ជាតិ
សុខភាព
កូវីដ-១៩ និងវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា…!
03, Feb 2021 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបានសាធារណជនស្គាល់យ៉ាងទូលំទូលាយដោយសារមានមជ្ឈមណ្ឌល ចាក់ថ្នាំបង្ការ (ឧទាហរណ៍ ថ្នាំបង្ការជំងឺឆ្កែឆ្កួតជាដើម)។ ម្យ៉ាងទៀត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមានមន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្ត និងមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តលើបញ្ហាសុវត្ថិភាពបរិស្ថាន និងចំណីអាហារ។ លើសពីនេះទៅទៀត នៅក្នុងរយៈពេលចុងក្រោយនេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើកិច្ចការជាច្រើនទាក់ទងទៅនឹងមេរោគកូវីដ19។ ខាងក្រោមនេះ គឺជាបទសម្ភាសរវាងសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) និងលោកស្រី Laurence BARIL នាយិការនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។


 
ថ្មីៗ៖ សូមលោកស្រីរៀបរាប់អំពីតួនាទី និងបេសកកម្មរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC (Institut Pasteur du Cambodge) នៅក្នុងប្រទេសកម្ពុជា ថាតើមានអ្វីខ្លះ?
 
លោកស្រី Laurence BARIL៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) គឺជាវិទ្យាស្ថានមិនស្វែងរកប្រាក់ចំណេញ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ1953 និងត្រូវបានបើកដំណើរការឡើងវិញនៅក្នុងឆ្នាំ1992។  IPC បំពេញតួនាទីដ៏សំខាន់នៅក្នុងចំណោមបណ្ដាញដ៏សកម្មចំនួន ៣២ វិទ្យាស្ថាននៅជុំវិញពិភពលោក ដែលជាសមាជិកបណ្ដាញអន្តរជាតិវិទ្យាស្ថានប៉ាស្ទ័រ។ នាពេលបច្ចុប្បន្ន IPC ត្រូវបានសាធារណជនកម្ពុជាស្គាល់យ៉ាងទូលំទូលាយដោយសារបានបំពេញតួនាទីដ៏សំខាន់នៅក្នុងការពិនិត្យស្វែងរកជំងឺរាតត្បាតជាសកលកូវីដ 19។ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ IPC បានធ្វើតេស្ត PCR បានចំនួនជាង ២០០ ០០០ ដើម្បីស្វែងរកជំងឺកូវីដ 19។
 
និយាយជារួម IPC ត្រូវបានសាធារណជនស្គាល់យ៉ាងទូលំទូលាយដោយសារមានមជ្ឈមណ្ឌល ចាក់ថ្នាំបង្ការ (ឧទាហរណ៍ ថ្នាំបង្ការជំងឺឆ្កែឆ្កួតជាដើម) ព្រមទាំងមានមន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្ត និងមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តលើបញ្ហាសុវត្ថិភាពបរិស្ថាន និងចំណីអាហារ។ ទោះបីជាយ៉ាងណា បេសកកម្មដ៏ចម្បងរបស់ IPC គឺដើរតួនាទីជាមជ្ឈមណ្ឌលស្រាវជ្រាវ ដោយនៅក្នុងសកម្មភាពរបស់ខ្លួន IPC ក៏ធ្វើការបណ្ដុះបណ្ដាល និងទទួលបានជំនួយពីអ្នកស្រាវជ្រាវកម្ពុជាកម្រិតខ្ពស់ផងដែរ។
 
ថ្មីៗ៖ បេសកកម្មរបស់ IPC ត្រូវបានគូសបញ្ជាក់នៅក្នុងពេលមានវិបត្តិសុខភាពបច្ចុប្បន្ន ហើយមន្ទីរពិសោធន៍របស់វិទ្យាស្ថានត្រូវបានអង្គការសុខភាពពិភពលោក (WHO) ដាក់ឈ្មោះថា ជាបណ្ដាញមន្ទីរពិសោធន៍បង្អែកសាកលសម្រាប់ជំងឺកូវីដ 19។ តើលោកស្រីយល់ដូចម្ដេចចំពោះការកំណត់ឈ្មោះបែបនេះ?
 
