ជាតិ
ការជួសជុល​ប្រាសាទ ប្រៀបដូចជា​ការមើល​ថែ​មនុស្ស​ចាស់​
27, Jan 2021 , 1:59 pm        
រូបភាព
ដោយ:
​សៀមរាប​៖ ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាចធ្វើ​បាន​នោះទេ គឺ​ទាមទារ​ឲ្យ​មាន​ភាព​អត់ធ្មត់ និង​បច្ចេកទេស​ជួសជុល​ត្រឹមត្រូវ​។ ក្រុម​អ្នកជំនាញ​អភិរក្ស​និង​ជួសជុល​ប្រាសាទរលួស បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា ការងារ​ជួសជុល​ប្រាសាទ​គ្មាន​ទីបញ្ចប់​នោះទេ​ប្រៀបបាន​នឹង​ការ​មើលថែ​មនុស្ស​ចាស់​។


 
 
​ក្នុងនាម​ជា​អ្នកថែរក្សា​ប្រាសាទ​ជាង​២០​ឆ្នាំ លោក គឹម​ហួល មាន​អារម្មណ៍​រំភើប​និង​ពេញចិត្ត​ខ្លាំង​ចំពោះ​ការងារ​នេះ​។ លោក​ថា​៖«​ការងារ​អភិរក្ស​អត់​មាន​ទីបញ្ចប់​ទេ​ប្រៀប​ដូច​ការ​មើលថែ​មនុ​ស្សមនុស្ស​ចាស់​អ៊ីចឹង មនុស្ស​ចាស់ជរា​ហើយ​យើង​ត្រូវ​ព្យាបាល​គាត់​រហូត​ឲ្យ​គាត់​មាន​ព្រះជន្ម​រហូត​»​។​
 
​លោក សា​រ៉ា​យ គឹម​ហួល ជា​មន្ត្រី​បច្ចេកទេស​អភិរក្ស​ប្រាសាទរលួស បាន​ឲ្យ​ដឹងថា ប្រាសាទលលៃ បានចាប់ផ្ដើម​ការងារ​អភិរក្ស​និង​ជួសជុល នៅ​ឆ្នាំ​២០០០ ដោយមាន​ការធ្វើ​កំណាយ​ស្រាវជ្រាវ​មួយចំនួន ក្នុង​បរិវេណ​តំបន់​រមណីយដ្ឋាន​រលួស​ផងដែរ​។ លោក​បាន​បញ្ជាក់ថា ការធ្វើ​កំណាយ​ស្រាវជ្រាវ​កន្លងមក បាន​ប្រទះឃើញរ​ចនាស​ម្ធ័​ន្ធ​ជាច្រើន​ដូចជា​គ្រឹះ​កំពែង និង​ខ្លោងទ្វារ​ប្រាសាទលលៃ​ជាដើម​។​
 
​ដោយឡែក​លោក លី ពុទ្ធា ជា​ស្ថាបត្យករ​អភិរក្ស​ក្រុម​ប្រាសាទរលួស ក៏មាន​ការយល់ឃើញ​មិន​ខុសគ្នា​ប៉ុន្មាន​ពី​លោក សា​រ៉ា​យ គឹម​ហួល ដែរ ជុំវិញ​ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ លោក​ប្រាប់ថា​៖«​ការអភិរក្ស​ប្រាសាទ​ដូច​ព្យាបាល​មនុស្ស​ចាស់​នៅ​មន្ទីរពេទ្យ​។ ដូច្នេះ​ត្រូវមាន​ក្បួនខ្នាត​ត្រឹមត្រូវ និង​ច្បាស់លាស់​មុន​សម្រេច​ជួសជុល​»​។ 


លោក លី ពុទ្ធា 
​បើតាម​លោក លី ពុទ្ធា មុន​ជួសជុល​ប្រាសាទ​មួយ ត្រូវ​ដឹង​ពី​ស្ថានភាព​ប្រាសាទ​ជាមុនសិន ពិសេស​ប្រាសាទ​ដែលមាន​វ័យ​ចំណាស់​។ លោក លី ពុទ្ធា ប្រាប់ទៀតថា «​បើសិន​ស្ថានភាព​ប្រាសាទ​នោះ​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់ ក្រុម​អភិរក្ស​ប្រាសាទ​នឹង​ប្រើ​វិធី​អន្តរាគមន៍​បន្ទាន់ដោយ​យក​ធ្វើជា​ចន្ទល់ មុន​ជួសជុល​ប្រាសាទ​នោះ​។ ប៉ុន្តែ​មុននឹង​ជួសជុល​ផ្នែក​ណាមួយ ត្រូវ​ថ្លឹងថ្លែង មាន​ភស្ដុតាង​ត្រឹមត្រូវ និង​រក្សា​ទម្រង់​ដើម​»​។​
 
