កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​នៅ EPL ចំណាយ​តែ​៨​លាន​ដុល្លារ​ដើម្បី​ទិញ​កីឡាករ​នៅ​ថ្ងៃ​ទិញដូរ​ចុងក្រោយ​
02, Feb 2021 , 11:23 am        
រូបភាព
​ក្លិប​ក្នុង​ក្របខណ្ឌ Premier League ចំណាយ​មិន​ដល់​១០​លាន​ដុល្លារ​ផង​នៅ​ថ្ងៃ​ចុងក្រោយ​(Deadline Day) នៃ​ទីផ្សារ​ដូរ​ដោះ​កីឡាករ​ខែមករា សម្រាប់​រដូវ​កាល ២០២០-២១​។ នៅមុន​ទីផ្សារ​បិទទ្វារ​វេលា​ម៉ោង​១២ និង​០០​នាទី​យប់​ថ្ងៃទី​១ ខែកុម្ភៈ មានតែ Liverpool និង Brighton & Hove Albion ដែល​បាន​ចំណាយ​ប្រាក់​តិចតួច​ដើម្បី​ទិញ​កីឡាករ​ម្នាក់​រៀងខ្លួន ក្រៅពីនោះ​ដំណើរការ​ផ្ទេរ​ដោយ​ខ្ចី​ជើង​។​


​មានតែ​កីឡាករ​៣​រូប​ប៉ុណ្ណោះ​ដែលមាន​កិច្ចព្រមព្រៀង​ផ្ទេរ​ជា​អចិន្ត្រៃយ៍​នៅ​យប់​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ទិញដូរ​ក្នុង​ក្រម​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស​ដែលមាន​តម្លៃ​តែ ៨,២២​លាន​ដុល្លារ ខណៈ​លក្ខខណ្ឌ​ខ្ចី​ជើងមាន​ចំនួន​៦​រូប​។ ខ្សែប្រយុទ្ធ Joshua King បាន​ផ្លាស់​ពី Bournemouth នៃ​លី​គ​ទី​២ ដើម្បី​ទៅ​ចូលរួម​ជាមួយ Everton, Ben Davies ផ្ទេរ​ពី Preston North End លី​គ​ទី​២ ទៅ Liverpool ក្នុងតម្លៃ ២,៧៤​លាន​ដុល្លារ​, និង Moises Caicedo ផ្លាស់​ពី Independiente del Valle ទៅ Brighton ក្នុងតម្លៃ ៥,៤៨​លាន​ដុល្លារ​។​
 
​សម្រាប់​កីឡាករ​៦​រូប​ដែល​ត្រូវបាន​ខ្ចី​ជើង មានដូចជា Takumi Minamino ត្រូវ Southampton ខ្ចី​ពី Liverpool, Josh Maja ពី Bordeaux ទៅ Fulham, Ainsley Maitland-Niles ពី Arsenal ទៅ West Brom, Ozan Kabak ពី Schalke ទៅ Liverpool, Joe Willock ពី Arsenal ទៅ Newcastle និង Okay Yokuslu ពី Celta Vigo ទៅ West Brom​។​


 
​ការទិញ​ដូរ​កីឡា​ករពេញ​មួយខែ​មករា​នេះ មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ពោលគឺ​ទាប​ជាង​ឆ្នាំ​២០១២ ទៅទៀត​។ បើ​យោងតាម​ការវាយតម្លៃរ​បស់ Carteret Analytics ទឹកប្រាក់ ៩៣​លាន​ដុល្លារ​បាន​ចំណាយ​នៅ​ឆ្នាំ ២០២១​នេះ ដែល​ទាប​ជាង​រដូវ​កាល​មុន​ដល់​ទៅ ២៥៧​លាន​ដុល្លារ​។​
 
​វិបត្តិ​ជំងឺ COVID-19 ជា​មូលហេតុ​ចម្បង​បំផុត​ដែល​បណ្តាលឱ្យមាន​ការធ្លាក់​ចុះ​លើ​ការទិញចូល និង​លក់​ចេញ​កីឡាករ​នៅ​ខែម​ករានេះ​។ ក្លិប​ធំៗ​នៅ​អឺរ៉ុប​ស្ទើ​តែ​ទាំងអស់​ហើយ​ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ខណៈ​ក្លិប​ខ្លះ​ត្រូវ​បង្ខំចិត្ត​ខ្ចីប្រាក់​ធនាគារ​ដើម្បី​ដោះស្រាយ​ទៀតផង​៕ 

Tag:
 Deadline Day
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com