ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ សាលារៀនជិត៤០ទៀត នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងបាត់ដំបង មិនទាន់ដំណើរការ
02, Feb 2021 , 9:59 pm        
រូបភាព
រូបភាពពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង
រូបភាពពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅសល់សាលារៀនចំនួន៣៧ទៀត ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង មិនទាន់អាចបើកដំណើរការវិញឡើយ ដោយសារតែជាប់ដាក់ចត្តាឡីស័កពលករមកពីថៃ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ កុម្ភៈ។

 
លោក សុវាចា បានសង្កត់ធ្ងន់ថា ការផ្អាកដំណើរការសាលារៀនទាំងនេះ មិនធ្វើឲ្យប៉ះពាល់ដល់ការសិក្សាសិស្សនោះទេ។«យើងបង្វែរគាត់ទៅរៀននៅទីតាំងនៅក្បែរសាលារៀនដែលផ្អាកដំណើរការនោះវិញ»។ នេះជាការរៀបរាប់របស់លោក រស់ សុវាចា ថ្លែងប្រាប់សារព័ត៌មានថ្មីៗ។  
 
សាលារៀនទាំង៣៧ ដែលក្រសួងអប់រំ មិនទាន់អាចបើកដំណើការវិញបាននោះ រួមមាន សាលារៀននៅខេត្តឧត្តរមានជ័យ ចំនួន១៥ , ខេត្តបាត់ដំបង ១០ទីតាំង និងខេត្តបន្ទាយមានជ័យ១២កន្លែង។ដោយឡែកសាលារៀន៧ទៀត ដែលស្ថិតនៅខេត្តព្រះវិហារ កំពត សៀមរាប កំពង់ឆ្នាំង និងត្បូងឃ្មុំ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ។
 
«ចំណែកសាលារៀនទាំង៧នោះ គឺគ្រាន់តែមានបន្ទប់ ឬក៏អាគារនៅក្នុងទីតាំងនោះដែលប្រើប្រាស់ជាមជ្ឈមណ្ឌលចត្តាឡីស័ក។ ប៉ុន្តែពុំមានការផ្អាកដំណើរការបណ្តោះអាសន្ននោះទេ គឺមានដំណើរការជាធម្មតា»។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ។ 
 
គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ មានពលរដ្ឋខ្មែរវិលត្រឡប់ពីថៃវិញសរុប ៩,៦៨៧នាក់ ក្នុងនោះស្រី៤,០៣៧នាក់។ នេះបើតាម លោក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ពលករទាំងនោះ ចូលមកកម្ពុជាតាមច្រកអូរស្មាច់ ប៉ោយប៉ែត ដូង ភ្នំដី ចាំយាម និងព្រំ។ 
 
បើតាមលោក វណ្ណថន ក្នុងចំណោមពលករជិត៩,៧០០នាក់ដែលបានវិលត្រឡប់ពីថៃនោះ ក៏មានពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃ សរុបចំនួន ៥៣២នាក់ ស្រី១៤៥នាក់ នោះផងដែរ។
 
គិតត្រឹមថ្ងៃទី២កុម្ភៈ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៦៦នាក់ ក្នុងនោះជាសះស្បើយ ៤៤៤នាក់ ។ ចំណែកអ្នកជំងឺ២២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងនៅតាមមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មន្ទីរសុខាភាពចាក់អង្រែ និងបន្ទាយមានជ័យ៕
 
 

Tag:
 សាលារៀន
 ចត្តាឡីស័ក
 សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com