COVID-19
ជាតិ
កម្ពុជា​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ២​ករណី​ទៀត ខណៈ​៣​នាក់​សះស្បើយ​
26, Jan 2021 , 8:54 am        
រូបភាព
​ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​២​នាក់​ទៀត ដែល​ម្នាក់​ជា​អ្នកដំណើរ​ពី​ប្រទេស​ថៃ និង​ម្នាក់ទៀត​ជា​អ្នកដំណើរ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មាន​អ្នកជំងឺ​៣​នាក់​បានជា​សះស្បើយ​។ បច្ចុប្បន្ន កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​៤៦០​ករណី ក្នុងនោះ សះស្បើយ ៤១២​នាក់ ហើយ​មាន​អ្នកជំងឺ​ចំនួន ៤៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

 
 
​មនុស្ស​ចំនួន ២​នាក់ ត្រូវបាន​ក្រសួងសុខាភិបាល​ប្រកាសថា មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។ ក្នុងនោះ​ម្នាក់​ជា​ស្ត្រី​ខ្មែរ​វ័យ​២៣​ឆ្នាំ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ មករា ហើយ​បច្ចុប្បន្ន​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។ កំពុង​សម្រាក​ព្យាបាល​ស្ត្រី​រូបនេះ មាន​អាសយដ្ឋាន​នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។  មួយ​ករណី​ទៀត លើ​បុរស​ឥណ្ឌូណេស៊ី វ័យ​២៤​ឆ្នាំ ដែល​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ បានធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូណេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា នៅ​ថ្ងៃទី​១២ មករា​។ បុរស​រូបនេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៦ មករា​នេះ​។ 
 
​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ដែរ​ថា​មាន​អ្នកជំងឺ​៣​នាក់​បាន​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​មាន​ស្ត្រី​ខ្មែរ​វ័យ​២១​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខេត្តព្រៃវែង ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ​មកដល់​កម្ពុជា​នៅ​ថ្អៃ​ទី ១០ មករា​។ ស្ត្រី​ខ្មែរ​វ័យ​១៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​បានធ្វើ​ដំណើរ​ពី​អាមេរិក បន្ត​ជើងហោះហើរ​នៅ​សិង្ហ​បុរី ហើយ​មកដល់​កម្ពុជា នៅ​ថ្ងៃទី ១២​មករា​។ ករណី​សះស្បើយ​មួយទៀត ជា​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​វ័យ​៣៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខេត្តសៀមរាប ដែល​ធ្វើដំណើរ​ពី​ឥ​ណ្ឌ​ណេ​ស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃទី​១២ មករា​។ 
 
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី ២៦ មករា កម្ពុជា  រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​៤៦០​ករណី ក្នុងនោះ សះស្បើយ ៤១២​នាក់ ហើយ​មាន​អ្នកជំងឺ​ចំនួន ៤៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

© រក្សាសិទ្ធិដោយ thmeythmey.com