ដំណើរ​ដើមទង​មុន​ឈានដល់​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​
អន្តរជាតិ
ដំណើរ​ដើមទង​មុន​ឈានដល់​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​
01, Feb 2021 , 9:39 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី (ខាងឆ្វេង) ជាមួយអគ្គបញ្ជាការ​កងទ័ព​ លោក មីន អ៊ុង​ឡាំង នៅក្នុងឆ្នាំ២០១៦។ រូបភាព៖ AP
លោកស្រី អ៊ុងសាន ស៊ូជី (ខាងឆ្វេង) ជាមួយអគ្គបញ្ជាការ​កងទ័ព​ លោក មីន អ៊ុង​ឡាំង នៅក្នុងឆ្នាំ២០១៦។ រូបភាព៖ AP
​យោធា​មី​យ៉ាន់​ម៉ា បាន​ឡើង​គ្រប់គ្រង​អំណាច​ជាថ្មី​តាមរយៈ​រដ្ឋប្រហារ​មួយ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​។ ចំណុច​សំខាន់​ដែល​ឈានដល់​ដំណាក់កាល​នេះ គឺ​ការបោះឆ្នោត​វិច្ឆិកា ឆ្នាំ​២០២០ ដែល​យោធា​ចោទថា មាន​ការកេងបន្លំ​។ តាមពិត បញ្ហា​ចាប់ផ្ដើម​លេចឡើង​មុនពេល​បោះឆ្នោត​ទៅទៀត​។

 
​ចាប់តាំងពី​មុន​ថ្ងៃ​បោះឆ្នោត​ជាស​កល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ មក​ម្លេះ ក្រុម​យោធា និង​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា បានចាប់ផ្តើម​ខ្វែងគំនិត​គ្នា​រួចទៅហើយ​ជុំវិញ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​សហព័ន្ធ​(UEC) និង​ការបិទ​មណ្ឌលបោះឆ្នោត​នៅក្នុង​តំបន់​របស់​ជនជាតិភាគតិច​មួយចំនួន​។ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ការិយាល័យ​អគ្គ​មេ​បញ្ជា​កងទ័ព បាន​ព្រមាន​ថា រដ្ឋាភិបាល​ស៊ីវិល ត្រូវ​ទទួលខុសត្រូវ​រាល់​កំហុស ដែល​ប្រព្រឹត្ត​ដោយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​សហព័ន្ធ ដោយសារ​សិទ្ធិ​បោះឆ្នោត​របស់​ជនជាតិភាគតិច​ជាច្រើន​ត្រូវ​បាត់បង់ និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​មាន​បញ្ហា​ជាដើម​។ 
 
 
​នៅ​ថ្ងៃ​បន្ទាប់ លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ បាន​បញ្ចេញ​សារ​តប​វិញ​ថា មី​យ៉ាន់​ម៉ា កំពុង​ប្រឈម​នឹង​បញ្ហា ដែល​បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង ក្នុងពេល​បោះឆ្នោត​។ ចំណែក​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បាន​អះអាងថា សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​យោធា បង្ក​ឲ្យ​មាន​អស្ថិរភាព ការ​ញុះញង់ និង​បង្ក​ឲ្យ​មានការ​បារម្ភ​នៅក្នុង​សង្គម​។  
 
​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​ពោលគឺ​រដ្ឋាភិបាល និង​យោធា ហាក់ដូចជា​មិន​ធូរស្បើយ​ឡើយ ខណៈ​ថ្ងៃ​បោះឆ្នោត​ជិត​ចូលមក​ដល់​។ ភាគី​ទាំងពីរ​នៅតែមាន​បញ្ហា​ចម្រូងចម្រាស​ជុំវិញ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​មិន​ប្រក្រតី បណ្តឹង​របស់​អ្នកបោះឆ្នោត​ជាដើម​។ 
 
