អន្តរជាតិ
លោក Jeff Bezos នឹងលាលែងពីតំណែង CEO របស់ Amazon
03, Feb 2021 , 7:29 pm        
រូបភាព
ដោយ ឈួន ឈីវអ៊ីង 
 
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នឹងលាលែងពីតំណែងនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនដ៏ធំនេះនៅឆ្នាំនេះតែម្ដង។ លោក នឹងធ្វើជាប្រធានក្រុមប្រឹក្សាភិបាល (Chairman) វិញ។ ក្នុងសេចក្ដីប្រកាសរបស់ Amazon នៅថ្ងៃទី៣ ខែកុម្ភៈ លោក Andy Jassy នឹងជំនួសតំណែងលោក Bezos ។

 
ក្នុងលិខិតផ្ញើឱ្យបុគ្គលិក Amazon ទាំងអស់ លោក Jeff Bezos ដែលជាមហាសេដ្ឋីពាន់លានដុល្លាររបស់ពិភពលោក បង្ហាញការរីករាយចំពោះការផ្លាស់ប្ដូរតំណែងដឹកនាំក្រុមហ៊ុនដ៏ធំរបស់ពិភពលោក។ ការឡើងតំណែងទៅជាប្រធានក្រុមប្រឹក្សាភិបាល នឹងធ្វើឱ្យលោក Bezos មានពេលទំនេរច្រើនជាងមុន ដើម្បីផ្ដោតលើគម្រោងផ្សេងទៀតរបស់ក្រុមហ៊ុន។ តួយ៉ាងក្នុងនាមជាប្រធានក្រុមហ៊ុន លោក Bezos នឹងផ្តោតលើការរកផលិតផលថ្មី និងការផ្តួចផ្តើមគំនិតថ្មីជាច្រើន។
 
លោក Bezos ធ្វើជា CEO របស់ Amazon តាំងពីលោកបង្កើតភា្លមនៅឆ្នាំ១៩៩៥ ។ ក្រុមហ៊ុនក៏បំប្លែងខ្លួនពីក្រុមហ៊ុនតូចមួយដែលលក់សៀវភៅតាមអនឡាញរហូតក្លាយជាសាជីវកម្មដ៏ធំរបស់ពិភពលោកជាមួយទំហំទឹកប្រាក់១,៧ទ្រីលានដុល្លារ។
 
«ដំណើរការនេះ ចាប់ផ្ដើមនៅ២៧ឆ្នាំមុន។ Amazon គ្រាន់តែគំនិតមួយប៉ុណ្ណោះ ហើយគ្មានឈ្មោះផង។ សំណួរដែលខ្ញុំត្រូវបានសួរជាញឹកញយ គឺអ្វីទៅជាអ៊ីនធឺណិត?... សព្វថ្ងៃ យើមានបុគ្គលជំនាញៗ១,៣លាននាក់ និងបម្រើសេវាកម្មឱ្យអតិថិជន និងអាជីវកម្មរាប់លាន ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនជោគជ័យមួយ។» លោក Bezos បញ្ជាក់បែបនេះក្នុងលិខិតដដែល។  
 
នាយកក្រុមហ៊ុនសេវាកម្មគេហទំព័រ Amazon Web Service (AWS) លោក Andy Jassy នឹងឡើងធ្វើជា CEO ថ្មីរបស់ Amazon ជំនួសលោក Bezos ។ លោក Jassy មានស្នាដៃខ្លាំងក្នុងការដឹកនាំ AWS ដែលរកចំណូលឱ្យ Amazon មិនតិចឡើយ។ លោក Jassy ចូលរួមជាមួយ Amazon ក្នុងឆ្នាំ១៩៩៧ ។  លោក Bezos សរសើរលោក Jassy ថា នឹងធ្វើជាអ្នកដឹកនាំដ៏ពូកែ ជាមួយនឹងទំនុកចិត្តរបស់លោក។ 
 
ក្នុងតារាងដែលរៀបចំដោយទស្សនាវដ្ដី Forbes លោក Bezos មានទ្រព្យសម្បត្តិដល់ទៅ១៩៦,២ពាន់លានដុល្លារឯណោះ។ ចំណូលរបស់លោកបានមកពីការរីកចម្រើនក្នុងវិស័យសេវាកម្មអ៊ីនធឺណិតរបស់ Amazon ក្នុងពេលជាច្រើនឆ្នាំមកនេះ។ ទោះក្នុងវិបត្តិកូវីដ-១៩ Amazon នៅតែកំណើនចំណូលរបស់ខ្លួនដដែល ខណៈតម្រូវការក្នុងវិស័យនេះកើនឡើងខ្លាំង។ បើតាម CNN ប្រាក់ចំណូលប្រចាំត្រីមាសរបស់ Amazon ឡើងដល់៧,២ពាន់ដុល្លារ៕ 
 

Tag:
 Amazon
  Jeff Bezos
© រក្សាសិទ្ធិដោយ thmeythmey.com