ជាតិ
បច្ចេកទេស​ដាំ​ម្ទេស ដែល​កំពុងមាន​តម្រូវការ​លើ​ទីផ្សារ​
31, Jan 2021 , 8:19 am        
រូបភាព
ដោយ:
​ម្ទេស​ត្រូវបាន​ចាត់ទុក​ជា​ប្រភេទ​ដំណាំ​រួមផ្សំ​ដែលមាន​ការពេញនិយម ដាំ​ដុះ​នៅតាម​ផ្ទះ ប៉ុន្តែ​ការដាំដុះ​មិនទាន់​អាច​តម្រូវ​តាម​ទីផ្សារ​នោះទេ ព្រោះ​ម្ទេស​កំពុងមាន​តម្រូវការ​ខ្ពស់​។ ដើម្បី​ស្រប​តម្រូវការ​ទីផ្សារ​ខ្ពស់ កសិករ​គួរស្វែងយល់​ពី​បច្ចេកទេស​ដាំ​ម្ទេស​មួយចំនួន ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​។ ថ្ងៃនេះ​សារព័ត៌មាន​ThmeyThmey25 ដកស្រង់​បច្ចេកទេស​ដាំ​ម្ទេស​របស់​ក្រសួងកសិកម្ម ដើម្បី​ចែកជូន​បងប្អូន​កសិក​រ​នូវ​បច្ចេកទេស​សំខាន់ៗ​មួយចំនួន​។​

 
​ដំបូង​ត្រូវ​រៀបចំ​ដី ដោយ​រៀបចំ​រង​ម្ទេស​ទំហំ​១​ម៉ែត្រ និង​មាន​កម្ពស់​សមល្មម ប៉ុន្តែ​បើ​ក្នុង​រដូវវស្សា​ត្រូវធ្វើ​រង​ឲ្យ​មាន​កម្ពស់​យ៉ាងតិច ៣០​សង់ទីម៉ែត្រ​ចៀសវាង​ការ​លិច​ទឹក​។ បន្ទាប់ពី​រៀបចំ​រង​ម្ទេស​រួច​ត្រូវ​ពង្រាយ​ជី​ដូចជា​លាមក​គោ ជី​កំ​ប៉ុស្ដិ៍​ឲ្យ​ពេញ​លើ​រង និង​ត្រូវយក​ចំបើង​គ្រប​លើ​រង​យ៉ាងតិច​កម្រាស់​៥​សង់ទីម៉ែត្រ​។​
 
​ការបណ្ដុះ​កូន​៖ ដើម្បី​បណ្ដុះ​កូន​ម្ទេស​ដែលមាន​សុខភាព​ល្អ គេ​ត្រូវ​បណ្ដុះ​កូន​ម្ទេស​នៅក្នុង​កន្ទោង​(​ប្រើ​ស្លឹកចេក ឬ​ស្លឹកត្នោត​)​។ ប្រើ​ដីដំបូក​(​ព្រោះ​មាន​ជីជាតិ​) ១​ភាគ​លាយ​ជាមួយ​ជី​កំ​ប៉ុស្ដិ៍ ឬ​លាមក​គោ​១​ភាគ និង​ផេះ​អង្កាម​១​ភាគ​។ បន្ទាប់ពី​លាយ​ល្បាយ​នោះ​រួច​គេ​អាច​យកទៅ​លីង​ដើម្បី​កម្ចាត់​ផ្សិត ប៉ុន្តែ​បើ​មិន​លីង​ក៏បាន​ដែរ ហើយ​យក​ល្បាយ​នោះ​ទៅ​ដាក់​កន្ទោង​ដើម្បី​បណ្ដុះ​កូន​ម្ទេស​។ ដោយ​មួយ​កន្ទោង​ដាក់​ម្ទេស​ចំនួន​១​គ្រាប់​។ បន្ទាប់ពី​រៀបចំ​បណ្ដុះ​រួច​ត្រូវ​ប្រើ​សំណាញ់​គ្រប​ធ្វើជា​ដំបូល​ដើម្បី​ការពារ​សត្វល្អិត និង​កាត់បន្ថយ​ពន្លឺ​នៅ​រដូវក្ដៅ និង​ត្រូវ​ស្រោច​ទឹក​ម្ដង​ក្នុង​មួយថ្ងៃ​(​ពេលព្រឹក​)​។​


 
​ការដាំ​កូន​ម្ទេស​៖ កូន​ម្ទេស​ដែលមាន​អាយុ ២៥​ថ្ងៃ​ទៅ ២៨​ថ្ងៃ​អាច​ទៅ​ដាំ​បាន​។ មុនពេល​ដាំ​ត្រូវដាក់​កូន​ម្ទេស​ឲ្យ​ត្រូវ​ថ្ងៃ​ពេញ​ពី ២​ថ្ងៃ​ទៅ ៣​ថ្ងៃ​ដើម្បី​ឲ្យ​រឹងមាំ​និង​ផ្សាំ​អាកាសធាតុ​ខាងក្រៅ​។ ប៉ុន្តែ​មុនពេល​ដាំ​ត្រូវ​ស្រោច​ទឹក​កូន​ម្ទេស​ឲ្យ​សើម​នៅពេល​ព្រឹក រួច​ដាំ​កូន​ម្ទេស​ដាំ​នៅពេល​រសៀល​។ នៅពេល​យក​កូន​ម្ទេស​ដាំ​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​ត្រូវ​ស្រោច​ទឹកម្ទេស​ឲ្យ​បាន​គ្រប់គ្រាន់​បន្ទាប់ពី​ដាំ​រួច​ពិសេស​រយៈពេល​២​ទៅ​៣​អាទិត្យ​បន្ទាប់ពី​ដាំ​រួច​។​
 
​ការ​មើលថែ​៖ ជាការ​ល្អ​ត្រូវ​ស្រោច​ទឹក​នៅពេល​ព្រឹក​ឲ្យ​គ្រប់គ្រាន់ និង​ចៀសវាង​ស្រោច​ទឹក​ច្រើនពេក​នៅ​ល្ងាច ព្រោះ​អាច​បង្កបញ្ហា​ដល់​ដំណាំ​បន្ទាប់ពី​ដាំ​បាន​៧​ទៅ​១៥​ថ្ងៃ​។ ត្រូវ​ប្រយ័ត្ន​ពពួក​ទ្រី​ប​ដែល​ចូលចិត្ត​ជញ្ជក់​ត្រួយ​ម្ទេស​ហើយ​ចម្លងជំងឺ​និង​ធ្វើ​ឲ្យ​ស្លឹក​ម្ទេស​រួញ​៕
 



Tag:
 ​ម្ទេស​
© រក្សាសិទ្ធិដោយ thmeythmey.com