ជាតិ
សង្គមជាតិ
ក្រសួង ស្រាវជ្រាវរកយោធា ដែលត្រូវឡើងឋានៈនិងប្រាក់ឧបត្ថម្ភ តែមិនបានឡើង
03, Feb 2021 , 11:05 am        
រូបភាព
ទាហានខ្មែរ ស្ថិតក្នុងជំរំ ដែលតាំងនៅក្នុងវត្តមួយ ជិតតំបន់ព្រះវិហារ កាលកម្ពុជានិងថៃ មានជម្លោះជាមួយគ្នាពីរឿងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨។ រូបពី AFP
ទាហានខ្មែរ ស្ថិតក្នុងជំរំ ដែលតាំងនៅក្នុងវត្តមួយ ជិតតំបន់ព្រះវិហារ កាលកម្ពុជានិងថៃ មានជម្លោះជាមួយគ្នាពីរឿងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨។ រូបពី AFP
គេ ធ្លាប់ឮពាក្យថា អ្នកខ្លះ ចូលបម្រើកងទ័ពយូរឆ្នាំ និងធ្លាប់តស៊ូលើសមរភូមិ តែលទ្ធផល ដែលទទួលបាន គឺពួកគាត់ បែរជាមានជីវភាពលំបាក ខ្វះមុខខ្វះក្រោយ ហើយឋានន្តរសក្តិ ក៏នៅជាប់គាំង ខណៈអ្នកក្រោយ ដែលទើបចូលបម្រើកងទ័ពនិងមិនធ្លាប់ឆ្លងកាត់សមរភូមិ បែរជាត្រូវបានដំឡើងឋានន្តរសក្តិយ៉ាងលឿនទៅវិញ។ ពេលនេះ មានគណៈកម្មការថ្មីមួយ ដែលនឹងស្រាវជ្រាវរកយោធាទាំងនោះ ហើយនឹងសិក្សាពីការដំឡើងឋានន្តរសក្តិនិងប្រាក់ឧបត្ថម្ភដល់ពួកគាត់ ដើម្បីជាការលើកទឹកចិត្ត។ បើពួកគាត់ មិនបានឡើងឋានន្តរសក្តិ យ៉ាងហោចណាស់ ក៏ទទួលបានប្រាក់បៀវត្សរ៍ច្រើនជាងមុនដែរ។



សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រួមគ្នាបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីស្រាវជ្រាវរកយោធាទាំងឡាយណា ដែលមិនទទួលបានការដំឡើងឋានន្តរសក្តិនិងប្រាក់ឧបត្ថម្ភ ខណៈពួកគាត់ ចូលធ្វើជាយោធាយូរឆ្នាំនិងមានលក្ខណសម្បត្តិ ត្រូវទទួលបានការដំឡើងឋានន្តរសក្តិនិងប្រាក់ឧបត្ថម្ភ។ ពួកគាត់ នឹងទទួលបានការលើកទឹកចិត្ត តាមរយៈការការដំឡើងឋានន្តរសក្តិនិងប្រាក់ឧបត្ថម្ភ បើគណៈកម្មការចំពោះកិច្ច សិក្សាទៅឃើញថា ពួកគាត់ មានលក្ខណសម្បត្តិ ដែលគួរតែទទួលបានការដំឡើងឋានន្តរសក្តិនិងប្រាក់ឧបត្ថម្ភនេះ។

តាមរយៈប្រកាសអន្តរក្រសួង ដែលចេញនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងការពារជាតិនិងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានតែងតាំងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងលោក ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាសហប្រធាននៃគណៈកម្មការចំពោះកិច្ចនេះ ដោយមានលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក និងលោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាអនុប្រធាន រួមទាំងសមាជិក៦រូបទៀត។

រដ្ឋមន្រ្តីទាំង២ ចែងភារកិច្ចសំខាន់២យ៉ាង ដល់គណៈកម្មការចំពោះកិច្ចនេះ គឺទី១ សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិនិងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំអាចត្រូវបានដំឡើងឋានន្តរសក្តិតាមការកំណត់ក្នុងច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និង ទី២ សិក្សាពីលក្ខណសម្បត្តិនៃការផ្តល់ប្រាក់ឧបត្ថម្ភបំពេញបន្ថែម ចំពោះយោធិន ដែលមានឋានន្តរសក្តិនិងមុខតំណែងចុងក្រោយ តែពុំអាចត្រូវបានដំឡើងឋានន្តរសក្តិ ក្នុងច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ លើកឡើងថា ការបង្កើតគណៈកម្មការចំពោះកិច្ចនេះ គឺដើម្បីស្រាវជ្រាវរកអ្នក ដែលធ្វើទាហានយូរឆ្នាំ តែមិនបានឡើងសក្តិ (សក្តិក្រិន)។ លោក លើកឧទាហរណ៍ថា នាយទាហានម្នាក់ កាន់តំណែងជាមេទាហានប្រចាំខេត្ត រយៈពេល១០ឆ្នាំ និងពាក់សក្តិ៥ តែគាត់ ឡើងសក្តិអត់រួច ពីព្រោះ បើឡើងសក្តិ គឺហួសមុខតំណែង (មេទាហានខេត្ត)។

