COVID-19
អន្តរជាតិ
IMF៖ សេដ្ឋកិច្ចពិភពលោក នឹង​កើន​៥,៥​ភាគរយ​នៅក្នុង​ឆ្នាំ​២០២១
27, Jan 2021 , 8:29 pm        
រូបភាព
កំពង់ផែក្រុងតាលៀនរបស់ចិន។ រូបថត Xinhua
កំពង់ផែក្រុងតាលៀនរបស់ចិន។ រូបថត Xinhua
​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​ថ្ងៃទី​២៦ ខែមករា បាន​ប៉ាន់ប្រមាណ​ថា សេដ្ឋកិច្ច​សកល នឹង​ងើប​៥,៥​ភាគរយ នៅក្នុង​ឆ្នាំ​២០២១ បន្ទាប់ពី​រងគ្រោះ​ដោយសារ​ការអុកឡុករ​បស់​កូ​វីដ​-១៩ ។ ការកើនឡើង​នៃ​សេដ្ឋកិច្ច​សកល​នេះ ដោយសារតែ​កម្មវិធី​ចាក់​វ៉ាក់សាំង ដែល​បណ្តាលឱ្យ​រដ្ឋ​ជាច្រើន​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅក្នុង​ប្រទេស និង​ការបិទ​តំបន់​ជាដើម​។

 
​ក្នុង​ឆ្នាំ​២០២០ កូ​វីដ​-១៩ បាន​រាលដាល​ទៅគ្រប់​កន្លែង​នៃ​ពិភពលោក ស្រប​ប្រទេស​ជាច្រើន បាន​បិទ​តំបន់ ទីក្រុង អនុវត្ត​វិធាន​រឹតត្បិត បម្រាម​គោចរ ផ្អាក​ដំណើរការ​របស់​អាជីវ​កម្ម ឬ​ក្រុមហ៊ុន ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺឆ្លង​សកល​មួយ​នេះ​។ ដោយសារតែ​វិធានការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​នីមួយៗ​នៅ​ជុំវិញ​ពិភពលោក សេដ្ឋកិច្ច​សកល​ថយចុះ​៣,៥​ភាគរយ​នៅក្នុង​ឆ្នាំ​២០២០​។ ចំនួន​នេះ គឺ​ថយចុះ​ខ្លាំង​បំផុត បើ​គិត​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​។ 
 
​យ៉ាងណាមិញ IMF បាន​ប៉ាន់ប្រមាណ​ថា នៅក្នុង​ឆ្នាំ​២០២១ សេដ្ឋកិច្ច​សកល នឹង​ងើប​ឡើងវិញ ដោយ​កើន​រហូតដល់​ទៅ ៥,៥​ភាគរយ​ឯណោះ​។ នៅក្នុង​ខែតុលា ឆ្នាំ​២០២០ IMF បាន​វាយតម្លៃថា សេដ្ឋកិច្ច​សកល នឹង​កើន​ត្រឹមតែ ៥,២ ភាគរយ​ប៉ុណ្ណោះ​។ 
 
​នៅក្នុង​របាយការណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែមករា​នេះ IMF បាន​រំពឹងថា ក្នុងចំណោម​ប្រទេស​ទាំងអស់ ឥណ្ឌា នឹង​ហក់​ឡើង​ខ្ពស់​ជាងគេ ដោយមាន​សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​កើន​១១,៥ ភាគរយ បន្ទាប់ពី​ថយចុះ​៨​ភាគរយ នៅក្នុង​ឆ្នាំ​២០២០​។ ចំណែក​ចិន​វិញ នឹងមាន​កំណើនសេដ្ឋកិច្ច ៨,១​ភាគរយ ខណៈ​កំណើនសេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​២,៣​ភាគរយ​។ រីឯ​ជប៉ុន មាន​កំណើនសេដ្ឋកិច្ច ៣,១​ភាគរយ​។ 
 
​ដោយឡែក​អាមេរិក​ឯណោះ​វិញ សេដ្ឋកិច្ច​មហាអំណាច​មួយ​នេះ នឹង​កើន​ចំនួន ៥,១​ភាគរយ ខណៈ​សេដ្ឋកិច្ច​ប្រទេស​អឺរ៉ុប​ជារួម​នឹង​កើន ៤,២​ភាគរយ​។ សេដ្ឋកិច្ច​បារាំង​កើន​៥,៥​ភាគរយ​, អាល្លឺម៉ង់​មាន ៣,៥​ភាគរយ​, អ៊ីតាលី​មាន​៣​ភាគរយ និង​អេ​ស្ប៉ា​ញ​មាន​៥,៩​ភាគរយ​។ ចក្រភព​អង់គ្លេស នឹងមាន​កំណើនសេដ្ឋកិច្ច ៤​ភាគរយ បន្ទាប់ពី​កំណើនសេដ្ឋកិច្ច​ថយចុះ ១០​ភាគរយ នៅក្នុង​ឆ្នាំ​២០២០​។ 
 
​ក្រៅពី​សេដ្ឋកិច្ច​របស់​ពិភពលោក ទំហំ​ពាណិជ្ជកម្ម​របស់​ពិភពលោក ក៏​ងើបឡើង​ផងដែរ​។ នៅក្នុង​ឆ្នាំ​២០២០ ពាណិជ្ជកម្ម​ពិភពលោក​ធ្លា​ក់ជាង​៩​ភាគរយ តែ​នឹង​កើន​៨,១​ភាគរយ​វិញ​នៅក្នុង​ឆ្នាំ​២០២១​។ ក្នុងនោះ ពាណិជ្ជកម្ម​របស់​ក្រុម​ប្រទេស​អភិវឌ្ឍ​កើន​៧,៥​ភាគរយ និង​ពាណិជ្ជកម្ម​របស់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​កើន​ចំនួន​៩,២​ភាគរយ​។ 
 
​កំណើនសេដ្ឋកិច្ច​ទាំងនេះ កើនឡើង​ដោយសារតែ​វ៉ាក់សាំង​កូ​វីដ​-១៩ ការបន្ធូរបន្ថយ​ការ​រឹតត្បិត​នៅក្នុង​ប្រទេស និង​ការលើកទឹកចិត្ត​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​ត្រលប់មក​សភាព​ធម្មតា​វិញ​។ ជាមួយគ្នានេះ ជំនួយ​សង្គ្រោះ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ក៏​ជា​ផ្នែក​មួយ​នៃ​កំណើនសេដ្ឋកិច្ច​ផងដែរ​។ 
 
​សូមបញ្ជាក់ថា បើទោះបីជា​ប៉ាន់ប្រមាណ​ថា​សេដ្ឋកិច្ចពិភពលោក​នឹង​កើនឡើង​ក្នុង​ឆ្នាំ​២០២១ ក៏ដោយ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ព្រមាន​ថា ពិភពលោក នៅតែ​ប្រឈម​នឹង​ភាពមិន​ប្រកដប្រជា​ដដែល ដោយសារ​ទម្រង់​ថ្មី​នៃ​កូ​វីដ​-១៩ ដែល​អាចធ្វើឱ្យ​មានការ​កើនឡើង​ករណី​ឆ្លង​ជាថ្មី​, ការ​ចែកចាយ​វ៉ាក់សាំង និង​បញ្ហា​ផ្សេងទៀត​ជាដើម​៕

Tag:
 IMF
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com