អន្តរជាតិ
លោក បៃ​ឌិន ទាមទារ​ឱ្យ​យោធា​មី​យ៉ាន់​ម៉ា​ប្រគល់​អំណាច​ឱ្យ​ស៊ីវិល បើ​មិន​ចង់​រង​ទណ្ឌកម្ម​ជាថ្មី​
02, Feb 2021 , 10:16 am        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ។ រូបថត AFP
សារ​មកពី​សហគមន៍​អន្តរជាតិ បាន​ធ្លាក់​មកជា​ច្រើន បន្ទាប់ពី​យោធា​មី​យ៉ាន់​ម៉ា បានធ្វើ​រដ្ឋប្រហារ​លើរ​ដ្ឋា​ភិ​បាល​ស៊ីវិល នៅ​ថ្ងៃទី​១ ខែកុម្ភៈ​។ ក្នុង​ថ្ងៃ​រដ្ឋប្រហារ​នេះ ប្រធានាធិបតី​អាមេរិក​ថ្មី លោក ចូ បៃ​ឌិន បានទាមទារ​ឱ្យ​យោធា​មី​យ៉ាន់​ម៉ា បោះបង់​អំណាច ដែល​ទើប​ដណ្ដើមយក​ពី​រដ្ឋាភិបាល​ស៊ីវិល បើសិន​មិន​ចង់​រង​ទណ្ឌកម្ម​ចាស់ ដែល​អាមេរិក​ធ្លាប់​ដាក់​កន្លងមក​។

 
​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក ចូ បៃ​ឌិន ប្រធានាធិបតី​អាមេរិក ប្រាប់​ឱ្យ​ក្រុម​យោធា​ប្រគល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ​។ «​សហគមន៍​អន្តរជាតិ គួរតែ​រួមគ្នា​ក្នុង​សំឡេង​តែមួយ ក្នុង​ការដាក់​សម្ពាធ​ឱ្យ​យោធា​ភូមា​ឱ្យ​ទម្លាក់ចោល​អំណាច ដែល​ដណ្តើម​ពី​រដ្ឋាភិបាល​ស៊ីវិល​»​។ លោក បៃ​ឌិន បានលើកឡើង​បែបនេះ ដោយ​អះអាងថា​អាមេរិក បាន​ដក​ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា​ជា​យូរ​មកហើយ ដោយសារតែ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​រីកចម្រើន​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់លោក​ប្រធានាធិបតី ដោយសារតែ​ស្ថានការណ៍​នយោបាយ​មី​យ៉ាន់​ម៉ា​ថយក្រោយ វា​ចាំបាច់​ណាស់​សម្រាប់​អាមេរិក ក្នុងការ​ពិនិត្យមើល​ទ​ណ្ឌ​កម្ម​, ច្បាប់​មួយចំនួន​ឡើងវិញ​។ ក្នុងន័យនេះ អាមេរិក នឹង​សហការ​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​ទាំងអស់ ដើម្បី​គាំទ្រ​, ស្ដារ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ និង​រក​អ្នកទទួលខុសត្រូវ​នៅក្នុង​ស្ថានការណ៍​នយោបាយ​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​នៅក្នុង​ឆ្នាំ​២០១៩ អាមេរិក បានដាក់​ទណ្ឌកម្ម​លើ​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​រួចហើយ ដោយសារ​ការបង្ក្រាប​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដូចជា ការ​បង្កក​គណនី​ធនាគា ការ​រឹតត្បិត​លំហូរ​សាច់ប្រាក់​ចូល​ប្រព័ន្ធ​ធនាគារ​អន្តរជាតិ ទណ្ឌកម្មសេដ្ឋកិច្ច​ជាច្រើន​ទៀត និង​ហាម​ចូលក្នុង​ទឹកដី​អាមេរិក​។ ឧ​ត្ត​សេនីយ៍ មីន អ៊ុង​ឡាំង ប្រមុខ​យោធា ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​នេះដែរ​។ 
 
​បន្ទាប់​ក្រុម​យោធា​ចាប់ខ្លួន​លោកស្រី អ៊ុង​សាន ស៊ូ​ជី លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា Win Myint និង​មន្ត្រី​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ផ្សេងទៀត ប្រធានាធិបតី​ស្ដីទី បានប្រកាស​ដាក់​មី​យ៉ាន់​ម៉ា ក្នុងស្ថានភាព​អាសន្នរ​យៈ​ពេល ១​ឆ្នាំ និង​ផ្ទេរអំណាច​នីតិ​ប្រតិ​ប​តិ្ត សភា នីតិបញ្ញត្តិ ទាំងអស់​ឱ្យ​យោធា ដោយ​ផ្អែក​តាម​មាត្រា​៤១៧ និង​៤១៨ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ ។ 
 
​រដ្ឋប្រហារ ធ្វើឡើង​ដោយសារ​យោធា​មី​យ៉ាន់​ម៉ា អះអាងថា មាន​ការលួចបន្លំ​សន្លឹក​ឆ្លោ​ត ដ្បិត​ត្រូវ​ច្រានចោល​ដោយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​របស់​សហ​ភាព (UEC) ក៏ដោយ​។ បើតាម​ក្រុម​យោធា ភាពមិនប្រក្រតី​ជាង ១០​លាន​ករណី​ទាក់ទិន​នឹង​ការបោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​រកឃើញ​ក្នុង​ការត្រួត​ពិនិត្យឡើងវិញ​របស់ខ្លួន​។ បន្ទាប់ពី​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន អគ្គមេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា លោក មីន អ៊ុង​ឡាំង បានប្រកាសថា នឹង​រៀបចំ​ការបោះឆ្នោត​ថ្មី​ក្រោយ​ចប់​ស្ថាន​ភាពអាសន្ន​។ 
 
​ក្នុង​ថ្ងៃ​ដដែល​នេះ ទូរទស្សន៍​របស់​យោធា​មី​យ៉ាន់​ម៉ា Myawadday បានប្រកាសថា រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី​ចំនួន ២៤​នាក់ ត្រូវ​ដក​ពី​តំណែង និង​ដាក់ជំនួស​វិញ​ដោយ​មន្ត្រី​ចំនួន​១១​នៅក្នុង​រដ្ឋបាល​ថ្មី​មានដូចជា​ក្រសួង​ហិរញ្ញវត្ថុ​, ក្រសួងសុខាភិបាល​, ក្រសួង​ព័ត៌មាន​, ក្រសួងការបរទេស​, ក្រសួងការពារជាតិ​, ក្រសួង​កិច្ច​ព្រំដែន និង​ក្រសួងមហាផ្ទៃ​។​
 
​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ប្រធាន​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍​មួយ ជុំវិញ​បញ្ហានយោបាយ​នៅ​មី​យ៉ាន់​ម៉ា​។ ក្នុង​សេចក្តីថ្លែងការណ៍​នោះ ប្រធាន​អាស៊ាន បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​គោរព​តាម​គោលការណ៍ និង​គោលបំណង ដែល​មានចែង​ក្នុង​អាស៊ាន​ដូចជា លទ្ធិប្រជាធិបតេយ្យ​, នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ​, ការគោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​។ ទន្ទឹមនេះ ប្រធាន​អាស៊ាន លើកទឹកចិត្ត​ឱ្យមាន​កិច្ចចរចា ការ​ផះ​ផ្សា និង​ត្រលប់​ទៅរក​ភាពប្រក្រតី ដោយ​ផ្អែក​នឹង​ឆន្ទៈ និង​ផលប្រយោជន៍​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​៕

Tag:
 មី​យ៉ាន់​ម៉ា​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com