អត្ថបទពាណិជ្ជកម្ម
ហាង Ammo Design នឹង​បង្ហាញ​គ្រឿងអលង្ការ​ម៉ូដ​ថ្មីៗ​គួរឱ្យ​ចាប់អារម្មណ៍​បំផុត សម្រាប់​ពិធី​តាំងពិព័រណ៍​នា​ចុង​សប្តាហ៍​នេះ
31, Jan 2021 , 11:29 am        
រូបភាព
Ammo Design គឺជា​ហាង​លក់​គ្រឿងអលង្ការ ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ពោលគឺ​បាន​ប្រើប្រាស់​សម្បក​គ្រាប់កាំភ្លើង​កែច្នៃ​ឡើងវិញ មក​រចនា​ធ្វើជា​គ្រឿងអលង្ការ​ដោយផ្ទាល់​ដៃ ដើម្បី​ធ្វើ​និមិត្តរូប​តំណាងឱ្យ​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី​នៃ​ប្រទេស​កម្ពុជា និង​ដើម្បី​បំផុសគំនិត​នៃ​ការបង្កើត «​ភាពស្រស់ស្អាត​លេចចេញ​ពី​ការបំផ្លិចបំផ្លាញ​» ។ 
 
​គោល​គំនិត​នៃ​អាជីវ​កម្មនេះ គឺ​ត្រូវបាន​បំផុស​ឡើង​ដោយ​លោក ម៉ា​ដ​លីន ហ្គ្រី​ន (Madeline Green) ដែល​លោក​បាន​ចាក​ចេញពី​ចក្រភព​អង់គ្លេស មក​បើក​ដំណើរការ​ហាង Ammo Design នៅ​ខេត្តសៀមរាប ក្នុង​ឆ្នាំ​២០១៣​។ អាជីវ​កម្មនេះ បាន​ដំណើរការ​តាមបែប​សហគ្រាស​ជួយ​សង្គម ហើយ​រោង​ជាង​របស់ Ammo Design ក៏​ជា​កន្លែង​ដែល​ប្រមូលផ្តុំ​ភាព​ច្នៃប្រឌិត ការអនុវត្ត​គោលការណ៍​ពាណិជ្ជកម្ម​ប្រកបដោយ​ភាពត្រឹមត្រូវ និង​ជា​សិប្បកម្ម​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់​ផងដែរ​។ 
 
​រោង​ជាង Ammo Design អាច​ដំណើរការ​ទៅបាន ក៏​អាស្រ័យ​ដោយមាន​ការគាំទ្រ​ពី​ក្រុមការងារ ដែលមាន​បុគ្គលិក​ពេញ​ម៉ោង​ចំនួន ៣​នាក់ និង​បុគ្គលិក​ក្រៅ​ម៉ោង​ចំនួន ៣​នាក់​។

បុគ្គលិក​ខ្មែរ​ទាំងអស់ សុទ្ធតែ​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​រយៈពេល ៦​ខែ ដោយ​ក្នុងនោះ រួមមាន ការដុត​រំលាយ​លោហៈ ការបង្កើត​គំរូ ការច្នៃ​ម៉ូដ​តាម​គំរូ ការ​ផ្សារ និង​ការបង្កើត​គ្រឿងអលង្ការ​សម្រេច​ផងដែរ​។ បន្ទាប់ពី​បញ្ចប់​ការបណ្តុះបណ្តាល​រួច បុគ្គលិក​នឹងមាន​ជំនាញ​អាចបង្កើត​គ្រឿងអលង្ការ​បាន​ដ៏​ស្រស់ស្អាត ដែល​ក្នុងនោះ​មានដូចជា​ចិញ្ចៀន ខ្សែដៃ និង​គ្រឿង​បំពាក់​លម្អ​កាយ​ផ្សេងៗ​ទៀត​សម្រាប់​ទាំង​បុរស និង​ស្ត្រី​។ 
 
Ammo Design បាន​ចូលរួម​ផ្តល់នូវ​ឱកាស​ជូន​ដល់​ពលរដ្ឋ​ខ្មែរ ដែលមាន​វ័យក្មេង ជីវភាព​ខ្សត់ខ្សោយ ឬ​មាន​ពិការភាព តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាញ​ជំនាញ​ការងារ​របស់​ពួកគេ​។ សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​រួច នឹង​ទទួលបាន​ឱកាស​ការងារ​ជា​សិប្បករ ហើយ​ទន្ទឹមនឹងនោះ ពួកគេ​ក៏​អាច​រៀន​ច្នៃ​គ្រឿងអលង្ការ​ដោយ​ខ្លួនឯង ដើម្បី​បង្កើត​ស្នាដៃ​ផ្ទាល់ខ្លួន​ផងដែរ ។

សម្រាប់​សិស្ស​បញ្ចប់​ការសិក្សា​ដែលមាន​សមត្ថភាព​ពូកែ ពួកគាត់​អាច​ជ្រើសរើស​ធ្វើជា​សិប្បករ​ឯករាជ្យ​បាន ដោយមាន​ឧបករណ៍​និង​គ្រឿង​បរិក្ខារ​ផ្ទាល់ខ្លួន រួមទាំង​អាច​បើក​ដំណើរការ​នៅ​កន្លែង​របស់គាត់​ផ្ទាល់​ទៀតផង​។ តាមរយៈ​ការសហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល និង​សហគ្រាស​បែប​ជួយ​សង្គម​ផ្សេងៗ​ទៀត Ammo Design ក៏មាន​ផ្តល់​កម្មវិធី​អប់រំ ថែទាំ​សុខភាព និង​និរន្តរភាព​ផងដែរ​។ 
 
​សម្រាប់​ពិធី​តាំងពិព័រណ៍​នា​ចុង​សប្តាហ៍​នេះ Ammo Design នឹងមាន​បង្ហាញជូន​គ្រឿងអលង្ការ​ម៉ូដ​ថ្មីៗ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត ដែល​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ដោយ​អ្នកស្រី Chantrea Thorn ដែលជា​ប្រធាន​ផ្នែក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ផ្ទាល់​តែម្តង​។ មិនតែប៉ុណ្ណោះ អតិថិជន​ក៏​អាច​កក់​រោង​ជាង​ដើម្បី​ច្នៃ​គ្រឿងអលង្ការ​ផ្ទាល់ខ្លួន ឬក៏​ស្នើសុំ​ការច្នៃ​ម៉ូដ​ទៅតាម​ការពេញចិត្ត​រប​ស់​ខ្លួន​ផងដែរ​៕
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com