អន្តរជាតិ
បម្រែបម្រួល​អាកាសធាតុ​៖ ចិន​ថា ត្រៀមខ្លួន​ជាស្រេច​ដើម្បី​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​
29, Jan 2021 , 9:59 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ។ រូបថតពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ។ រូបថតពីក្រសួងការបរទេសចិន
​ទីក្រុង​ប៉េកាំង បាន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅនឹង​បំណង​របស់​រដ្ឋបាល​អាមេរិក​ថ្មី​ក្នុងការ​រួមគ្នា​ប្រយុទ្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​២៨ ខែមករា និយាយថា ចិន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក  និង​ស្នើឱ្យ​អាមេរិក​បង្កើត​បរិយាកាស​សមស្រប សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សាកល​មួយ​នេះ និង​បញ្ហាសំខាន់ៗ​ផ្សេងទៀត​។​

 
​ទាំង​រដ្ឋមន្ត្រីការបរទេស​ថ្មី អាន់​តូ​នី ប្ល៊ី​ង​ខិ​ន ទាំង​ប្រេសិត​ប្រធានាធិបតី​ទទួលបន្ទុក​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ច​ន ឃែ​រី សុទ្ធតែ​បានប្រកាស​ជំហរ​ដូចគ្នា​ក្នុង​ការត្រៀម​ធ្វើការ​ជាមួយ​ចិន​លើ​បញ្ហា​អាកាសធាតុ​នេះ ទោះជា​មហាអំណាច​ទាំងពីរ​ជា​គូប្រជែង​ក្ដី​។ លោក ឃែ​រី ថែមទាំង​និយាយថា លោក​នឹង​មិនឱ្យ​ការខ្វែងគំនិត​គ្នា​លើ​បញ្ហា​ដទៃ មក​ប៉ះពាល់​កិច្ចការ​នេះឡើយ​។​
 
​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី​២៨ ខែមករា លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក៏ត្រូវ​បាន​សួរ​ពី​ជំហរ​របស់​ចិន​ពាក់ព័ន្ធ​រឿងនេះ​។ លោក Zhao ឆ្លើយថា បម្រែបម្រួល​អាកាសធាតុ​ជា​បញ្ហា​រួម​របស់​ប្រទេស​ទាំងអស់ និង​ជា​ក្ដីបារម្ភ​ដែល​ប៉ះពាល់​អនាគត​របស់​ម​នុស្ស​ជាតិ​។ លោក​បន្ថែមថា ហេតុនេះ ការដោះស្រាយ​បញ្ហា​នេះ ត្រូវការ​សកម្ម​ភាពជា​សាកល ការឆ្លើយតប​សាកល និង​កិច្ចសហប្រតិបត្តិការ​សាក​ល​ជំនួស​ឱ្យ​សកម្មភាព​ប្រទេសមួយៗ​។​
 
«​ចិន​ត្រៀម​រួចរាល់​ដើម្បី​សហការ​ជាមួយ​អាមេរិក និង​សហគមន៍​អន្តរជាតិ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Zhao ក្រោយពី​អះអាងថា ចិន និង​អាមេរិក​មាន​ផលប្រយោជន៍​រួម​ជាច្រើន និង​មានឱកាស​ធ្វើការ​ជាមួយគ្នា​ជាច្រើន​ដែរ​។ អ្នកនាំពាក្យ​ខាងលើ ក៏​ឆ្លៀត​រំឭក​ពី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​កន្លង​មកលើ​បញ្ហា​ប្រឈម​មួយ​នេះ​តួយ៉ាង​ការជំរុញ​ការចរចា ការចុះហត្ថលេខា និង​ការអនុវត្ត​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ឆ្នាំ​២០១៥ ។​
 
​ទោះជា​យ៉ាងណាមិញ មន្ត្រី​ក្រសួងការបរទេស​ចិន​រូបនេះ ក៏​ប្រាប់​ឱ្យ​អាមេរិក​បង្កើត​បរិយាកាស​សមស្រប​ដើម្បី​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​ជាមួយ​ចិន​។ លោក Zhao រំឭកថា ប្រទេស​ណាមួយ មិនគួរ​ស្រមៃ​សុំ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ឬ​ការគាំទ្រ​របស់​ចិន​ទាំង​ទ្វេភាគី ទាំង​ពហុភាគី នៅពេល​ប្រទេស​នោះ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ចិន ហើយ​បំពាន​ប្រយោជន៍​ចិន​។​
 
​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាកាសធាតុ​នេះ ទំនងជា​អាច​ប្រធាន​ដែល​មហាអំណាច​ទាំងអស់​អាចធ្វើ​ការ​ជាមួយគ្នា​បាន​។ ប្រធានាធិបតី​ទើប​ចូលកាន់​តំណែង ចូ បៃ​ឌិន ក៏​និយាយ​រួចហើយ​ថា អាមេរិក​ចង់បាន​ការ​ចូលរួម​ជា​អន្តរជាតិ​លើ​បញ្ហា​សាកល បើទោះជា​លោក​មិន​បន្ធូរដៃ​ឱ្យ​ចិន​លើ​រឿង​ផ្សេងទៀត​ក្ដី​៕
 
 
 
 
 
 

Tag:
 ចិន​
  អាមេរិក​
  បម្រែបម្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com