ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម ទទួលបាន​ថវិកាជាតិ ៦៥​លាន​ដុល្លារ សម្រាប់​ប្រតិបត្តិការ​ប្រចាំឆ្នាំ​២០២១
30, Jan 2021 , 10:55 am        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម។ រូបថត៖គណនីហ្វេសប៊ុក Sakhon Veng
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម។ រូបថត៖គណនីហ្វេសប៊ុក Sakhon Veng
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​ថវិកាជាតិ ចំនួន ២៦១,៥៥៣​លាន​រៀល ស្មើនឹង​៦៥​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​កម្មវិធី និង​ប្រតិបត្តិការ​វិស័យ​កសិក​ម្ម​ប្រចាំឆ្នាំ​២០២១​។ នេះ​បើតាម​សៀ​ភៅ​សង្ខេប​ប្រចាំឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។



​សៀវភៅ​ថវិកាជាតិ​សង្ខេប​ឆ្នាំ​២០២១ បាន​បញ្ជាក់ថា កញ្ចប់​ថវិកាជាតិ​ចំនួន​៦៥​លាន​ដុល្លារ​សម្រាប់​ក្រសួងកសិកម្ម នេះ  គឺ​ប្រើប្រាស់​ក្នុង​គោលនយោបាយ​ជំរុញ​កំណើន​កសិកម្ម ក្នុងការ​ប្រកួតប្រជែង ផលិតផល​មានគុណ​ភាព សុវត្ថិភាព និង​អាហារូបត្ថម្ភ ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ធនធាន​ដី ព្រៃឈើ និង​ជលផល ប្រកបដោយ​ចីរភាព​។ 
 
​ដើម្បី​សម្រេច​គោលដៅ​លើ​ខាង​នេះ ក្រសួងកសិកម្ម​បានរៀបចំ​កម្មវិធី​ចំនួន​៥​ធំៗ សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ​២០២១ ដោយ​ក្រសួង​សេដ្ឋកិច្ច បាន​បែក​ចែង​ទំហំ​នូវ​ថវិកា​ប្រើប្រាស់​យ៉ាងច្បាស់​លាស់ ទៅតាម​កម្មវិធី នីមួយៗ​។  ក្នុងនោះ​មាន កម្ម​វី​ធី​បង្កើន​ផលិតភាព ពិពិធ​កម្ម​ដំណាំ​កសិកម្ម និង​ក​សិ​-​ធុរកិច្ច ប្រើប្រាស់​ថវិកា ជាង​៨,៥៥​លាន​ដុល្លារ​, កម្មវិធី​លើកកម្ពស់​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ប្រើប្រាស់​ថវិកាជាតិ ជិត​៤​លាន​ដុល្លារ​។​
 
​សម្រាប់​កម្មវិធី​គ្រប់គ្រង​ធនធាន​ជលផល និង​ការអភិវឌ្ឍ​វារីវប្បកម្ម​របស់​ក្រសួងកសិកម្ម គឺ​ប្រើប្រាស់​ថវិកាជាតិ ជិត​៤,៤៨​លាន​ដុល្លារ​។ ចំណែក​កម្មវិធី​គ្រប់គ្រង និង​អភិវឌ្ឍ​ធនធាន​ព្រៃឈើ និង​សត្វព្រៃ ប្រើប្រាស់​ថវិកាជាតិ​ជាង​៣,៦៤​លាន​ដុល្លារ និង​កម្ម​វី​ធី​បង្កើន​ប្រសិទ្ធភាព សេវា​គាំទ្រ និង​ការអភិវឌ្ឍ​ធនធានមនុស្ស គឺ​ប្រើប្រាស់​ថវិកាជាតិ រហូតដល់​ជិត​៤៤,៩​លាន​ដុល្លារ​។ នេះ​បើតាម​ថវិកាជាតិ​សង្ខេប ឆ្នាំ​២០២១​។ 
 
​វិស័យ​កសិកម្ម​កម្ពុជា ត្រូវបាន​ប៉ានស្មាន​នឹង​កើនឡើង​ក្នុង​អត្រា​១,៦​ភាគរយ​សម្រាប់​ឆ្នាំ​២០២១ បើ​ធៀប​នឹង​ឆ្នាំ​២០២០ មាន​កំណើន​ត្រឹម​០,៩​ភាគរយ​ប៉ុណ្ណោះ​។ ក្នុង​សៀវភៅ​សង្ខេប​ថវិកាជាតិ​ដដែល បាន​បញ្ជាក់ថា កំណើន​សម្រាប់​វិស័យ​កសិកម្ម​ក្នុង​ឆ្នាំ​២០២១​នេះ គឺ​ដោយសារ​ការកើនឡើង​នៃ​អនុវិស័យ​ដំណាំ អនុវិស័យ​ចិញ្ចឹមសត្វ និង​អនុវិស័យ​នេសាទ​។  អនុវិស័យ​ទាំងនេះ​ត្រូវបាន​ព្យាករ ថា នឹង​សម្រេចបាន​កំណើន​ខ្ពស់ជាង​ឆ្នាំ​២០២០ ដោយ​ការរំពឹងទុក​នូវ​កំណើន​ផលិតកម្ម​កសិកម្ម ស្រប​ពេលដែល​ថ្លៃ និង​តម្រូវការ​ខាងក្រៅ​កើនឡើង​។ 
 
​ក្នុង​ឆ្នាំ​២០២០ នៃ​វិបត្តិ​ប​កូ​វីដ​-១៩ កម្ពុជា​សម្រេច​នូវ​ផលិតផល​អនុវិស័យ ដែលមាន​សត្វ​, ជលផល​, ព្រៃឈើ និង​កៅស៊ូ​នៃ​វិស័យ​កសិកម្ម​បាន​ដល់​៤,២៦៥,៤១៧,៤២០​លាន​ដុល្លារ​។ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ធ្លាប់​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងចំណោម​តម្លៃ​ទឹកប្រាក់​សរុប​នៃ​ផលិតផល​កសិកម្ម​ទាំងនេះ កម្ពុជា​បានសម្រេច​នូវ​ការនាំចេញ ក្នុង​ទំហំ​ថវិកា​ជិត​៦០៥​លាន​ដុល្លារ​។​
 
​ក្រៅពី​អនុវិស័យ​ទាំង​៤​ខាងលើនេះ កម្ពុជា ក៏​ទទួលបាន​ចំណូល​ជាង​១,២៦​ពាន់​លាន​ដុល្លារ ពី​នាំចេញ​អង្ករ​បាន​ជិត​៧០​ម៉ឺន​តោន និង​ស្រូវ​ជិត​២,៩​លាន​តោន ក្នុង​ឆ្នាំ​២០២០៕ 
 
 

Tag:
 កសិកម្ម​
  ថវិកាជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com