អន្តរជាតិ
របាយការណ៍​៖ ការប្រែប្រួល​អាកាសធាតុ​អាច​បណ្តាល​ឲ្យ​អូស្ត្រាលី​បាត់បង់​ទឹក​ប្រាប់​រាប់ពាន់​លាន​ដុល្លារ​
02, Feb 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​កំពុង​ព្យាយាម​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់ Red Gully ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​។​
​រូប​ឯកសារ​៖ ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​កំពុង​ព្យាយាម​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់ Red Gully ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​។​
ដោយ: VOA
​ប្រទេស​អូស្ត្រាលី​កំពុង​បរាជ័យ​ក្នុងការ​ទប់ទល់​នឹង​ការគំរាមកំហែង​ដែល​កំពុងតែ​កើនឡើង​កើតចេញពី​អាកាសធាតុ​ខុស​ប្រក្រតី​ហួសហេតុ នៅពេល​កម្តៅ​ផែនដី​ធ្វើឱ្យ​កើន​ហានិភ័យ​នៅក្នុង​តំបន់​ដែល​ពីមុន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កន្លែង​មាន​សុវត្ថិភាព នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​។​

 
​ប្រទេស​អូស្ត្រាលី​គឺជា​ដែនដី​មួយ​ដែលមាន​ភាពស៊ាំ​នឹង​ហេតុការណ៍​ធម្មជាតិ​ខុស​ប្រក្រតី​ហួសហេតុ​។ ប្រទេស​នេះ​ស្ថិតក្នុង​ទ្វីប​ស្ងួត​ហួតហែង​បំផុត​នៅក្នុង​ពិភពលោក ដែល​មិនអាច​រស់នៅ​បាន​។ នៅក្នុង​ទ្វីប​នេះ គ្រោះរាំងស្ងួត​អាចមាន​រយៈពេល​រហូត​ដល់​រាប់​ឆ្នាំ​។​
 
​ភ្លើង​ឆេះ​ព្រៃ Black Summer នៅក្នុង​ឆ្នាំ ២០១៩-២០២០ គឺជា​ហេតុការណ៍​ដ៏​តានតឹង​បំផុត​មិនដែល​ធ្លាប់មាន​មុន​នៅក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​។ រលក​កម្តៅ​ក៏​ជា​គ្រោះធម្មជាតិ​ដ៏​ប្រល័យ​នៅក្នុង​ប្រទេស​នេះ​ផងដែរ​។​
 
​របាយការណ៍​ថ្មី​មួយ​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​អាកាសធាតុ​ដែលជា​អង្គការ​ឯករាជ្យ​មិន​ស្វែងរក​ប្រាក់ចំណេញ​បាន​លើកឡើងថា ការចំណាយ​ក្នុងការ​ទប់ទល់​នឹង​អាកាសធាតុ​ខុស​ប្រក្រតី​ហួសហេតុ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ស្ទើរតែ​កើនឡើង​ទ្វេដង​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ មក​។​
 
​វា​គឺជា​ការព្រមាន​ថា ផលប៉ះពាល់​ផ្នែក​ហរិញ្ញវត្ថុ​ដោយសារតែ​ភ្លើង​ឆេះ​ព្រៃ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង​ការកើនឡើង​នៃ​កម្រិត​ទឹកសមុទ្រ ដែល​ផ្សារភ្ជាប់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​អាច​នឹង​កើនឡើង​ខ្លាំង ដែល​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អូស្ត្រាលី​ក្នុង​ទឹកប្រាក់​រហូតដល់​៧៦ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​រហូតដល់​ឆ្នាំ ២០៣៨​។​
 
​លោក Robert Glasser គឺជា​អតីត​អ្នកតំណាង​ពិសេស​សម្រាប់​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ​។ លោក​និយាយថា អូស្ត្រាលី​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍​ថ្មីៗ​។​
 