​ជាថ្មី​ម្តងទៀត នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ពោល​បី​ថ្ងៃមុន​ការបោះឆ្នោត យោធា​មី​យ៉ាន់​ម៉ា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ព្រមាន​ថា វា​អាចឈាន​ទៅដល់​ការដកតំណែង​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី ប្រសិនបើ​ពួកគេ ត្រូវបាន​ចាត់ទុកថា មិន​គោរព​តាម​រដ្ឋធម្មនុញ្ញ និង​មិនមាន​ការទទួលខុសត្រូវ​។ យោធា​មី​យ៉ាន់​ម៉ា អះអាង ខ្លួន​អាច​ជ្រៀតជ្រែក​ក្នុង​បញ្ហា​នេះ​បាន ដោយសារ​ខ្លួន​គោរព​ទៅតាម​រដ្ឋធម្មនុញ្ញ និង​ជា​អ្នកការពារ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨​។ 
 
​ទាក់ទិន​នឹង​បញ្ហា​ខាងលើ អង្គការ​សង្គម​ស៊ីវិល អ្នកឃ្លាំមើល​ស្ថានការណ៍​មី​យ៉ាន់​ម៉ា បានបង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង និង​ទទូច​ឲ្យ​រដ្ឋាភិបាល និង​យោធា សហការគ្នា ដើម្បី​កែលម្អ​គណៈ​កម្ម​ជាតិ​រៀបចំ​ការបោះឆ្នោត​។ យ៉ាងណាក៏ដោយ យោធា និង​រដ្ឋាភិបាល​ស៊ីវិល មិនបាន​សហការគ្នា​លើ​បញ្ហា​នេះឡើយ​។ 
 
​រហូតមក​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា បញ្ហា​ចម្រូងចម្រាស​រវាង​យោធា និង​រដ្ឋាភិបាល​ស៊ីវិល ហាក់​ធូរស្រាល​បន្តិច ដោយសារ​អគ្គ​មេ​បញ្ជ​ការ​យោធា​មី​យ៉ាន់​ម៉ា លោក មីន អ៊ុង​ឡាំង បានប្រកាសថា លោក​នឹង​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​។​
 
​ក្នុងអំឡុងពេល​រាប់​សន្លឹកឆ្នោត បក្ស​របស់លោក​ស្រី​ស៊ូ​ជី បាន​នាំមុខ​ជាខ្លាំង​លើ​បក្ស​ផ្សេងៗ​។ ក្នុង​ពេលនេះ បក្ស​បង្រួបបង្រួម និង​អភិវឌ្ឍន៍​សហភាព (USDP)  បានទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ដោយ​សហការ​ជាមួយ​យោធា​។ បើតាម​មន្ត្រី​របស់​បក្ស USDP គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត មិន​យុត្តិធម៌ ហើយ​បក្ស USDP ចង់បាន​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។ ប៉ុន្តែ​ក្រោយមក យោធា​មី​យ៉ាន់​ម៉ា​បដិសេធ​។​
 
​បន្ទាប់​ចំណាយពេល​ជាច្រើន​ថ្ងៃ ដើម្បី​រាប់​សន្លឹកឆ្នោត គណៈកម្មការ​រៀបចំ​បោះឆ្នោត​មី​យ៉ាន់​ម៉ា បានប្រកាស​លទ្ធផល​ផ្លូវការ​ថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ បានទទួល​កៅអី​ក្នុង​សភា​ចំនួន ៣៩៦​អាសនៈ​។ ចំណែក​បក្ស​បង្រួបបង្រួម និង​អភិវឌ្ឍន៍​សហភាព ដែលជា​បក្សប្រឆាំង​ធំជាងគេ និង​ស្និទ្ធ​ជាមួយ​ក្រុម​យោធា ទទួលបាន​សំឡេង​សភា​ត្រឹមតែ ៣៣​អាសនៈ​។ បក្សប្រឆាំង​មី​យ៉ាន់​ម៉ា មិន​ពេញចិត្ត​លទ្ធផល​ខាងលើ​ឡើយ និង​ដាក់​ពាក្យបណ្តឹង​រាប់រយ​លើ​បញ្ហា​ជាច្រើន​ដូចជា អ្នកបោះឆ្នោត​ក្រោម​អាយុ​បោះឆ្នោត ការលួចបន្លំ​សន្លឹកឆ្នោត ការបំពានច្បាប់​បោះឆ្នោត​ជាដើម​។​
 
