ក្រុម​អ្នកជំនាញ WHO ចាប់ផ្ដើម​ការងារ ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វូ​ហាន​
COVID-19
អន្តរជាតិ
ក្រុម​អ្នកជំនាញ WHO ចាប់ផ្ដើម​ការងារ ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វូ​ហាន​
28, Jan 2021 , 6:29 pm        
រូបភាព
បុគ្គលិកសុខាភិបាលសម្អាតផ្សារនៅក្រុងវូហាន។ រូបភាព៖AFP
បុគ្គលិកសុខាភិបាលសម្អាតផ្សារនៅក្រុងវូហាន។ រូបភាព៖AFP
​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO) បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​២​សប្តាហ៍​ហើយ​នៅ​ថ្ងៃទី​២៨ ខែមករា និង​ចាប់ផ្តើម​បំពេញការងារ​ស្វែងរក​ជំងឺ​កូ​វីដ​-១៩ នៅ​ទីក្រុង​វូ​ហាន​។ ក្រុម​អ្នកជំនាញ​ចំនួន​១៣​រូប ទៅដល់​ចិន​នៅ​ថ្ងៃទី​១៤ និង​ទី​១៥ ខែមករា​។ ក្រុម​កា​ងារ WHO និង​អ្នកជំនាញ​ចិន នឹង​រួមគ្នា​វិភាគ​ទិន្ន័យ និង​សំណាក​ដែល​យក​មកពីផ្សារ​លក់​សត្វព្រៃ​ក្នុង​ក្រុង​វូ​ហាន ទី​ដែល​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង​ដំបូង​។

 
WHO និង​ចិន​សម្រេចបាន​កិច្ចព្រមព្រៀង​ស្តីពី​ការស្រាវជ្រាវ​ប្រភព​ជំងឺឆ្លង​កូ​វីដ​-១៩ កាលពី​ខែតុលា ឆ្នាំ​២០២០​។ ចិន ក៏បាន​អញ្ជើញ​អ្នកជំនាញ​របស់​WHO​មក​ទស្សនកិច្ច​នៅ​ចិន​ចំនួន​២​ដង​ដើម្បី​សហការ​ក្នុងការ​ស្វែងរក​ប្រភព​ជំងឺ និង​បាន​ជួបប្រជុំ​ពី​ចម្ងាយ​ចំនួន​៤​ដង​ផងដែរ មុននឹង​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​ចូលមក​ស៊ើបអង្កេត​ដោយផ្ទាល់​។​
 
 
 
​ក្រុម​អ្នកជំនាញ​ត្រូវបាន​រំពឹងថា នឹង​ទៅពិនិត្យ​ផ្សារ Huanan នៅ​ក្រុង​វូ​ហាន ទី​ដែល​សង្ស័យថា ជា​ប្រភព​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ដំបូងបង្អស់​។ ដូចគ្នានេះដែរ ក្រុង​អ្នកជំនាញ​ក៏​អាច​នឹង​ទៅ​ទស្សនកិច្ច​វិទ្យាស្ថាន​វីរុស​សាស្ត្រ​វូ​ហាន​ផងដែរ​។ អ្នកជំនាញ​ទាំង​១៣​រូបនេះ នឹង​ព្យាយាម​ស្វែងយល់ថា តើ​វីរុស​ពិតជា​មកពី​សត្វ​ប្រចៀវ ដូច​ជំងឺ SARS ដែលមាន​ប្រភព​ក្នុង​រូង​ប្រចៀវ​នៅ​ខេត្ត​យូ​ណាន ឬ​យ៉ាងណា​?
 