​លោក Robert Glasser បាន​ថ្លែង​ក្នុងន័យ​ដើម​ថា​៖ «​យើង​នឹង​សាងសង់​ផ្លូវ និង​ផ្ទះ​ក្នុង​ចំនួន​ស្មើគ្នា​នៅក្នុង​តំបន់​គ្រោះទឹកជំនន់ និង​តំបន់​ដែលមាន​គ្រោះថ្នាក់​ពី​ភ្លើង​ឆេះ​ព្រៃ​ខ្លាំងក្លា ហើយ​នៅពេល​គ្រោះថ្នាក់​ទាំងនោះ​កើតមានឡើង ការបំផ្លិចបំផ្លាញ​គឺមាន​ច្រើន​ខ្លាំងណាស់​។ មូលហេតុ​ទី​២ ដែលមាន​កាន់តែ​មាន​សារៈសំខាន់ គឺ​ការប្រែប្រួល​អាកាសធាតុ ដោយសារតែ​ឥឡូវនេះ យើង​កំពុង​មើលឃើញថា ទីកន្លែង​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំងនេះ​កំពុងមាន​ការផ្លាស់ប្តូរ ភាព​ញឹកញាប់ និង​កម្រិត​ធ្ងន់ធ្ងរ​នៃ​គ្រោះថ្នាក់​កំពុងតែ​កើនឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។ ដូច្នេះ​អ្នក​បូក​កត្តា​ទាំងពីរ​នេះ​បញ្ចូល​គ្នា ហើយ​យើង​នឹង​ឃើញ​ពី​ការ​ទស្សន៍ទាយ​នៃ​ផលប៉ះពាល់​ដែល​កើនឡើង​»​។​
 
​ឆ្នាំ ២០២០ បានចាប់ផ្តើម​ជាមួយនឹង​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ និង​បញ្ចប់​ទៅវិញ​ជាមួយនឹង​គ្រោះទឹកជំនន់​។ ឆ្នាំ ២០២០ ក៏​ជា​ឆ្នាំ​ក្តៅ​បំផុត​ទី ៤ នៅក្នុង​ប្រទេស​អូស្ត្រាលី ដែល​ត្រូវបាន​គេ​កត់ត្រា ខណៈដែល​ឆ្នាំ ២០១៩ គឺជា​ឆ្នាំ​ក្តៅ​បំផុត និង​ស្ងួត​បំផុត​ដែល​ធ្លាប់​ត្រូវបាន​គេ​កត់ត្រា​កន្លងមក​។​
 
​ទោះបីជា​កម្រិត​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សម្រាប់​មនុស្ស​ម្នាក់ៗ​ក្នុង​អូស្ត្រាលី​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក​ក្តី ក៏​រដ្ឋាភិបាល​នៅតែ​ទទូចថា គោលនយោបាយ​បរិស្ថាន​របស់ខ្លួន​ជា​គោលនយោបាយ​ដែលមាន​ការទទួលខុសត្រូវ​។ ធ្យូងថ្ម​ផលិត​បាន​អគ្គិសនី​ប្រមាណ​៧០%​នៅក្នុង​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​ក្រុម​អភិរក្សនិយម​ជឿថា ប្រទេស​ដែលមាន​ការ​នវានុវត្តន៍ មាន​កម្តៅថ្ងៃ​ល្អ និង​មាន​ខ្យល់​នេះ​គួរតែមាន​មណ្ឌល​ថាមពលបៃតង​មួយ​។​
 
​របាយការណ៍​របស់​ក្រុមប្រឹក្សា​អាកាសធាតុ​បាន​លើកឡើងថា ប្រសិនបើ​មិនមាន​សកម្មភាព​កាន់តែ​រឹងមាំ​នោះទេ អូស្ត្រាលី​នឹងមិន​អាច «​ធ្វើ​សកម្មភាព​ឱ្យស្រប​» ជាមួយនឹង​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែលជា​អនុសញ្ញា​អន្តរជាតិ​មាន​អានុភាព​ផ្លូវច្បាប់​មួយ​លើ​ការប្រែប្រួល​អាកាសធាតុ​នោះបានទេ​។​
 
​កាលពី​ខែតុលា​កន្លងទៅ ការស៊ើបអង្កេត​ផ្លូវការ​មួយ​លើ​ភ្លើង​ឆេះ​ព្រៃ Black Summer បាន​ព្រមាន​ថា នៅពេល​អនាគត អូស្ត្រាលី​អាច​ប្រឈមមុខ​នឹង «​គ្រោះមហន្តរាយ​រួមគ្នា​» ពោលគឺ​ភ្លើង​ឆេះ​ព្រៃ គ្រោះទឹកជំនន់ និង​ខ្យល់ព្យុះ អាច​នឹង​កើតឡើង​នៅពេល​ស្របគ្នា ឬ​ភ្លាមៗ​បន្តបន្ទាប់​ពីគ្នា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com