​នៅ​ថ្ងៃទី​១ ខែធ្នូ ក្រុម​យោធា ក៏​លូកដៃ​មួយ​កប់​ទៀត​ចូល​ការបោះឆ្នោត​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុម​យោធា បាន​អះអាងថា ខ្លួន​នឹង​ពិនិត្យមើល​នីតិវិធី​នៃ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​កំណត់ថា​តើ​ការបោះឆ្នោត​ប្រព្រឹត្ត​ស្របតាម​ច្បាប់ ឬ​អត់​។ បន្ថែម​ពីលើ​នេះ យោធា​មី​យ៉ាន់​ម៉ា ក៏បាន​ស្នើ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​ផ្តល់​ឯកសារ​បោះឆ្នោត​មក​ខ្លួន​ដែរ​។ ឯ​បក្សប្រឆាំង បាន​ចោទថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត និង​បញ្ហា​ផ្សេងៗ ច្រើនជាង ១០០០​ករណី​នៅ​ទូទាំងប្រទេស​។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត បាន​ច្រានចោល​ការផ្តល់​ឯកសារ​ឱ្យ​ក្រុម​យោធា 
 
​បញ្ហា​ជុំវិញ​ការបោះឆ្នោត​នៅតែ​បន្ត​កើតមាន​រហូតដល់​ពាក់​កណ្តាល​ខែធ្នូ ស្របពេល​មាន​ពាក្យ​លេចឡើង​ថា លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​លោក មីន អ៊ុង​ឡាំង បាន​ជួបគ្នា ដើម្បី​ជជែក​ពី​ផលប្រយោជន៍​របស់​ជាតិ​។ 
 
​យ៉ាងណាមិញ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ក្រុម​យោធា បាន​អះអាង ខ្លួន​បាន​រកឃើញ​ឈ្មោះ​អ្នកបោះឆ្នោត​ចំនួន​ជាង ៧,៤​ម៉ឺន​នាក់ មាន​បញ្ហា​មិន​ប្រក្រតី ដោយមាន​អ្នកបោះឆ្នោត​ច្រើនជាង​មួយ​លើក និង​អ្នកបោះឆ្នោត​មិនទាន់​គ្រប់​អាយុ​។ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ច្រានចោល​លទ្ធផល​នេះ​។ ចំណែក​បក្ស​បង្រួបបង្រួម និង​អភិវឌ្ឍន៍​សហភាព នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ បានដាក់​ពាក្យបណ្តឹង​ចំនួន​២០០ ទៀត​ទៅ គណៈកម្មការ​បោះឆ្នោត​។ 
 
​ការចោទប្រកាន់ថា​ការបោះឆ្នោត​មាន​ការលួចបន្លំ នៅតែ​បន្ត​កើតឡើង​។ នៅ​ថ្ងៃទី​១០ ខែមករា សមាជិកសភា​តំណាង​ឲ្យ​ក្រុម​យោធា​ចំនួន ១៦០​នាក់ សមាជិកសភា​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​ចំនួន ៣៦​នាក់ និង​សមាជិកសភា​ផ្សេងទៀត បានស្នើ​ទៅ​ប្រធានសភា ឲ្យ​បើក​កិច្ចប្រជុំ​ពិសេស​មួយ ដើម្បី​ជជែក​ពី​ការលួចបន្លំ​សន្លឹកឆ្នោត​។ ការស្នើ​នេះ ត្រូវ​ប្រធានសភា​ទាត់ចោល​មួយថ្ងៃ​បន្ទាប់​។ 
 
​ការទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​នៅតែ​កើតមានឡើង​រហូតដល់​ថ្ងៃទី​២៦ ខែមករា ពេលដែល​អ្នកនាំពាក្យ​យោធា បាន​ព​ន្ល​យ​ពាក្យ​ធ្វើ​រដ្ឋប្រហារ​ថែមទៀត​។ នៅ​ថ្ងៃទី​២៨ ខែមករា អគ្គមេបញ្ជាការ​យោធា បាន​អះអាងថា ក្រុម​យោធា គោរព​តាម​រដ្ឋធម្មនុញ្ញ ហើយ​ប្រសិនបើ​គ្មាន​អ្នកគោរពច្បាប់​នោះទេ រដ្ឋធម្មនុញ្ញ​នឹងត្រូវ​លុបចោល​។ 
 
​ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​ក្រុម​យោធា និង​បក្សប្រឆាំង គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មី​យ៉ាន់​ម៉ា បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងនោះ នៅ​ថ្ងៃទី​២៧ ខែមករា ដោយ​អះអាងថា ក្រុម​យោធា គ្មាន​ភស្តុតាង​ឡើយ ហើយ​នោះ​គ្រាន់តែ​បង្ខូចឈ្មោះ​គណៈកម្មការ​ប៉ុណ្ណោះ​។ 
 
​ស្ថានការណ៍​ក្នុងប្រទេស​កាន់តែ​តានតឹង ស្របពេល​កិច្ចប្រជុំសភា​ជិត​ដល់​ថ្ងៃ​។ នៅ​ថ្ងៃទី​២៩ ខែមករា រថពាសដែក​ចំនួន ២​គ្រឿង បង្ហាញខ្លួន​កណ្តាល​ក្រុង​យ៉ាំង​ហ្គោ​ន ខណៈ​យុទ្ធោបករណ៍ ផ្សេងទៀត​ក៏មាន​វត្តមាន​នៅតាមរ​ដ្ឋ​មួយចំនួនទៀត​ដែរ បើទោះបី អ្នកនាំពាក្យ​យោធា​មិន​ច្រានចោល​លទ្ធភាព​នៃ​ការធ្វើ​រដ្ឋប្រហារ ដោយ​មិន​ពេញ​ចិត្តនឹង​ការដោះស្រាយ​ជម្លោះ​លទ្ធផល​បោះឆ្នោត​ក៏ដោយ​។ 
 
​នា​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ លោកស្រី អ៊ុង​សាន ស៊ូ​ជី​, ប្រធានាធិបតី Win Myint និង​សមាជិក​សំខាន់ៗ​របស់​បក្ស​សម្ពន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​តំបន់ និង​រដ្ឋ ត្រូវបាន​ចាប់ខ្លួន​ដោយ​យោធា​។ ប៉ុន្មាន​ម៉ោង​ក្រោយមក អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក U Myint Swe ដែល​ស្និទ្ធ​នឹង​ក្រុម​យោធា បាន​ក្លាយជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។ លោក​ក៏បាន​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេល ១​ឆ្នាំ និង​ប្រគល់​អំណាច​របស់​សភា នីតិប្រតិបត្តិ និង​នីតិបញ្ញត្តិ​ឲ្យ​យោធា​ទាំងអស់​។ 
 
​ក្នុង​ការដាក់​ប្រទេស ក្នុងស្ថានភាព​អាសន្ន​នេះ កិច្ចប្រជុំសភា​ទាំងអស់​ត្រូវ​ផ្អាក​។ ចំណែក​សេវា​អ៊ីនធឺណិត ប្រព័ន្ធ​ទំនាក់ទំនង​នៅក្នុង​តំបន់​ជាច្រើន ក៏​ត្រូវបាន​កាត់ផ្តាច់​ផងដែរ​។ បន្ទាប់ពី​រដ្ឋប្រហារ​បា​ន​ប៉ុន្មាន​ម៉ោង លោកស្រី ស៊ូ​ជី អំពាវនាវ​ឲ្យ​ប្រជាជន​ចេញមក​តវ៉ា ដណ្តើម​អំណាច​ពី​ក្រុម​យោធា ស្របពេល​សហគមន៍​អន្តរជាតិ បាន​ទទូច​ឲ្យ​មានការ​ផ្ទេរអំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល​វិញ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com