ជាតិ
សង្គមជាតិ
លទ្ធផលជំរឿន៖ ភ្នំពេញ កណ្តាល ព្រៃវែង និងសៀមរាប មានពលរដ្ឋច្រើនជាងគេ
26, Jan 2021 , 2:50 pm        
រូបភាព
ដោយ: រួបរួម
រាជធានីភ្នំពេញ មានពលរដ្ឋជាង២.២៨លាននាក់ ដែលជាចំនួនច្រើនជាងគេនៅកម្ពុជា ខណៈកណ្តាល ព្រៃវែង និងសៀមរាប មានជាង១លាននាក់រៀងៗខ្លួន។ នេះបើតាមរបាយការណ៍លទ្ធផលចុងក្រោយនៃជំរឿនទូទៅនៅកម្ពុជានៅឆ្នាំ២០១៩របស់ក្រសួងផែនការ។



ក្នុងចំណោមពលរដ្ឋសរុប១៥.៥៥លាននាក់ដែលត្រូវបានជំរឿនកាលពីឆ្នាំ២០១៩ រាជធានីភ្នំពេញ មានពលរដ្ឋជាង២.២៨លាននាក់ ខេត្តកណ្តាលស្ថិតនៅលំដាប់ទី២ ដោយមានជាង១.២លាននាក់ បន្ទាប់មកខេត្តព្រៃវែង មានជាង១.០៥លាននាក់ និងខេត្តសៀមរាប មានជាង១.០១លាននាក់។

បាត់ដំបងស្ថិតនៅលំដាប់ទី៥ ដោយមានពលរដ្ឋជាង៩៩.៧១ម៉ឺននាក់ តាកែវជាង៩០ម៉ឺននាក់ កំពង់ចាមជាង៨៩.៩៧ម៉ឺននាក់ កំពង់ស្ពឺជាង៨៧.៧៥ម៉ឺននាក់ បន្ទាយមានជ័យជាង៨៦.១៨ម៉ឺននាក់ ត្បូងឃ្មុំជាង៧៧.៦៨ម៉ឺននាក់ កំពង់ធំជាង៦៨.១៥ម៉ឺននាក់ កំពតជាង៥៩.៣៨ម៉ឺននាក់ កំពង់ឆ្នាំងជាង៥២.៧ម៉ឺននាក់ និងស្វាយរៀងជាង៥២.៥៤ម៉ឺននាក់។

ពោធិ៍សាត់ មានពលរដ្ឋជាង៤១.៩៩ម៉ឺននាក់ ក្រចេះ ជាង៣៧.៤៧ម៉ឺននាក់ ព្រះសីហនុ ជាង៣១ម៉ឺននាក់ ឧត្តរមានជ័យ ជាង២៧.៦ម៉ឺននាក់ ព្រះវិហារ ជាង២៥.៤៨ម៉ឺននាក់ រតនគិរី ជាង២១.៧៤ម៉ឺននាក់ ក្រចេះជាង១២.៥៩ម៉ឺននាក់ និងស្ទឹងត្រែងជាង១៦.៥៧ម៉ឺននាក់។

រីឯបណ្តាខេត្តដែលមានពលរដ្ឋក្រោម១០ម៉ឺននាក់ រួមមាន មណ្ឌលគិរី ជាង៩២០០០នាក់ ប៉ៃលិន ជាង៧៥០០០នាក់ ខណៈកែប មានត្រឹមជាង៤២០០០នាក់ប៉ុណ្ណោះ។ នេះបើតាមលទ្ធផលចុងក្រោយនៃជំរឿនឆ្នាំ២០១៩។

នៅរាជធានីភ្នំពេញ ខណ្ឌឫស្សីកែវមានពលរដ្ឋច្រើនជាងគេ ពោលគឺមានជាង២៧.៤៨ម៉ឺននាក់ បន្ទាប់មកខណ្ឌមានជ័យ មានជាង២៤.៨៤ម៉ឺននាក់ ខណ្ឌពោធិ៍សែនជ័យ ជាង២២.៦៩ម៉ឺននាក់ ខណ្ឌព្រែកព្នៅ មានជាង១៨.៨១ម៉ឺននាក់ និងខណ្ឌសែនសុខ មានជាង១៨.២៩ម៉ឺននាក់។

រីឯសង្កាត់ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនច្រើនជាងគេ គឺសង្កាត់ទួលសង្កែ១ (ឫស្សីកែវ) ជាង៨៦០០០នាក់ សង្កាត់ដង្កោ (ដង្កោ) ជាង៧៦០០០នាក់ សង្កាត់គោករកា (ព្រែកព្នៅ) ជាង៦១០០០នាក់, សង្កាត់ឫស្សីកែវ (ឫស្សីកែវ) ជាង៥៧០០០នាក់ និងចោមចៅ១ (ពោធិ៍សែនជ័យ) ជាង៥៥០០០នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com