង​។ 
 
​ដូ​ណា​ល់ ត្រាំ ក៏​នឹង​ផ្តល់​កំណត់ចំណាំ​ជា​ផ្លូវការ​ពាក់ព័ន្ធ​នឹង​គម្រោង​របស់ខ្លួន​ក្នុងការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ស្តង់ដា​មាស​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែលមាន​ភាគី ១២ ហើយ​លោក​ក៏​អាច​ចាប់ផ្តើម​ចរចា​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាមេរិក​ខាងជើង​ជាមួយ​កាណាដា​និង​ម៉ិ​ក​ស៊ិ​ក​។ 
 
​ការកំណត់​ទំនាក់ទំនង​ការទូត​ជាមួយ​គុយបា​ឡើងវិញ ក៏ដូចជា​ការលុបចោល​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ដែល​ទើប​ចូល​ជា​ធរមាន និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ចូល​ជាធរ​មានបាន​មួយឆ្នាំ ក៏​ស្ថិតក្នុង​បញ្ជីខ្មៅ​របស់លោក ដូ​ណា​ល់ ត្រាំ​ដែរ​៕

Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  ​ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com