COVID-19
ជាតិ
សង្គមជាតិ
ក្រៅពី​ចិន អូស្ត្រាលី ឥណ្ឌា រុស្ស៊ី​, កម្ពុជា បន្ត​សុំ​វ៉ាក់សាំង​កូ​វីដ​ពី​អឺរ៉ុប​និង​បារាំង​
01, Feb 2021 , 4:33 pm        
រូបភាព
ពលរដ្ឋ ស្ថិតខាងក្រៅរបងមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ដែលមានបិទពាក្យស្លោកទប់ស្កាត់ជំងឺកូវីដ-១៩។ ពួកគាត់ នាំកូនទៅពិនិត្យជំងឺ នៅមន្ទីរពេទ្យនេះ។ រូបពី AFP
ពលរដ្ឋ ស្ថិតខាងក្រៅរបងមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ដែលមានបិទពាក្យស្លោកទប់ស្កាត់ជំងឺកូវីដ-១៩។ ពួកគាត់ នាំកូនទៅពិនិត្យជំងឺ នៅមន្ទីរពេទ្យនេះ។ រូបពី AFP
​រដ្ឋាភិបាល​កម្ពុជា បាន​ស្វះស្វែង​សុំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ពី​បណ្តា​ប្រទេស​អ្នកមាន ប្រទេស​មហាអំណាច និង​អង្គការ​អន្តរជាតិ​។ រដ្ឋាភិបាល​កម្ពុជា មិន​សុំ​វ៉ាក់សាំង​នេះ​ពី​គេ​ទាំងអស់​នោះទេ ដោយ​នឹងត្រូវ​ចំណាយ​ថវិកា​ទិញ​ផងដែរ​។

 
​រដ្ឋាភិបាល​កម្ពុជា បានដាក់​សំណើ​ទៅកាន់​ប្រទេស​ធំៗ​មួយចំនួន​រួចហើយ រួមមាន ចិន អូស្ត្រាលី និង ឥណ្ឌា ជាដើម ដើម្បី​សុំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។ រដ្ឋាភិបាល​កម្ពុជា ក៏​គ្រោង​ស្នើសុំ​វ៉ាក់សាំង​នេះ​ពី​រុស្ស៊ី​ដែរ​។ ក្រៅពី​ចិន អូស្ត្រាលី ឥណ្ឌា និង រុស្ស៊ី រដ្ឋាភិបាល​កម្ពុជា បាន​មើលឃើញ​សហភាព​អឺរ៉ុប​និង​បារាំង​បន្ថែមទៀត ដែល​អាច​សុំ​វ៉ាក់សាំង​ការពារ​ជំ​ជឺ​កូ​វីដ​-១៩​។​
 
​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន ដែល​រៀបចំឡើង​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយមាន​វត្តមាន​រប​ស់​អ្នកស្រី Carmen Moreno ឯកអគ្គ​រដ្ឋ​សហភាព​អឺរ៉ុប និង​អ្នកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​ផង​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពឹង​អ្នកស្រី​ទាំង​២ ឲ្យ​ជួយ​ពាំនាំ​សំណើ​សុំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩របស់កម្ពុជា ទៅកាន់​មេដឹកនាំ​សហភាព​អឺរ៉ុប​និង​ប្រធានាធិបតី​បារាំង​។ 
 
​មេដឹកនាំ​កម្ពុជា ថ្លែង​ដូច្នេះ​ថា​៖«​កុំ​មើលឃើញថា កម្ពុជា ត្រូវការ​តែ​ចិន​នោះ មិន [​អ៊ីចឹង​] ទេ ត្រូវការ​តែ​ទាំងអស់​ហ្នឹង​។ អី​ឡើង​ក៏​ចិន ស្អី​ឡើង​ក៏​ចិន អត់​ទេ កម្ពុជា មើល​គ្រប់​ជ្រុង​ទាំងអស់ បានសេចក្តីថា មើល​ជុំវិញខ្លួន មិនមែន​មើល​តែ​ទិស​ណាមួយ​ទេ​»​។ 
 
​ប្រមុខ​រដ្ឋាភិបាល ប្រកាសថា កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ដល់​ទៅ​២០​លាន​ដូ​ស ដោយ​ក្នុងនោះ ១​លាន​ដូ​ស ជា​ជំនួយ​របស់​ចិន ៣​លាន​ដូ​ស​ជា​ជំនួយ​របស់​អូស្ត្រាលី ៧​លាន​ដូ​ស​ជាការ​ផ្តល់​ឲ្យ​របស់​អង្គការ​សុខភាព​ពិភពលោក ១លាន​ដូ​ស គ្រោង​ទិញ​ពី​កូ​វ៉ា​ក់ (COVAX) ហើយ​សល់​ប៉ុន្មាន គ្រោង​ទិញ​ពី​អង់គ្លេស​។ ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ គឺ​ប្រើ​ថវិកា ដែល​ព្រះមហាក្សត្រ​និង​ព្រះមហាក្សត្រី ទ្រង់​ប្រទាន និង​សប្បុរស​ចូលរួម​បរិច្ចាគ​។ ចំពោះ​ជំនួយ​វាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ពី​ឥណ្ឌា​និង​រុស្ស៊ី រដ្ឋាភិបាល​កម្ពុជា មិនទាន់​ទទួលបាន​ព័ត៌មាន​នោះទេ​។  
 
​ព័ត៌មាន​ពី​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​ជំនួយ​១​លាន​ដូ​ស​របស់​ចិន មាន​៦០​ម៉ឺន​ដូ​ស នឹង​មកដល់​កម្ពុជា នៅ​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សម្រាប់​ដំណាក់កាល​ដំបូង​។ (​ក្នុង​ម្នាក់ ប្រហែលជា​ត្រូវ​ចាក់​បាន​២​ដូ​ស​)​។ 
 
​ប្រមុខ​រដ្ឋាភិបាល ប្រាប់​ប្រជាជន​បែបនេះ​ថា​៖«​យើង មាន​ឡាន សម្រាប់​ដឹក​វ៉ាក់សាំង​ទៅតាម​គោលដៅ​ដែល​ត្រូវ​ចាក់ កងទ័ព​បាន​ហ្វឹកហ្វឺន​ហើយ ពេទ្យ​ក្នុង​កងទ័ព បាន​ហ្វឹកហ្វឺន​រួចស្រេច​ហើយ នូវ​ការចាក់​វ៉ា​ក់​»​។  
 
​បើ​ឥណ្ឌា រុស្ស៊ី សហភាព​អឺរ៉ុប និង បារាំង ព្រម​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ដែរនោះ កម្ពុជា នឹង​ទទួលបាន​លើសពី​២០​លាន​ដូ​ស​។ គេ មិនទាន់​ដឹងថា រដ្ឋាភិបាល​កម្ពុជា អាច​សុំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ជា​មិត្ត​និង​អង្គការ​អន្តរជាតិ​បន្ថែមទៀត ឬក៏​អត់​នោះទេ​៕ 

Tag:
 ​វ៉ាក់សាំង​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com