COVID-19
អន្តរជាតិ
COVAX ប្រមូលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ជាង​៣០០​លាន​ដូ​ស​ដើម្បី​ចែក​ឱ្យ​ប្រទេស​ក្រីក្រ
04, Feb 2021 , 8:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​ដោយ ឈួន ឈី​វ​អ៊ីង
 
​យន្តការ COVAX ប្រមូលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ជាង​៣០០​លាន​ដូ​ស​សម្រាប់​ដឹក​ទៅកាន់​បណ្ដា​ប្រទេស​ក្រីក្រ​។ នេះ​បើតាម​ការប្រកាស​របស់​ទីភ្នាក់ងារ GAVI ដែល​ដឹកនាំ​យន្តការ​នេះ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​។ វ៉ាក់សាំង​ទាំងនេះ បូក​បញ្ចូល​វ៉ាក់សាំង​ដែល COVAX នឹង​ទទួលបាន​នៅពេល​បន្តបន្ទាប់ ត្រូវ​រំពឹងថា នឹង​ចែកចាយ​ឱ្យ​ប្រទេស​នានា​អំឡុង​ឆមាស​ទីមួយ​ឆ្នាំ​២០២១ នេះ​។

 
 
​ក្នុង​ផែនការ​របស់ខ្លួន COVAX គ្រោ​g​ចែកចាយ​វ៉ាក់សាំង​សម្រាប់​ប្រជាជន​ប្រមាណ​៣,៣ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុងប្រទេស​ចំនួន ១៤៥ ដែល​ចូលរួម​ក្នុង​ការទទួល​វ៉ាក់សាំង​ជុំ​ដំបូង​។ សម្រាប់​វ៉ាក់សាំង​ដែល​ប្រមូលបាន​នេះ មាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ចំនួន ២៤០​លាន​ដូ​ស ដែល​ត្រូវបាន​ផលិត​ដោយ វិទ្យាស្ថាន Serum របស់​ឥណ្ឌា​, វ៉ាក់សាំង​ផលិត​ដោយ AstraZeneca ផ្ទាល់​ប្រមាណ​៩៦​លាន​ដូ​ស និង​វ៉ាក់សាំង​១,២​លាន​ដូ​សទៀ​តរបស់​ក្រុមហ៊ុន Pfizer ។ 
 
«​ពួកយើង​នឹង​អាច​ចាប់ផ្តើម​ចែក​វ៉ាក់សាំង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជា​សកល​ក្នុងពេល​ឆាប់ៗ​នេះ​។​» នេះ​ជាការ​លើកឡើង​របស់​អគ្គ​នាយក​ប្រតិបត្តិ​របស់​ក្រុម​សម្ព័ន្ធ​វ៉ាក់សាំង GAVI លោក Seth Berkley ក្នុង​សន្និសីទ​សារព័ត៌មាន​មួយថ្ងៃ​ទី​៣ ខែមករា​។ GAVI ជា​សហប្រធាន COVAX ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ UNICEF ជាដើម​។ 
 
​ទាក់ទង​រឿង​ចែកចាយ​វ៉ាក់សាំង​នេះ មន្ត្រី​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី Ann Lindstrand លើកឡើងថា នៅ​ដំណាក់កាល​ដំបូង វ៉ាក់សាំង​កូ​វីដ​-១៩ គួរ​ទៅដល់​ប្រទេស​គោលដៅ​នៅ​ចុងខែ​កុម្ភៈ​នេះ ឬ​ដើមខែ​មីនា​។ លោកស្រី បញ្ជាក់ថា អាហ្វ្រិក​ខាងត្បូង កាប់​វែ​រ និង រ៉​វ៉ាន់ដា អាចនឹងទទួល​បាន​វ៉ាក់សាំង Pfizer មុនគេ​ក្នុងចំណោម​ប្រទេស​អាហ្វ្រិក​។ 
 
​យ៉ាងណាមិញ គម្រោង​របស់ COVAX ក្នុង​ការផ្ដល់​វ៉ាក់សាំង​ទៅ​បណ្ដា​យ​ប្រទេស​ក្រីក្រ ក៏​ជួប​បញ្ហា​រាំងស្ទះ ពិសេស​ចំនួន​វ៉ាក់សាំង​នៅមាន​កំណត់​នៅឡើយ​។ កាលពី​សប្ដាហ៍​មុន សហភាព​អឺរ៉ុប បានចេញ​ការ​រឹតត្បិត​ការនាំចេញ​វ៉ាក់សាំង​ដែល​ផលិត​នៅ​ប្រទេស​អឺរ៉ុប សំដៅ​ធានា​ការផ្គត់ផ្គង់​បណ្ដា​ប្រទេស​អឺរ៉ុប​៕ 
 

Tag:
 កូ​វីដ​-១៩
  COVAX
© រក្សាសិទ្ធិដោយ thmeythmey.com