ជាតិ
សង្គមជាតិ
ក្រោយធ្លាយព័ត៌មានទារលុយសិស្ស អ្នកគ្រូម្នាក់នៅបឋមសិក្សាសន្ធរម៉ុក រងការស្តីបន្ទោសនិងផ្អាកបង្រៀនមួយឆ្នាំ
03, Feb 2021 , 9:59 pm        
រូបភាព
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ (រូបពីក្រសួងអប់រំ)
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ (រូបពីក្រសួងអប់រំ)
ដោយ:
ភ្នំពេញ៖ អ្នកគ្រូម្នាក់ ដែលបានទារលុយសិស្សនៅបឋមសិក្សាសន្ធរម៉ុក ជាថ្នូរនឹងការចូលរៀនគួរ ត្រូវបានថ្នាក់ដឹកនាំសាលានិងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សម្រេចប្តូរឲ្យទៅបម្រើការងារនៅបឋមសិក្សាសែនសុខវិញ។ នេះបើតាមលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ 

 
លោក ហែម ស៊ីណារ៉េត បានបញ្ជាក់ថា អ្នកគ្រូនោះ បង្រៀននៅថ្នាក់ទី៦ ហើយបានសារភាពពីការប្រមូលថវិកាពីសិស្សពិតមែន។ ប្រធានមន្ទីរអប់រំរូបនេះ ថ្លែងដូច្នេះថា៖«គាត់ បានអនុវត្តផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន និងផ្ទុយពីការណែនាំរបស់មន្ទីរ ផ្ទុយពីក្រសួងអប់រំ និងបានរំលោភបំពានពីកិច្ចសន្យារបស់សាលារៀន»។  
 
អ្នកគ្រូរូបនោះ រងចំណាត់ការពីថ្នាក់ដឹកនាំសាលារបស់ខ្លួនិងមន្ទីរអប់រំ ក្រោយមានបុរសម្នាក់ ដែលជាឪពុករបស់សិស្សនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ ដោយរៀបរាប់ពីកូនរបស់គាត់ ត្រូវបានអ្នកគ្រូរូបនោះ ប្រើពាក្យដាក់ថា ទៅរៀនសាលាផ្សេងទៅ បើមិនបង់លុយរៀនគួ។ បុរសជាឪពុកនោះ សរសេរបែបនេះថា៖«កូនស្រីខ្ញុំ ត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុកបណ្តេញចេញពីថ្នាក់ តាមការបោះសម្តីរបស់អ្នកគ្រូបាននិយាយថា បើមិនរៀនគួទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធម៉ុក បើមិនរៀនគួរក៏ត្រូវបង់លុយដែរ ថ្លៃរៀនគួដឹងគុណគ្រូមួយខែ ៦ ០០០០ រៀល។ តើខ្ញុំរស់បានដល់ពេលណា បើខ្ញុំ ខំរកលុយឲ្យកូនរៀនគួមិនបានផង»។ 
 
លោក ហែម ស៊ីណារ៉េត បន្តថា ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយគ្នា នាព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ មន្ទីរអប់រំ និងនាយកសាលាបឋមសិក្សាសន្ធរម៉ុក បានសម្រេចផ្ទេរអ្នកគ្រូនោះ ឲ្យទៅបម្រើការងារនៅទីចាត់ការនៃសាលាបឋមសិក្សាសែនសុខសិន ដោយផ្អាកបង្រៀនរយៈពេល១ឆ្នាំ ទើបអនុញ្ញាតឲ្យបង្រៀនវិញ ដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយសគ្រូដទៃទៀត។ លោក បន្ថែមថា មន្ទីរអប់រំ មិនមានវិធានការដាក់ទណ្ឌកម្មលើអ្នកគ្រូនោះឡើយ ដោយគ្រាន់តែអនុវត្តតាមវិធានការរដ្ឋបាលទី១ ដែលស្តីពីការស្តីបន្ទោសនិងការផ្លាស់ប្តូរដោយបង្ខំ។  
 
ប្រធានមន្ទីរអប់រំរូបនេះ មានប្រសាសន៍ថា៖«វិធានការរដ្ឋបាលមាន២កម្រិត។ វិធានការរដ្ឋបាលថ្នាក់ទី១ គឺស្តីបន្ទោសជាលាយល័ក្ខអក្សរ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខ័ណ្ឌ»។ បើតាមប្រធានមន្ទីរអប់រំ វិធានការរដ្ឋបាលទី២ មិនត្រូវបានអនុវត្តលើអ្នកគ្រូនោះឡើយ។ 
 
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ អះអាងថា គ្មានគោលការណ៍ឲ្យគ្រូប្រមូលថវិកាពីសិស្សក្នុងម៉ោងសិក្សា ដើម្បីជាថ្នូរនឹងការចូលរៀនឡើយ។ លោក សង្កត់ធ្ងន់ថា បើមានករណីគ្រូប្រមូលលុយពីសិស្សដោយខុសពីគោលការណ៍របស់ក្រសួងអប់រំ  ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។ 
 
លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទថា៖«ជាគោលការណ៍ ក្រសួងអត់មានគោលការណ៍ឲ្យគ្រូយកថវិកាពីសិស្សទេ លើកលែងតែកិច្ចសហប្រតិបត្តិការរវាងសាលាជាមួយនឹងសហគមន៍»។
 
ចំណែក អ្នកនាំពាក្យក្រសួងអប់រំម្នាក់ទៀត គឺលោក រស់ សុវាចា ឆ្លើយតបនឹងសារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា ក្នុងករណីសាលារៀនណាមួយ មានភាពមិនប្រក្រតី គណៈគ្រប់គ្រងសាលារៀន ត្រូវសហការជាមួយមន្ទីរអប់រំ ដើម្បីដោះស្រាយទៅតាមវិធានការរដ្ឋបាលណាមួយ៕   
 
 
 

Tag:
 សិស្ស
 ថវិកា
 គ្រូ
 អប់រំ
 សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com