COVID-19
ជាតិ
សម្ដេច ហ៊ុន សែន នឹង​ចាក់​វ៉ាក់សាំង​ចិន នៅ​ថ្ងៃទី​១០ កុម្ភៈ​
04, Feb 2021 , 3:25 pm        
រូបភាព
ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន នឹង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១០ កុម្ភៈ នា​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។ ចិននឹងផ្ដល់វ៉ាក់សាំង៦០ម៉ឺនដូសមកកម្ពុជា នៅថ្ងៃទី៧ កុម្ភៈ។ នេះ​បើតាម​សារ​សំឡេង​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ចែកចាយ​តាម​បណ្ដាញ​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​៤ កុម្ភៈ​។​



សម្ដេច ហ៊ុន សែន នឹង​ទៅ​ទទួល​វ៉ាក់សាំង​Sinopharm​របស់​ចិន នៅ​ព្រលានយន្តហោះ​ផ្ទាល់​តែម្ដង​។​កន្លងមក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា កម្ពុជា​ទទួលយក​វ៉ាក់សាំង​ពី​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ ដោយ​មិន​ប្រកាន់​ជំហរ​នយោបាយ​ការបរទេស​ឡើយ​។ ក្នុងន័យនេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជាក់ថា កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ពី​ចិន​១​លាន​ដូ​ស​។ ប៉ុន្តែ​ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​៦០​ម៉ឺន​ដូ​សសិន មក​កម្ពុជា នៅ​ខែកុម្ភៈ​នេះ សម្រាប់​ប្រើប្រាស់​ចាក់​លើ​ប្រជាពលរដ្ឋ​។​
 
 ក្រៅពី​ចិន កម្ពុជា​ក៏​នឹង​ទទួលបាន​វ៉ាក់សាំង​ពី​អូស្ត្រាលី ប្រមាណ​៣​លាន​ដូ​ស​ដែរ តាមរយៈ​ជំនួយ​ជា​ថវិកា​២៨​លាន​ដុល្លារ​អាមេរិក​។ សម្រាប់​វ៉ាក់សាំង​ពី​អូស្ត្រាលី​នេះ គឺ​កម្ពុជា​ចាក់​លើ​ពលរដ្ឋ​១,៥​លាន​នាក់​។​
 
​រីឯ COVAX ក៏​នឹង​ផ្ដល់​វ៉ាក់សាំង​៧​លាន​ដូ​ស ម​កម្ពុជា សម្រាប់​ប្រើប្រាស់​លើ​មនុស្ស​៣,៥​លាន​នាក់​ដែរ នៅក្នុង​អំឡុង​ខែមីនា​។ សម្ដេច ហ៊ុន សែន ក៏បាន​សរសេរ​លិខិតស្នើ​ជំនួយ​វ៉ាក់សាំង​ទៅ​រដ្ឋាភិបាល​ឥណ្ឌា និង​រុស្ស៊ី​រួចហើយ ខណៈ​រដ្ឋាភិបាល​កំពុង​ពិចារណា​លើ​ការទិញ​វ៉ាក់សាំង​ពី​អង់គ្លេស​មួយទៀត​។ វ៉ាក់សាំង​អង់គ្លេស​នេះ តម្លៃ​៤ ឬ​៥​ដុល្លារ​ប៉ុណ្ណោះ ស្របពេល​វ៉ាក់សាំង​ចិន មានតម្លៃ​២០​ដុល្លារ​។​
 
​បើតាម​ការគ្រោងទុក​នេះ កម្ពុជា​នឹង​ទទួលបាន​ជំនួយ​វ៉ាក់សាំង​១១​លាន​ដូ​ស ស្របពេល​កម្ពុជា​ត្រៀម​ទិញ​វ៉ាក់សាំង​២០​លាន​ដូ​ស សម្រាប់​មនុស្ស​១០​លាន​នាក់​៕ 

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com