​ស្ថាបត្យករ​អភិរក្ស​ប្រាសាទ​រូបនេះ​ប្រាប់ថា​ការជួសជុល​ប្រាសាទ មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ការថែរក្សា​រាងកាយ​មនុស្ស​ដែរ​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​៖«​ដូច​ខ្លួន​យើង​អ៊ីចឹង អភិរក្ស​ស្បែក អភិរក្ស​សក់ ចាស់​ទៅ​ប្រឹង​លាប​សក់​ជាដើម​តែ​ប្រាសាទ សម្ភារ​បុរាណ ហើយ​គោលការណ៍​អភិរក្ស​ចង់​ថែរក្សា​សម្ភារ​បុរាណ​បច្ចេកទេស​បុរាណ និង​ទម្រង់​ប្រាសាទ​ដដែល​»​។ 
 
​ក្រៅពី​អ្នកជំនាញ​អភិរក្ស​ប្រាសាទ​នៅ​បរិវេណ​តំបន់​រមណីយដ្ឋាន​ប្រាសាទរលួស ក៏មាន​ក្រុម​អ្នក​ជួសជុល​ប្រមាណ​១៧​នាក់ កំពុង​មមាញឹក​ក្នុង​ការងារ​ជួសជុល និង​ថែទាំ​ប្រាសាទលលៃ​ផងដែរ​។ លោក ស៊ឹម អៃ អាយុ​៧៦​ឆ្នាំ ជា​អ្នក​ខេត្តសៀមរាប បាន​ចំណាយពេល​ជាង​២០​ឆ្នាំ ក្នុង​ការងារ​ថែទាំ​ប្រាសាទ​នេះ សម្រាប់​កូនចៅ​និង​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​។ 
 
​លោក​អ៊ំ ស៊ឹម អៃ បាន​រៀបរាប់​ពី​ដំណើរការ​នៃ​ការជួសជុល​ប្រាសាទបុរាណ​ថា ការងារ​នេះ មិនមាន​ភាពលំបាក​នោះទេ ។ សម្រាប់​ការងារ​លោក​អ៊ំ អៃ គឺ​ការពារ​កុំ​ឲ្យ​ឫស​ឈើ​ចាក់​ចូល​ប្រាសាទ ដែល​នាំ​ឲ្យ​ប៉ះពាល់​សំណង់​ប្រាសាទ ។​
 


លោក ស៊ឹម អៃ

​លោក​អ៊ំ​បាន​ប្រាប់ថា​៖«​ខ្ញុំ​ស្រលាញ់​ណាស់​ប្រាសាទ បើ​កុំ​ស្រលាញ់​អាយុ​ប៉ុន​ណេះ​ហើយ​មិនគួរណា​មក​ធ្វើ​ទេ តែដោយសារ​កិត្តិយស តម្លៃ​ប្រាសាទ​ខ្ពស់​សម្រាប់​កូនចៅ​ទៅ​ថ្ងៃ​អនាគត​»​។ 
 
​ជាង​២០​ឆ្នាំ​នៃ​ការ​មើលថែ​ប្រាសាទ​នេះ លោក​អ៊ំ ស៊ឹម អៃ កាន់តែ​ឈានដល់​វ័យ​ចំណាស់ ដូច្នេះ​លោក​អ៊ំ​មានគំនិត​ចង់​បណ្ដុះបណ្ដាល​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ចូលរួម​ថែរក្សា​ប្រាសាទ ដើម្បី​ឲ្យ​ប្រាសាទបុរាណ​អាច​គង់វង្ស​យូរអង្វែង​។​
 
​សូមបញ្ជាក់ថា ប្រាសាទលលៃ កសាង​ដោយ​ព្រះបាទ​យ​សោ​វរ្ម័នទី​១ នា​ចុង​សតវត្សរ៍​ទី​៩ នៃ​គ​.​ស​.៨៩៣ ដើម្បី​ឧទ្ទិស​ដល់​បុព្វការី​ជន​របស់​ព្រះអង្គ​។ ក្រុម​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​កំណាយ​ស្រាវជ្រាវ និង​ជួសជុល​ប្រាសាទលលៃ​ឡើងវិញ ដើម្បី​អភិរក្ស​និង​លើក​តម្លៃ​ប្រាសាទ​ឱ្យ​រួច​ផុតពី​ហានិភ័យ ដែល​រង​ការខូចខាត​ដោយ​កត្តា​អាកាសធាតុ ការបំផ្លាញ​ដោយ​រុក្ខជាតិ និង​អាយុកាល​របស់​សំណង់ ៕
 



 

Tag:
 ប្រាសាទលលៃ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com