លោកស្រី Laurence BARIL៖ IPC បានអនុវត្តការស្រាវជ្រាវអំពីវិទ្យាសាស្រ្តជីវិត និងសុខភាពទៅលើជំងឺឆ្លងផ្សេងៗដែលបានកើតឡើង និងមានការឆ្លងជាសាកល។ ផ្នែកវីរុសសាស្រ្តរបស់យើងត្រូវបានបំពាក់បរិក្ខារធ្វើរោគវិនិច្ឆ័យយ៉ាងឆាប់រហ័សនៅពេលមានការរាតត្បាតជំងឺសារកាលពីឆ្នាំ២០០៣ ជំងឺគ្រុនផ្ដាសាយបក្សីកាលពីឆ្នាំ២០០៨ និងការសិក្សាទៅលើមេរោគបង្កជំងឺចម្បងៗជាច្រើនផ្សេងៗទៀតនាពេលបច្ចុប្បន្ន។ នៅក្នុងខែមករា ឆ្នាំ ២០២០ តាមរយៈបណ្ដាញដ៏មានប្រសិទ្ធភាព និងដោយសារមានការរៀបចំបានល្អ អ្នកវិទ្យាសាស្រ្តនៅ IPC អាចដោះស្រាយតម្រូវការពីក្រសួងសុខាភិបាលសម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺសារថ្មី (កូវីដ 19) បានយ៉ាងមានប្រសិទ្ធភាព ហើយកិច្ចការនេះគឺជាកិច្ចការដ៏មានសារសំខាន់បំផុត។ ជាថ្មីម្ដងទៀត ខ្ញុំសូមគូសបញ្ជាក់ថា នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ យើងបានធ្វើតេស្ត PCR បានចំនួនជាង ២០០ ០០០។
 
IPC ត្រូវបានអង្គការសុខភាពពិភពលោកជ្រើសរើសជាសមាជិកនៃបណ្ដាញមន្ទីរពិសោធន៍បង្អែកសាកលសម្រាប់ជំងឺកូវីដ 19 ដោយសារយើងមានសមត្ថភាពឆ្លើយតបបានរហ័ស ចំពោះជំងឺរាតត្បាតជាសាកល ធ្វើរោគវិនិច្ឆ័យករណីឆ្លងដំបូងគេក្នុងប្រទេសកម្ពុជា ផ្ទេរបច្ចេកទេសធ្វើរោគវិនិច្ឆ័យទៅសាធារណរដ្ឋប្រជាមានិតឡាវ និងមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ (NIPH) ធ្វើតេស្តអ្នកដំណើរតាមនាវាកម្សាន្ត Westerdam និងចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីធ្វើឱ្យកាន់តែល្អប្រសើរនូវការធ្វើរោគវិនិច្ឆ័យជំងឺកូវីដ 19។ ការទទួលស្គាល់នេះមានសារសំខាន់សម្រាប់ IPC និងសម្រាប់ប្រទេសកម្ពុជា។ លិខិតដែលសម្ដេចតេជោ ហ៊ុន សែន ផ្ញើមកកាន់វិទ្យាស្ថានរបស់យើងគឺជាសក្ខីភាពដ៏សំខាន់នៃការទទួលស្គាល់សម្រាប់ក្រុមការងាររបស់ IPC។
 
ថ្មីៗ៖ តើដំណើរការធ្វើតេស្តរកមេរោគកូវីដ 19 នៅ IPC មានលក្ខណៈដូចម្ដេចដែរ?
 
លោកស្រី Laurence BARIL៖ ក្នុងនាមជាមន្ទីរពិសោធន៍បង្អែកសាកលសម្រាប់ជំងឺ 19 របស់អង្គការសុខភាពពិភពលោក IPC បំពេញការងារធ្វើតេស្ត RT-PCR ដែលមានស្តង់ដារខ្ពស់បំផុត ហើយចំណុចនេះមានសារសំខាន់ខ្លាំងណាស់។ យើងទាំងអស់គ្នាជឿជាក់ថានៅក្នុងប្រទេសកម្ពុជា RT-PCR នឹងនៅតែជាបច្ចេកទេសធ្វើតេស្តដ៏ល្អបំផុតសម្រាប់ការធ្វើរោគវិនិច្ឆ័យដោយផ្ទាល់សម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ។ 

ថ្មីៗ៖ តើបច្ចុប្បន្ននេះ IPC ជួបប្រទះនូវបញ្ហាប្រឈមអ្វីខ្លះ?

លោកស្រី Laurence BARIL៖ បញ្ហាប្រឈមដ៏ចម្បងមួយគឺយើងមានបន្ទុកការងារជាច្រើនដែលត្រូវបំពេញ។ យើងបាន និងកំពុងធ្វើកិច្ចការជារៀងរាល់ថ្ងៃ ដែលជាញឹកញាប់គឺនៅពេលយប់ ដើម្បីធ្វើតេស្ត RT-PCR ជំងឺកូវីដ 19 ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ មកម្ល៉េះ។ ខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់ដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងសាមគ្គីភាព។ 
យើងបានបន្តការងារស្រាវជ្រាវ និងតាមដានរបស់យើងទៅលើភ្នាក់ងារផ្សេងៗដែលបង្កឱ្យមានជំងឺផ្សេងៗទៀត (ឧទាហរណ៍ ជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺគ្រុនផ្ដាសាយធំ H3N2) ដោយទន្ទឹមនឹងនេះយើងក៏ត្រូវរ៉ាប់រងបន្ទុកការងារដ៏ធំមួយទៀតគឺ ជំងឺកូវីដ 19 ដែលនេះគឺជាបញ្ហាប្រឈមមួយទៀតសម្រាប់វិទ្យាស្ថានរបស់យើង។
 
