COVID-19
អន្តរជាតិ
វៀតណាម រកឃើញករណីឆ្លងកូវីដ-១៩ ក្នុងស្រុកពីរនាក់ ក្រោយអវត្តមាន៥៥ថ្ងៃ
28, Jan 2021 , 10:30 am        
រូបភាព
វៀតណាម នៅថ្ងៃទី២៨ ខែមករា បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួនពីរនាក់ក្នុងរយៈពេលជិតពីរខែមកនេះ។ ករណីឆ្លងថ្មី ត្រូវរកឃើញមុនពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់វៀតណាម និងស្របពេលកិច្ចប្រជុំដ៏ធំរបស់បក្សកុម្មុយនីស្តវៀតណាម ដែលធ្វើឱ្យមានការបារម្ភខ្លាំង។



ករណីឆ្លងកូវីដ-១៩ ចំនួនពីរត្រូវរកឃើញនៅខេត្ត Hải Dương និង Quảng Ninh ដែលនៅភាគខាងជើងវៀតណាម។ នេះជាករណីថ្មីលើកដំបូងក្នុងរយៈពេល៥៥ថ្ងៃចុងក្រោយ។

នៅខេត្ត Hải Dương អ្នកជំងឺដែលមានលទ្ធផលតេស្តវិជ្ជមាន ជាស្រ្តីវ័យ៣៤ឆ្នាំ ដែលធ្វើការនៅក្រុមហ៊ុនមួយក្នុងខេត្តនេះ។ ស្រ្តីរូបនេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយស្រ្តីម្នាក់ទៀតដែលមានលទ្ធផលតេស្តវិជ្ជមានពេលទៅដល់ទីក្រុងអូសាកា ប្រទេសជប៉ុន។ បើតាមក្រសួងសុខាភិបាលវៀតណាម ជប៉ុនបានជូនដំណឹងពីការរកឃើញរបស់ខ្លួន ហើយវៀតណាម ក៏រួសរាន់តាមរកអ្នកដែលមានទំនាក់ទំនងជាមួយស្ត្រីរូបនេះ។

ឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam បានបញ្ជាឱ្យអាជ្ញាធរ និងមន្ត្រីសុខាភិបាល ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីទប់ស្កាត់ការរាលដាលក្នុងរយៈពេល១០ថ្ងៃ។ ខណៈករណីឆ្លងថ្មីនេះអាចពាក់ព័ន្ធជំងឺកូវីដ-១៩ ទម្រង់ថ្មី លោកណែនាំមន្ត្រីទាំងអស់ធ្វើការឱ្យប្រុងប្រយ័ត្នបំផុត។

ចំណែកករណីថ្មីនៅខេត្ត Quảng Ninh ជាបុរសវ័យ៣១ឆ្នាំ ដែលធ្វើការនៅព្រលានយន្តហោះក្នុងខេត្តនេះ។ បុរសរូបនេះ ជាអ្នកសម្របសម្រួលអ្នកដំណើរមានកូវីដ-១៩ ទៅកាន់កន្លែងធ្វើព្យាបាល។ នពបើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News ។

បើទោះជាករណីថ្មីមានតិចតួចក្ដី អាជ្ញាធរវៀតណាម មិនបានបន្ធូរដៃឡើយ ព្រោះរដូវកាលជួបជុំចូលឆ្នាំនឹងមកដល់ខែក្រោយ។ ជាធម្មតា ពលរដ្ឋវៀតណាមតែងជួបជុំគ្រួសារដើម្បីអបអរ ដែលការណ៍ធ្វើឱ្យរដ្ឋាភិបាលកាន់តែបារម្ភពីលទ្ធភាពឆ្លងក្នុងសហគមន៍។ ករណីថ្មី ក៏កើតឡើងចំពេលបក្សកុម្មុយនីស្តវៀតណាមរៀបចំសមាជរបស់ខ្លួន។ ជាវិធានការការពារ ម៉ាស់ត្រូវបានពាក់ក្នុងកិច្ចប្រជុំ ខណៈពីរបីថ្ងៃមុន មិនបានតម្រូវឡើយ។

គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងសរុបជាង១៥០០នាក់ និងស្លាប់៣៥នាក់ប៉ុណ្ណោះ៕





© រក្សាសិទ្ធិដោយ thmeythmey.com