COVID-19
អន្តរជាតិ
COVAX អាច​នឹង​ផ្តល់​វ៉ាក់សាំង​១៥០​លាន​ដូ​ស​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១
27, Jan 2021 , 2:33 pm        
រូបភាព
ច្រវាក់ផលិតកម្មវ៉ាក់សាំងកូវីដ-១៩ ។ រូបថត Xinhua
ច្រវាក់ផលិតកម្មវ៉ាក់សាំងកូវីដ-១៩ ។ រូបថត Xinhua
ដោយ:
​យន្តការ COVAX ដែល​បង្កើតឡើង​ដើម្បី​ផ្តល់​វ៉ាក់សាំង​ដល់​ក្រីក្រ បញ្ជាក់ថា ខ្លួន​មាន​សមត្ថភាព​ក្នុង​ការផ្តល់​វ៉ាក់សាំង​ចំនួន​១៤៥ ទៅ​១៥០​លាន​ដូ​ស​ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០២១​។ ការអះអាង​ពី​លទ្ធភាព​ក្នុងការ​ផ្តល់​វ៉ាក់សាំង​នេះ ជា​ជំហាន​ដំបូង​នៃ​ផែនការ​ក្នុង​ការទិញ​វ៉ាក់សាំង​ឲ្យ​បាន​ចំនួន​២​ពាន់​លាន​ដូ​ស​។​

 
​យន្តការ COVAX ត្រូវបាន​បង្កើតឡើង​ដើម្បី​ចែកចាយ​វ៉ាក់សាំង​ដោយ​សមធម៌​ជុំវិញ​ពិភពលោក និង​ត្រូវបាន​ដឹកនាំ​រួមគ្នា​ដោយ​សម្ព័ន្ធ​វ៉ាក់សាំង GAVI អង្គការ​សុខភាព​ពិភពលោក​(WHO) និង CEP I​។ យន្តការ​នេះ​មានបំណង​ផ្តល់​វ៉ាក់សាំង​៥០០​លាន​ដូ​ស​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១ និង​១,៥០០​លាន​ដូ​ស​បន្ថែមទៀត​នៅ​ចុងឆ្នាំ​២០២១​។​
 
​ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) លោក​វេជ្ជបណ្ឌិត Seth Berkley ប្រធាន​សម្ព័ន្ធ​វ៉ាក់សាំង​GAVI និយាយថា COVAX មានលទ្ធភាព​ក្នុង​ការធានា​វ៉ាក់សាំង​ចំនួន​១៥០​លាន​ដូ​ស ដោយសារតែ​យន្តការ​នេះ​បាន​ចរចា​ទិញ​វ៉ាក់សាំង​បន្ត​ពី​ប្រទេស​អភិវឌ្ឍ​ដែល​បាន​កក់​វ៉ាក់សាំង​ហួស​ពី​ចំនួន​ដែល​ខ្លួន​ត្រូវការ​។ 
 
«​ច្បាស់​ណាស់​ពេលនេះ ពិភពលោក​ស្លន់ស្លោ​រឿង​វ៉ាក់សាំង ហើយ​ប្រទេស​ជាច្រើន​ចង់បាន​វ៉ាក់សាំង​»​។ នេះ​ជាការ​ថ្លែង​របស់លោក Berkley នៅ​ថ្ងៃទី​២៦ មករា ដែល​បន្តថា យន្តការ COVAX នឹងធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ឈានទៅ​មុខ​។ ប្រធាន GAVI រូបនេះ បន្ថែមថា ខ្លួន​រង់ចាំ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​នូវ​វ៉ាក់សាំង​ច្រើន​ប្រភេទ​ផ្សេងទៀត​ពី WHO ដើម្បី​ចែកចាយ​វ៉ាក់សាំង​ឲ្យ​បាន​ទូលំទូលាយ​។ នៅ​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០២០ WHO បានផ្តល់​ការប្រើប្រាស់​ជាបន្ទាន់​ដល់​វ៉ាក់សាំង Pfizer/BioNTech​។​
 
​បើតាម​លោក Berkley ស្របពេល​ទទួលបាន​វ៉ាក់សាំង​ពី​ប្រទេស​ដែលមាន​វ៉ាក់សាំង​លើស​ចំនួន​ត្រូវការ​ក្តី COVAX ក៏មាន​លទ្ធភាព​ក្នុង​ការទិញ ឬ​បញ្ជា​ទុក​មុន​ដើម្បី​ទទួលបាន​វ៉ាក់សាំង​ផ្ទាល់ខ្លួន​ផងដែរ​។ លោក​កត់សម្គាល់ថា ប្រទេស​មាន​ចំណូល​ខ្ពស់​បាន​កក់​វ៉ាក់សាំង​ដែល​ទទួលបាន​ការអនុញ្ញាត​ចំនួន​៨០០​លាន​ដូ​ស ដែល​ចំនួន​លើសពី​ការ​ត្រូវការ និង​កក់​វ៉ាក់សាំង​១,៤​ពាន់​លាន​ដូ​ស​ទៀត ទាំង​មិនទាន់​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្ដី​។ នេះ​យោងតាម​សារព័ត៌មាន​The Straits Times​។​
 
​ឆ្លៀតឱកាស​នោះ លោក​ក៏​រំឭក​ផងដែរ​ថា រឿង​សំខាន់បំផុត​សម្រាប់​វ៉ាក់សាំង​គឺ​រយៈ​ពេលដែល​វ៉ាក់សាំង​អាច​ប្រើប្រាស់​បាន ការប្រើប្រាស់​នៅ​ទីតាំង​ផ្សេងៗ​គ្នា​នៃ​ពិភពលោក ការដឹកជញ្ជូន​ពី​អ្នក​ផលិត​ទៅ​អ្នកទទួល និង​ការរក្សា​ទុក​នៅ​កន្លែង​ដែលមាន​សីតុណ្ហភាព​ដ៏​ត្រជាក់​មួយ​។​
 
​ទាក់ទង​រឿង​វ៉ាក់សាំង គេ​មិនអាច​រំលង​ការដឹកជញ្ជូន​ឡើយ​។ លោក Dorothea von Boxberg ប្រធាន​ផ្នែក​បុគ្គលិក​ដឹកទំនិញ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa និយាយថា ក្រៅពី​វ៉ាក់សាំង គេ​ក៏​ត្រូវការ​ការដឹកជញ្ជូន​សម្ភារ​បន្ថែម​ដូចជា​សឺ​រ៉ាំ​ង និង​ឧបករណ៍​ដើម្បី​រក្សា​វ៉ាក់សាំង​ក្នុង​សីតុណ្ហភាព​ត្រជាក់​ជាដើម​៕

Tag:
 ​កូ​វីដ​-១៩
  COVAX
© រក្សាសិទ្ធិដោយ thmeythmey.com