ខ្ញុំសង្ឃឹមថា បន្ទាប់ពីវិបត្តិជំងឺកូវីដ 19 ត្រូវបានបញ្ចប់ យើងនឹងចងចាំនៅក្នុងចិត្តអំពីសារសំខាន់នៃការមានសមត្ថភាព និងឯកទេសផ្នែកមន្ទីរពិសោធន៍កម្រិតខ្ពស់សម្រាប់តាមដានភ្នាក់ងារជំងឺឆ្លងដែលកើតទៅលើមនុស្ស និងសត្វ។ នេះគឺជាការវិនិយោគរយៈពេលវែង ទាំងទៅលើធនធានមនុស្ស និងបរិក្ខារដែលមានសារសំខាន់បំផុតសម្រាប់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។


 
ថ្មីៗ៖ នៅពេលនេះ សូមពិភាក្សាអំពីកិច្ចសហការរបស់ IPC ជាមួយនឹងវិទ្យាស្ថានផ្សេងទៀត ជាពិសេសជាមួយប្រទេសបារាំង។ 
 
លោកស្រី Laurence BARIL៖ អភិបាលកិច្ចរបស់ IPC គឺផ្អែកទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រ (ទីក្រុងប៉ារីស ប្រទេសបារាំង)។ ក្រសួងកិច្ចការអឺរ៉ុប និងបរទេសបារាំងជាប់ចំណាត់ថ្នាក់ទីមួយនៅក្នុងចំណោមដៃគូហិរញ្ញវត្ថុផ្សេងទៀតរបស់យើង។ ហេតុដូច្នេះ IPC រួមចំណែកនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជាដែលមានភាពស៊ីជម្រៅទៅលើផ្នែកសុខភាព។
 
យើងធ្វើកិច្ចការដោយសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (IRD) និង មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិផ្នែកការស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (CIRAD) ព្រមទាំងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ ទោះជាយ៉ាងនេះក្ដី យើងគឺជាវិទ្យាស្ថានកម្ពុជាដែលធ្វើកិច្ចការក្រោមការជួយជ្រោមជ្រែងពីក្រសួងសុខាភិបាល ហើយយើងធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយនឹងវិទ្យាស្ថានកម្ពុជាផ្សេងទៀត ដូចមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC) សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) និងនាយកដ្ឋានជាច្រើនផ្សេងទៀតនៅក្រសួងសុខាភិបាល។
 
យើងនៅតែបន្តបើកចំហទទួលយកកិច្ចសហប្រតិបត្តិការអន្តរជាតិផ្សេងៗទៀត ដោយយើងធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពហុជាតិដូចជា អង្គការសុខភាពពិភពលោក (WHO) និងអង្គការស្បៀង និងកសិកម្ម (FAO) ជាដើម។ អ្នកស្រាវជ្រាវចំនួនសាមសិបពីររូប ឬសមាជិកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត តំណាងប្រទេសចំនួន 10 នៅក្នុងក្រុមរបស់យើង។ ទន្ទឹមនឹងនេះ យើងមានគម្រោងផ្សេងៗដែលផ្ដល់មូលនិធិដោយប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក ប្រទេសអៀរឡង់ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបជាដើម។ ផ្នត់គំនិតកិច្ចសហប្រតិបត្តិការ គួបផ្សំនឹងភាពលេចធ្លោរបស់យើងនៅលើឆាកអន្តរជាតិ គឺជាគន្លឹះសម្រាប់សកម្មភាពនានារបស់យើង។ 
 
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អ្នកវិទ្យាសាស្រ្តកម្ពុជាកាន់តែច្រើនត្រូវបានប្រគល់មុខតំណែងដឹកនាំនៅក្នុង IPC។ បច្ចុប្បន្ននេះ អនុប្រធាន IPC គឺជាអ្នកឯកទេសសិក្សាជំងឺរាតត្បាត និងជាអ្នកជំនាញផ្នែកសុខភាពសាធារណៈ គឺវេជ្ជបណ្ឌិត លី សុវត្ថិ ចំណែកឯប្រធានផ្នែកវីរុសសាស្រ្តគឺវេជ្ជបណ្ឌិត ដួង វាសនា ព្រមទាំងបុគ្គលសំខាន់ៗជាច្រើនផ្សេងទៀត ដែលសុទ្ធតែទទួលបានការបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់ និងមានទេពកោសល្យខ្ពស់ ហើយនេះគឺជាមោទនភាពមួយរបស់
យើង។
 
 ថ្មីៗ៖ បើគេនិយាយថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺជាអង្គការបារាំង តើត្រឹមត្រូវដែរឬទេ?
 
