អន្តរជាតិ
កុលសម្ព័ន្ធ​នៅ​ប៉ា​ណា​ម៉ា​ឈ្នះក្តី​លើ​ការគ្រប់គ្រង​ព្រៃ​ដូនតា​ជាង​៤០​ម៉ឺន​ហិកតា​
30, Jan 2021 , 8:59 am        
រូបភាព
ដោយ: ធីតា
​តុលាការ​កំពូល​ប៉ា​ណា​ម៉ា កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានសម្រេច​ផ្តល់​សិទ្ធិ​គ្រប់គ្រង​ធនធាន​ព្រៃ​ធម្មជាតិ​ដ៏​ធំ​បំផុត​មួយ​នៅ​អាមេរិក​កណ្តាល ដល់​ក្រុម​កុលសម្ព័ន្ធ Naso​។ ដីព្រៃ​ដូនតា​នោះ មាន​ទំហំ​ប្រមាណ​៤០​ម៉ឺន​ហិច​តា​។​

 
​កុលសម្ព័ន្ធ Naso មាន​សិទ្ធិ​គ្រប់គ្រង​រួម​លើ​ផ្ទៃ​៤០​ម៉ឺន​ហិកតា​ដែល​គ្រប់​ដណ្តប់​ឧទ្យាន​ជាតិ La Amistad National Park និង​ដែនបម្រុងធម្មជាតិ Palo Seco ហើយ​តុលាការ​កំពូល បានអនុញ្ញាត​ឲ្យ​ពួកគេ​បង្កើត​តំបន់​ស្វយ័ត comarca មួយ​នៅក្នុង​បរិវេណ​នោះ​។​
 
​រស់​នៅតាម​ភូមិតូចៗ​នា​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ប៉ា​ណា​ម៉ា ក្រុម​ជនជាតិដើម​ភាគតិច Naso ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត និង​ថែរក្សា​ព្រៃឈើ ដោយមាន​ភាសា និង​វប្បធម៌​ផ្ទាល់ខ្លួន​។ ពួកគេ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​រក្សា​ភាព​គង់វង្ស​នៃ​ព្រៃ​លិច​ទឹក និង​ជីវចម្រុះ​។​
 
​ក្រុម Naso មានតែ​ប្រមាណ​៣៥០០​នាក់​ប៉ុណ្ណោះ នៅ​ទឹកដី​កូ​ស្តា​រី​កា និង​ប៉ា​ណា​ម៉ា​។ ពួកគេ​ជា​អ្នកថែរក្សា​ព្រៃឈើ​ដ៏​សំខាន់​នៅ La Amistad ដែល​ត្រូវបាន​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ឆ្នាំ​១៩៨៣​។​


 
Naso ស្ថិតក្នុង​ចំណោម​ក្រុម​ជនជាតិដើម​ភាគតិច​អាមេរិក​ចំនួន​តូច ដែល​បាន​គ្រប់គ្រង​ដោយ​ស្តេច​ផ្ទាល់ខ្លួន​។ ព្រះអង្គ Reynaldo Santana ដែលជា​ស្តេច (King of the Naso) បាន​សម្តែង​ការរីករាយ​ចំពោះ​ការសម្រេចចិត្ត​របស់​តុលាការ ហើយ​ធានាថា ក្រុម​កុលសម្ព័ន្ធ​ព្រះអង្គ​បន្ត​ថែរក្សា​ទឹកដី​ដូនតា​ឲ្យ​នៅ​គង់វង្ស​។​
 
«​យើង​អាច​បាន​បន្ត នូវ​អ្វីដែល​យើង​ដឹង​ច្បាស់ ពោលគឺ​វប្បធម៌ និង​ការរស់នៅ​របស់​ពួកយើង តាមរយៈ​ការថែរក្សា​មាតា​ទឹកដី ការអភិរក្ស​ព្រៃឈើ និង​ការការពារ​ប្រទេស ដែល​រង​ផលប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ​»​។ ព្រះអង្គ​បានលើកឡើង​យ៉ាង​ដូច្នេះ​។​
 
​សំណុំរឿង​ដីធ្លី​នេះ បាន​អូស​បន្លាស​ប្រមាណ​៥០​ឆ្នាំ​មកហើយ ដោយ​ក្រុម Naso តស៊ូ​តទល់​នឹង​បំណង​យក​ទឹកដី​សម្រាប់​ហេតុផល​ជំនួញ និង​កង្វះ​ឆ​ន្ទះ​នយោបាយ​របស់​រដ្ឋាភិបាល​។ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​អបអរសាទ​រ​ចំពោះ​ភាព​វិជ្ជមាន ប៉ុន្តែ​ពួកគេ​ចង់ឃើញ​ក្រុម Naso មាន​សិទ្ធិ​ជា​អាទិភាព​រាល់​ការសម្រេចចិត្ត​លើ​ដែនដី​ដែល​ពួកគេ​រស់នៅ​៕

Tag:
 ប៉ា​ណា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com