COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
មន្ត្រី​អូឡាំពិក​ជប៉ុន​៖ អូឡាំពិក​ក្រុង​តូ​ក្យូ​ដំណើរការបាន អាស្រ័យ​លើ​ការគាំទ្រ​របស់​អាមេរិក​
29, Jan 2021 , 8:29 am        
រូបភាព
ការប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​គ្រោង​ចាប់ផ្តើម​នៅ​ខែកក្កដា ឆ្នាំ​២០២១ ធ្វើទៅបាន​អាស្រ័យ​លើ​ការគាំទ្រ​ពី​អាមេរិក​ដែលមាន​លោក ចូ បៃ​ឌិន ជា​ប្រធានាធិបតី​ថ្មី​។ នេះ​ជាស​ម្តី​លោក Haruyuki Takahashi សមាជិក​គណៈកម្មាធិកា​រ​រៀបចំ​អូឡាំពិក​ក្រុង​តូ​ក្យូ (TOC) ដែល​កាសែត Wall Street Journal ដកស្រង់​មក​ផ្សាយ​។​


​គណៈ​ក​ម្មា​ធិ​អូឡាំពិក​អន្តរជាតិ (IOC) និង​អ្នករៀបចំ​ព្រឹត្តិការណ៍​កីឡា​ជប៉ុន​នៅតែមាន​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការបន្ត​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ ដ្បិត​មានការ​កើនឡើង​ករណី​ឆ្លង COVID-19 ក៏ដោយ​។ ទោះបី​មានការ​អះអាង​ពី IOC និង​ម្ចាស់ផ្ទះ​ជប៉ុន​បែបនេះ​ក្តី តែ​លោក Takahashi សមាជិក TOC គិតថា អនាគត​អូឡាំពិក​អាច​ពឹង​ផ្អែកលើ​ការគាំទ្រ​របស់​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន ជា​ចាំបាច់​។​
 
​សមាជិក TOC រូបនេះ បាន​ប្រាប់​កាសែត WSJ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៧ ខែមករា​ថា​៖ «​លោក​បៃ​ឌិន កំពុង​ប្រឈមមុខ​នឹង​ស្ថានភាព​ដ៏​លំបាក​ជាមួយ COVID-19​។ ប៉ុន្តែ​ប្រសិនបើ​គាត់​ធ្វើ​សេចក្តីថ្លែងការណ៍​វិជ្ជមាន​ជុំវិញ​ដំណើរការ​អូឡាំពិក យើង​នឹង​ទទួលបាន​សន្ទុះ​គាំទ្រ​កាន់តែ​ខ្លាំងក្លា​»​។​
 
​លោក Takahashi ដែលមាន​វ័យ​៧៦​ឆ្នាំ​បន្ថែម​ទាំង​មុតមាំ​ថា អូឡាំពិក​ក្រុង​តូ​ក្យូ​ដំណើរការ​ទៅបាន​ក៏​អាស្រ័យ​លើ​ការគាំទ្រ​របស់​ភាគី​អាមេរិក​ដែរ ហើយ​លោក Thomas Bach ប្រធាន IOC រួមទាំង​ស្ថាប័ន IOC ផ្ទាល់ ក៏​មិនមែនជា​បុគ្គល​ដែល​អាច​សម្រេចចិត្ត​ជុំវិញ​ព្រឹត្តិការណ៍​កីឡា​នេះ​បានដែរ​។ 
 
​ចាប់តាំងពី បៃ​ឌិន ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី​៤៦ កាលពី​សប្តាហ៍​មុន លោក​មិនបាន​និយាយ​អ្វី​ជា​សាធារណៈ​ពាក់ព័ន្ធ​នឹង​កីឡា​អូឡាំពិក​ដែល​ជប៉ុន​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​នៅឡើយ​ទេ​។​ ក្រុម​អ្នករៀបចំ​អូឡាំពិក​ជប៉ុន ចង់ឱ្យ​លោក​បៃ​ឌិន​គាំទ្រ​ដំណើរការ​នេះ ប៉ុន្តែ​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Jen Psaki ដែល​ត្រូវបាន​គេ​សួរ​ជាច្រើន​ដង​ថា តើ​ប្រធានាធិបតី​គិតថា​អូឡាំពិក​ដែល​គ្រោង​ចាប់ផ្តើម​នៅ​ខែកក្កដា នឹងមាន​សុវត្ថិភាព​ដែរឬទេ​នោះ មិនបាន​ផ្តល់​ចម្លើយ​អ្វី​ឡើយ​។ ក្រោយមក លោកស្រី Psaki បន្ត​ប្រាប់​អ្នកព័ត៌មាន​ថា​លោកស្រី​មិនបាន​និយាយ​ជាមួយ​លោក បៃ​ឌិន ជុំវិញ​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូ​ក្យូ​នេះ​នៅឡើយ​ទេ​៕
 

Tag:
 COVID-19
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com