លោកស្រី Laurence BARIL៖ ជានិច្ចជាកាល ប្រទេសបារាំងគឺជាដៃគូរឹងមាំតាមរយៈការផ្ដល់ធនធានមនុស្ស ផ្ដល់មូលនិធិសម្រាប់គម្រោងស្រាវជ្រាវ និងផ្ដល់ឯកទេសផ្នែកគ្រប់គ្រង។ កិច្ចសហប្រតិបត្តិការបារាំងកំពុងគាំទ្រដល់សាកលវិទ្យាល័យ និងវិទ្យាស្ថានមួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយ IPC គឺជាវិទ្យាស្ថានមួយនៅក្នុងចំណោមវិទ្យាស្ថានទាំងនោះ។ នៅក្នុងអំឡុងវិបត្តិជំងឺកូវីដ 19 ប្រទេសបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានបង្ហាញអំពីការគាំទ្ររបស់ខ្លួនដល់ប្រទេសកម្ពុជាតាមរយៈការបង្កើនជំនួយហិរញ្ញវត្ថុសម្រាប់ IPC។
 
ទោះបីជាយ៉ាងនេះក្ដី IPC នៅតែជាវិទ្យាស្ថានកម្ពុជាដែលបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនានា។ នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ នៅពេលបណ្ដាប្រទេសអាស៊ីប៉ាស៊ីហ្វិកកំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅក្នុងវិស័យផ្សេងជាច្រើន យើងនឹងបង្កើតកិច្ចសហការវិទ្យាសាស្រ្តតំបន់ជាមួយនឹងប្រទេសអូស្រ្តាលី ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសសិង្ហបុរីជាដើម។ យើងមានទំនាក់ទំនងជិតស្និទ្ធជាមួយវិទ្យាស្ថានផ្សេងៗទៀតពីបណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិដែលមានមូលដ្ឋានចាប់ពីប្រទេសអ៊ីរ៉ង់រហូតដល់ New Caledonia (សរុបចំនួន 10 នៅក្នុងតំបន់) ហើយយើងចែករំលែកគុណតម្លៃវិជ្ជាជីវៈរឹងមាំជាមួយនឹងវិទ្យាស្ថានទាំងនោះ។
 
ថ្មីៗ៖ ចំពោះប្រជាជនកម្ពុជាភាគច្រើន វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគ្រាន់តែជាមជ្ឈមណ្ឌលចាក់ថ្នាំបង្ការ និងជាមន្ទីរពិសោធន៍វិភាគវេជ្ជសាស្រ្តប៉ុណ្ណោះ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសកម្មផងដែរនៅក្នុងការស្រាវជ្រាវអំពីការកើតឡើងនូវជំងឺឆ្លង តើការអះអាងបែបនេះត្រឹមត្រូវដែរឬទេ?
 
លោកស្រី Laurence BARIL៖ ការពិតទៅ យើងផ្ដល់សេវាសំខាន់ៗដោយផ្ទាល់ដល់សាធារណជន ដល់មន្ទីរពេទ្យ និងក្រុមហ៊ុនឯកជនតាមរយៈមជ្ឈមណ្ឌលចាក់ថ្នាំបង្ការអន្តរជាតិរបស់យើង មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតចំនួនបីរបស់យើង (បាត់ដំបង កំពង់ចាម និងភ្នំពេញ) មន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្តរបស់យើង (មានការបញ្ជាក់ទទួលស្គាល់ ISO 15189) និងមន្ទីរពិសោធន៍សុវត្ថិភាពបរិស្ថាន និងចំណីអាហារ។ 
 
ក្រៅពីសេវាទាំងអស់នោះ IPC គឺជាវិទ្យាស្ថានដែលបំពេញតែកិច្ចការផ្នែកស្រាវជ្រាវប៉ុណ្ណោះ។ នៅវិទ្យាស្ថានរបស់យើងមានបុគ្គលិកចំនួនជិត 300 នាក់កំពុងបំពេញការងារនៅអគារមេរបស់យើងនៅទីក្រុងភ្នំពេញ និងនៅមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតចំនួនពីរនៅខេត្តកំពង់ចាម និងបាត់ដំបង ហើយនិស្សិតកម្ពុជាចំនួនប្រហែល ១០០ នាក់ជារៀងរាល់ឆ្នាំ បានចូលរួមជាមួយក្រុមការងាររបស់យើងក្នុងនាមជាកម្មសិក្សាការី។ ក្រៅពីនេះ IPC បំពេញការងារជាច្រើនផ្សេងទៀតដែលសាធារណជនទូទៅពុំបានដឹង! 
 

Tag:
 ប៉ាស្ទ័រ
© រក្សាសិទ្ធិដោយ thmeythmey.com