ជាតិ
សម្ដេច ស ខេង ធានាដោះស្រាយបញ្ហាអ្នកធំរំលោភបំពានពលរដ្ឋ ឱ្យតែមានភស្តុតាងគ្រប់គ្រាន់
02, Feb 2021 , 11:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ចេញមុខធានាដោះស្រាយបញ្ហាអ្នកមានអំណាចរំលោភបំពានដីធ្លី ឬសិទ្ធិពលរដ្ឋ ឱ្យតែមានភស្តុតាងគ្រប់គ្រាន់។ សម្ដេច ថ្លែងបែបនេះ នៅក្នុងពិធីទិវាអន្ដរជាតិរម្លឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅថ្ងៃទី២ កុម្ភៈ។


 
សម្ដេច ស ខេង ជំរុញឱ្យពលរដ្ឋរាយការណ៍ ឬផ្ញើប្ដឹងមកសម្ដេច តាមរយៈហ្វេសប៊ុកផ្ទាល់ ពីបញ្ហានានា នៅតាមមូលដ្ឋាន។ ជាពិសេសករណីអ្នកមានអំណាចកៀបសង្កត់ ឬកេងប្រវ័ញ្ចពលរដ្ឋ លើបញ្ហាដីធ្លីជាដើម។ ប៉ុន្តែក្នុងករណីពលរដ្ឋផ្ដល់មកសម្ដេច ស ខេង ត្រូវភ្ជាប់មកជាមួយភស្តុតាងជាក់លាក់ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ក្រុមអធិការកិច្ចរបស់សម្ដេច ដោះស្រាយបញ្ហានោះ។



 
រដ្ឋមន្ត្រីមហាផ្ទៃ អំពាវនាវជាថ្មីឱ្យពលរដ្ឋហ៊ានប្ដឹងមន្ត្រីមានអំណាចដូច្នេះថា៖«តាមខ្ញុំដឹងរឿងនៅមណ្ឌលគិរី ឥឡូវមានអ្នកពាក់ព័ន្ធណាខ្លះ ទៅ(ប្ដឹងតាមហ្វេសប៊ុក) ខ្ញុំបើកចំហ អាខោនហ្វេសប៊ុកខ្ញុំ។ (រឿង)ពាក់ព័ន្ធចៅហ្វាយខេត្ត ពាក់ព័ន្ធចៅហ្វាយខេត្តរង ពាក់ព័ន្ធចៅហ្វាយស្រុក ពាក់ព័ន្ធមន្ត្រីណាក៏ដោយ (ខ្ញុំ)បើកចំហបញ្ជូនមក ឱ្យតែមានភស្តុតាងគ្រប់គ្រាន់ ខ្ញុំដោះស្រាយជូនប្រកបដោយភាពយុត្តិធម៌ (ខ្ញុំ)ហ៊ានធានាអ៊ីចឹង»។
ជាមួយគ្នានេះ សម្ដេច ស ខេង ក៏ក្រើនរម្លឹកជាថ្មីឱ្យមន្ត្រីមានអំណាចទាំងអស់ កុំមានការពាក់ព័ន្ធនឹងករណីដីធ្លី និងបញ្ហាផ្សេងៗ។ ជាពិសេសគោរពសិទ្ធិ និងបម្រើពលរដ្ឋ ដោយមិនត្រូវធ្វើឱ្យពលរដ្ឋរងទុក្ខឡើយ។
 
សម្ដេច ស ខេង បានរៀបចំក្រុមការងារមួយ តាមដានរាល់ការស្នើសុំអន្តរាគមន៍ និងប្ដឹងផ្ដល់នានា របស់ពលរដ្ឋ នៅលើហ្វេសប៊ុកសម្ដេចផ្ទាល់។ សម្ដេច ស ខេង ធ្លាប់បានបញ្ជាក់ថា បើពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានហើយ ប៉ុន្តែពួកគេមិនព្រមដោះស្រាយបញ្ហាជូននោះ ពលរដ្ឋអាចប្រើប្រាស់បណ្ដេញសង្គម ដូចជាហ្វេសប៊ុកជាដើម បង្ហោះ ឬរាយការណ៍ព័ត៌មានចូលផេកហ្វេសប៊ុកសម្ដេចផ្ទាល់ ដើម្បីទទួលបានដំណោះស្រាយ។
 
សម្ដេច ស ខេង ធ្លាប់អះអាងកន្លងមកថា ព័ត៌មានដែលពលរដ្ឋប្ដឹងមកសម្ដេចតាមហ្វេសប៊ុក ភាគច្រើនជារឿងពិត៨០ភាគរយ។
កាលពីថ្ងៃទី១១ មករា ក្រុមការងារដោះស្រាយបញ្ហាពលរដ្ឋតាមហ្វេសប៊ុករបស់សម្ដេច ស ខេង បានដោះស្រាយ និងឆ្លើយតបទៅពលរដ្ឋ៦៧ករណី និងនៅសល់២០៨ករណី កំពុងដោះស្រាយ។ នេះបើតាមរបាយការណ៍លោក ជា សុគន្ធា ប្រធានក្រុមការងារ៕
 

Tag:
 ស ខេង
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com