លោក បន្តថា អ្នកខ្លះ ចូលធ្វើទាហានតាំងពីឆ្នាំ១៩៧៩មក តែកន្លែង ដែលពួកគាត់ធ្វើការ ឬតំណែងដែលពួកគាត់កាន់ គឺត្រូវបានកំណត់សក្តិក្នុងកម្រិតណាមួយ។ ឧទាហរណ៍ថា តំណែងនោះ ត្រូវបានកំណត់ខ្ពស់បំផុត ត្រឹមផ្កាយ១ ដូច្នេះ ទោះទាហាននោះ បម្រើការងារយូរឆ្នាំក្តី ក៏នៅតែពាក់ត្រឹមផ្កាយ១ដដែល។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ពន្យល់ថា៖«ឧបមា ទាហានក គាត់ [ពាក់] ផ្កាយ១ គាត់នៅចាល់គាំងត្រឹមមុខតំណែងសក្តិហ្នឹងយូរ ដល់ពេលអ្នកឡើងមកក្រោយ ក្មេងៗ ឡើងមកក្រោយ ផ្កាយ១ ប៉ុនគាត់។ គាត់ ឡើងសក្តិមុនយូរហើយ គាត់ ត្រូវតែទទួលបានប្រាក់បៀវត្សរ៍ហ្នឹង ឲ្យលើសអ្នក ដែលទើបឡើងក្រោយ។ ទោះបីឋានន្តរសក្តិស្មើគ្នាក៏ដោយ តែត្រូវតែគិតគូរ ធ្វើម៉េចឲ្យផលប្រយោជន៍ប្រាក់បៀវត្សរ៍ហ្នឹង ខ្ពស់ជាងអ្នកមកក្រោយ»។

សម្រាប់លោកឧត្តមសេនីយ៍ ថោង សូលីម៉ូ ការបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើកិច្ចការនេះ គឺជាការលើកទឹកចិត្តដល់យោធា ដែលបម្រើការងារយូរឆ្នាំ ហើយត្រូវឡើងឋានន្តរសក្តិនិងប្រាក់ឧបត្ថម្ភ។ លោក ថ្លែងថា៖«កុំឲ្យ [ពួកគាត់] មានសតិអារម្មណ៍មួយថា ហ៊ឺ! ធ្វើទាហានយូរហើយ ដល់ពេលក្មេងៗ គេឡើងមកទាន់ ប្រាក់អីស្មើគ្នា»។

បណ្ឌិត មាស នី អ្នកតាមដានស្ថានការសង្គម សង្កេតឃើញថា អាចមានបញ្ហាខ្លះ ពាក់ព័ន្ធនឹងការដំឡើងឋានន្តរសក្តិដល់មន្រ្តីយោធា ជាពិសេសរវាងយោធាចាស់ៗ និងយោធា ដែលទើបនឹងឡើងថ្មី។ ជាមួយគ្នានេះ លោក មើលឃើញថា បច្ចុប្បន្ន យោធា ដែលពាក់ផ្កាយ មានច្រើន ហើយក្នុងចំណោមយោធាពាក់ផ្កាយទាំងនោះ មានអ្នកខ្លះ ជាអ្នករកស៊ី។

អ្នកតាមដានស្ថានការណ៍រូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«យើង អត់ដឹងថាការឡើងបុណ្យសក្តិហ្នឹង ឡើងតាមណា អត់ដឹងទេ។ ប៉ុន្តែ និយាយពីព័ត៌មាន ពីរឿងការ ដំឡើងសក្តិ ត្រូវដាក់លុយប៉ុន្មាន អាហ្នឹង យើងឮសូរសង្កៀរត្រចៀកហើយ វាច្រើនមែនទែន អ៊ីចឹង វា អាចមានន័យថា មានអំពើពុករលួយក្នុងប្រព័ន្ធនៃការរៀបចំដំឡើងឋានន្តរសក្តិ»។

លោក បន្ថែមថា៖«យើងមានករណីមួយចំនួន ដែលខ្ញុំធ្លាប់ឮដែរ។ ឧបមាថា ឥឡូវ បើចង់ឡើងសក្តិ៣ទៅសក្តិ៤ ឬឡើងសក្តិ៤ទៅសក្តិ៥ គេ ត [ថ្លៃ] គ្នាថា បើចង់បានប៉ុណ្ណឹង វា ទាល់តែយើង ដាក់លុយប៉ុននេះទៅ ២ពាន់ [ដុល្លារ] ៥ពាន់ [ដុល្លារ] [ឬ] ១ម៉ឺន [ដុល្លារ] តាមបុណ្យសក្តិតូចធំ។ ...ទាំងប៉ូលិស និងទាហាន គឺមានរឿងហ្នឹងដូចគ្នា។ ខ្ញុំ គិតថា មិនមែនមានតែខ្ញុំទេ ដែលបានឮសូររឿងហ្នឹង ពលរដ្ឋខ្មែរ ក៏បានឮសូរច្រើនដូចគ្នា»។

