ជាតិ
គណៈមេធាវីបារម្ភពីចំណាត់ការអាជ្ញាធរ មកលើវិជ្ជាជីវៈមេធាវី
03, Feb 2021 , 6:29 pm        
រូបភាព
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា
ភ្នំពេញ៖ គណៈមេធាវី បារម្ភពីចំណាត់ការអាជ្ញាធរមានសមត្ថកិច្ច មកលើវិជ្ជាជីវៈមេធាវី ក្នុងការបំពេញតួនាទីខ្លួន។ ការបារម្ភរបស់គណៈមេធាវីនេះ ធ្វើឡើងក្រោយពីកត់សម្គាល់ឃើញថា អាជ្ញាធរខ្លះ បានបង្ខំឱ្យមេធាវីទម្លាយការសម្ងាត់វិជ្ជាជីវៈខ្លួន។


 
គណៈមេធាវី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា មានមន្ត្រីអាជ្ញាធរខ្លះ បានទទួលនិងចាត់ការមកលើមេធាវី តាមរយៈបណ្ដឹងនានា រួមមាន ការឃាត់ខ្លួនមេធាវីដែលបានតំណាងឱ្យកូនក្តីក្នុងការចរចា និងអមកូនក្តី, ការបង្ខំឱ្យមេធាវីអន្ទងកូនក្តីមកកាន់អង្គភាពនគរបាលយុត្តិធម៌ , កាបង្ខំមេធាវីឱ្យទម្លាយការសម្ងាត់នៃទំនាក់ទំនងជាមួយកូនក្តី, ការប្ដឹងមេធាវីពីបទគំរាមកំហែង ហែកកេរ្តិ៍ចំពោះការតាក់តែងលិខិតជូនដំណឹង និងការប្ដឹងមេធាវីពីបទញុះញង់ចំពោះការផ្ដល់យោបល់ផ្នែកច្បាប់ដល់កូនក្តីជាដើម។
 
តាមរយៈសកម្មភាពអាជ្ញាធរទាំងនេះ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានអះអាងថា អាជ្ញាធរកំពុងរំលោភសិទ្ធិ ក៏ដូចជាច្បាប់ស្តីពីការគ្រប់គ្រងមេធាវីផង។ បើតាមលោក លី ច័ន្ទតុលា រាល់សកម្មភាពមេធាវីទាំងអស់ គឺមិនអាចទម្លាយការសម្ងាត់ណាមួយពីកូនក្តី ទៅឱ្យអ្នកដទៃដឹង ដែលខុសពីវិជ្ជាជីវៈខ្លួនឡើយ។
 
ប៉ុន្តែបើសិនជាសមត្ថកិច្ចរកឃើញករណីមិនប្រក្រតីជុំវិញការអនុវត្តភារកិច្ចរបស់មេធាវីនោះ សមត្ថកិច្ចអាចដាក់បណ្ដឹងទៅគណៈមេធាវីដោះស្រាយបញ្ហានេះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានគណៈមេធាវីរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«(ចំណាត់ការរបស់សមត្ថកិច្ច) វាប៉ះពាល់(មេធាវី)សំខាន់ នៅត្រង់ថា នៅក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី គឺថាការងារទាំងអស់ហ្នឹង គឺគេត្រូវប្ដឹងមកគណៈមេធាវី ដើម្បីគណៈមេធាវីមានវិធានការលើករណីដែលមេធាវី គាត់អត់គោរពតាមក្រមសីលធម៌វិជ្ជាជីវៈ»។
 
ក្នុងរយៈពេល៤ទៅ៥ខែចុងក្រោយនេះ មានករណីសមត្ថកិច្ចធ្វើចំណាត់ការលើមេធាវី ចំនួន៥ករណីហើយ ក្រោមហេតុផលថា ជាករណីព្រហ្មទណ្ឌ ដែលត្រូវអនុវត្តភ្លាមៗ។ នេះបើតាមលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី។
 
ជុំវិញបញ្ហានេះ គណៈមេធាវី ក៏បានអំពាវនាវឱ្យអាជ្ញាធរ ពិនិត្យតាមផ្លូវច្បាប់លើសកម្មភាពប្រកបវិជ្ជាជីវៈមេធាវីសិន មុននឹងចាត់វិធានការប្ដឹងមេធាវីលើករណីណាមួយ។ គណៈមេធាវី ក៏ស្នើឱ្យមេធាវីទាំងអស់ អនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈមេធាវីឱ្យបានខ្ជាប់ខ្លួនដែរ។ «លើសពីនេះ មេធាវីដែលត្រូវបានគេប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬមេធាវីដែលបានដឹងអំពីការប្ដឹងមេធាវីណាមួយ សូមផ្ដល់ព័ត៌មាននេះ មកគណៈមេធាវីជាព័ត៌មានបន្ថែម និងធ្វើអន្តរាគមន៍បានទាន់ពេលវេលា»។ នេះជាការលើកឡើងរបស់គណៈមេធាវី៕
 

Tag:
 មេធាវី
  អាជ្ញាធរ
© រក្សាសិទ្ធិដោយ thmeythmey.com