​ចំពោះ​ការស៊ើបអង្កេត​នេះ អង្គការ​សុខភាព​ពិភពលោក​(WHO) សង្កត់ធ្ងន់ថា ការស្រាវជ្រាវ​នេះ មិនមែន​ស្វែងរក​អ្នក​ដែល​ត្រូវ​បន្ទោស​ឡើយ ប៉ុន្តែ​ដើម្បី​យល់ដឹង​ពី​របៀប​ដែល​វី​រ៉ុ​ស​ឆ្លង​ពីស​ត្វ​ទៅ​មនុស្ស ក៏ដូចជា​ស្វែងរក​វិធីសាស្ត្រ​ក្នុងការ​បង្ការ​មេរោគ​ប្រភេទ​នេះ​នាពេល​អនាគត​។​
 
«​ខណៈដែល​ជំងឺ​រាតត្បាត​បន្ត​កើតមាន ការយល់ដឹង​ពី​ការចាប់ផ្តើម​ផ្ទុះ​នៃ​ជំងឺ​នេះ​មាន​សារសំខាន់​ក្នុងការ​បង្ការ​វីរុស SARS-CoV-2 ក្នុង​ឆ្លង​បន្ត ក៏ដូចជា​បង្ការ​ការឆ្លង​របស់​វីរុស​ថ្មី​នាពេល​អនាគត​»​។ នេះ​ជាការ​លើកឡើង​ក្នុង​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​អ្នកជំនាញ​WHO​។​
 
​ផ្សារ Huanan ដែលជា​កន្លែង​ផ្ទុះ​ជំងឺ និង​ត្រូវបាន​បិទ​ដោយ​អាជ្ញា​ធារ​ចិន ជា​ចំណុច​ស្នូល​នៃ​ការត្រួតពិនិត្យ​របស់​អ្នកជំនាញ​។ ករណី​ជំងឺ​កូ​វីដ​-១៩ ដំបូងៗ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ផ្សារ​នេះ ដែល​លក់​គ្រឿង​សមុទ្រ ក៏ដូចជា​សត្វព្រៃ​ផងដែរ​។ ក្នុង​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​២​សប្តាហ៍​ក្នុង​សណ្ឋាគារ ក្រុមការងារ​បាន​ពិភាក្សាគ្នា​តាម​ទូរ​សព្ទ​ពី​តួនាទី​របស់​ផ្សារ​នេះ​ក្នុងការ​បណ្តាល​ឲ្យ​មាន​ជំងឺឆ្លង​។ 
 
​គ្រួសារ​របស់​អ្នក​ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩​វិញ ទទូច​ចង់​ជួបពិភាក្សា​ជាមួយ​ក្រុម​អ្នក​ជំនា​ញុំ ប៉ុន្តែ​ពុំទាន់​មាន​ប្រភព​ដែល​បញ្ជាក់ថា ក្រុមការងារ​អាច​នឹង​ជួប​ក្រុមគ្រួសារ​នោះ​ឬ​យ៉ាងណា​ឡើយ​។ លោក​Peter Daszak សមាជិក​មួយរូប​នៃ​ក្រុម​នេះ​បញ្ជាក់ថា ក្រុមការងារ​ទទួលបាន​ទិន្ន័យ​បន្ថែម​ពី​អាជ្ញាធរ​ចិន​។ នេះ​បើ​យោងតាម​សារព័ត៌មាន Al Jazeera ។​
 
​មុនពេល​ក្រុមការងារ​មកដល់ ចិន​ត្រូវបាន​មើលឃើញថា ព្យាយាម​កែប្រែ​ដំណើរ​សាច់រឿង​ជំងឺ​កូ​វីដ​-១៩ ។ លោក វ៉ាង យី ប្រមុខ​ការទូត​ចិន អះអាងថា ការសិក្សា​ជាច្រើន​បង្ហាញថា កូ​វីដ​-១៩ ផ្ទុះឡើង​នៅ​តំបន់​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ឯ​សារព័ត៌មាន​រដ្ឋ​ចិន​ធ្លាប់​លើកឡើងថា ជំងឺ​កូ​វីដ​-១៩ មាន​ប្រភព​ក្រៅ​ទឹកដី​ចិន ហើយ​ចូលមក​ទឹកដី​ខ្លួន​តាមរយៈ​អាហារ​ដែល​នាំចូល ឬ​អត្ត​ព​លិ​ក​បរទេស​ដែល​ចូលរួម​កីឡា​យោធា​នៅ​ក្រុង​វូ​ហាន​ក្នុង​ខែតុលា ឆ្នាំ​២០១៩៕
 

Tag:
 អាមេរិក​
  ចិន​
  កូ​វីដ​-១៩
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com