ប៉ុន្តែ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បកស្រាយថា កងទ័ព ដែលទទួលបានការដំឡើងឋានន្តរសក្តិ គឺសុទ្ធតែឆ្លងកាត់ការវាយតម្លៃត្រឹមត្រូវ ពីស្ថាប័នរៀងៗខ្លួន មុននឹងបញ្ជូនទៅឲ្យថ្នាក់លើធ្វើសេចក្តីសម្រេច។ លោក អះអាងទៀតថា ការដំឡើងឋានន្តរសក្តិដល់កងទ័ព មិនមែនធ្វើតាមអំពើចិត្តនឹកឃើញនោះទេ ហើយក៏មិនធ្វើដោយផ្អែកលើមនោសញ្ចេតនាដែរ។ លោក បញ្ជាក់ថា៖«អត់មានទាហានណា ផ្លោះរំលងអីមកទេ អត់ទេ»។

លោក មាស នី យល់ថា រដ្ឋាភិបាល គួរតែមានប្រព័ន្ធណាមួយ ដែលអាចផ្តល់យុត្តិធម៌ក្នុងការដំឡើងឋានន្តរសក្តិដល់ទាហានចាស់ៗ ឬទាហានដែលបម្រើការងារយូរឆ្នាំ ហើយមានគុណបំណាច់ចំពោះប្រទេសជាតិ។ លោក និយាយថា៖«មានអ្នកខ្លះ គ្នាធ្វើ [ទាហាន] រហូតដល់ចង់ស្លាប់ទៅវិញ ធ្វើទាហានតាំងពីនៅកាំភ្លើងអូសដី ឥឡូវចាស់ទៅវិញ រកតែដីមួយដុំគ្មាន បើមិនអ៊ីចឹងទេ គឺថា បានត្រឹមតែសក្តិ២ នៅតែ២រហូត»។

ទន្ទឹមនឹងនេះ លោក សង្កេតឃើញថា ពេលខ្លះ អ្នកនយោបាយ ដំឡើងឋានន្តរសក្តិយ៉ាងលឿនដល់អ្នកណាម្នាក់ ក៏ព្រោះតែអ្នកនោះ បង្ហាញពីភាពស្មោះស្ម័គ្រនិងជំហរនយោបាយគាំទ្រខ្លួន ហើយភ្លេចគិតពីអ្នកដទៃទៀត ដែលគិតតែពីបច្ចេកទេសយោធា និងរឿងច្បាំង។ លោក បង្ហាញការកត់សម្គាល់របស់លោកថា៖« [អ្នកបច្ចេកទេសខ្លះ] គ្នា គ្មានលុយគ្មានអី ហើយគ្នា ក៏មិនបានបង្ហាញជំហរអីឲ្យវាផ្កាប់មុខ ក្នុងការគាំទ្រទៅលើបក្ស អាហ្នឹង គាត់ ក៏មិនបានដំឡើងឋានន្តរសក្តិដែរ...»។

យ៉ាងណាក៏ដោយចុះ លោក ចាត់ទុកការបង្កើតគណៈកម្មការចំពោះកិច្ចខាងលើ ថាជារឿងសំខាន់ ដើម្បីផ្តល់យុត្តិធម៌ ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការទទួលបានផលប្រយោជន៍ ដែលកើតចេញពីការខំបម្រើជាតិ។ លោក បរិយាយថា៖«កុំឲ្យគេថា កាលច្បាំង សុទ្ធតែទាហានស្បែកខ្មៅៗ ដល់ពេលចប់ច្បាំង សុទ្ធតែចិនសៗ ស្បែកឡើងភ្លឺ ចូលមក បើកឡានថ្មីៗ ហើយពាក់ផ្កាយនៅនឹងស្មា ដើរទៅស្តីឲ្យអ្នកដែលខំប្រឹងតស៊ូយូរហើយ ក្នុងកងទ័ព»។

បើគណៈកម្មការចំពោះកិច្ច បំពេញការងារដោយសមធម៌ យុត្តិធម៌ និង តម្លាភាពមែននោះ វា គឺជាការលើកទឹកចិត្តធំណាស់ សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅកម្ពុជា។ នេះជាការរំពឹងទុករបស់លោក មាស នី៕

Tag:
 យោធា
© រក្សាសិទ្ធិដោយ thmeythmey.com