ជាតិ
ឆ្នាំ​២០២០ រោងចក្រ​និង​សហគ្រាស បើក​ថ្មី ១,១០០ ខណៈ​បិទទ្វារ​ជាង​១,៣០០​កន្លែង​
04, Feb 2021 , 11:29 pm        
រូបភាព
កម្មករ-កម្មការិនី ស្ថិតនៅមុខរោងចក្រមួយ នៅជាងរាជធានីភ្នំពេញ។ រូបនេះ ថតកាលពីឆ្នាំ២០១៣ ដោយភ្នាក់ងារសារព័ត៌មាន AFP។
កម្មករ-កម្មការិនី ស្ថិតនៅមុខរោងចក្រមួយ នៅជាងរាជធានីភ្នំពេញ។ រូបនេះ ថតកាលពីឆ្នាំ២០១៣ ដោយភ្នាក់ងារសារព័ត៌មាន AFP។
​ភ្នំពេញ​៖ ការយាយី​ដោយសារ​កូ​វីដ​-១៩ ពេញ​មួយឆ្នាំ​២០២០ បានធ្វើ​ឲ្យ​រោងចក្រ និង​សហគ្រាស​នៅ​កម្ពុជា ១,៣៥៦ កន្លែង បាន​បិទទ្វារ​លែង​ដំណើរការ ។ ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា​នោះ ក៏មាន​រោងចក្រ​និង​សហគ្រាស​១,១០៣​កន្លែង បាន​បើក​ដំណើរការ​អាជីវកម្ម​វិញ​ដែរ​។ នេះ​បើតាម​លោក អ៊ិត សំហេង រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅក្នុង​កិច្ចប្រជុំ​បញ្ហា​ប្រឈម​នៅ​ដំណាក់កាល​កូ​វីដ​-១៩ និង​ទិសដៅ​បន្ត​ឆ្នាំ​២០២១ កាលពី​ថ្ងៃទី​៣ កុម្ភៈ​។​

 
​លោក អ៊ិត សំហេង បាន​អះអាងថា ការបិទទ្វារ​ដំណើរការ​រោងចក្រ​និង​សហគ្រាស​ជាង​១,៣​ពាន់​កន្លែង​នេះ បានធ្វើ​ឲ្យ​កម្មករ​បាត់បង់​ការងា​រ​ជាង​១,៨​ម៉ឺន​នាក់​។ ក្រៅពី​ករណី​បិទទ្វារ​រោងចក្រ និង​សហគ្រាស​នេះ ក៏មាន​ការបើក​ដំណើរការ​ថ្មី​មាន​ជាង​១​ពាន់​កន្លែង ហើយ​បង្កើត​ការងារ​ជាង​៦,១​ម៉ឺន​កន្លែង​ដែរ​។ 
 
​ក្រសួង​ការងារ បាន​បញ្ជាក់ថា នៅ​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​នេះ រដ្ឋាភិបាល​បាន​បើកប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​ក្នុង​១​ខែ ឲ្យ​កម្មករនិយោជិត​នៅ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​ដែល​ព្យួរការងារ​បាន​ជាង​៣៤​ម៉ឺន​នាក់ ស្មើនឹង​២៣​លាន​ដុល្លារ​។ ជាមួយគ្នា​ក្រសួង​ការងារ ក៏បាន​បណ្តុះបណ្តាល​ជំនាញ​ទន់​ដល់​កម្មករនិយោជិត​បាន​ជាង​៦,៦​ម៉ឺន​នាក់ ដែល​មកពី​រោងចក្រ​និង​សហគ្រាស​ចំនួន​១០៧​ទីតាំង​ផង​។ 
 
​ក្រៅពី​ប្រាក់ឧបត្ថម្ភ​៤០​ដុល្លារ ពី​រដ្ឋាភិបាល​នេះ ខាង​ភាគី​រោងចក្រ ក៏បាន​ផ្តល់ប្រាក់​៣០​ដុល្លារ​ក្នុង​មួយខែ ដល់ក​ម្មករ​-​កម្មការិនី​ម្នាក់ៗ ដែល​ត្រូវ​ព្យួរការងារ​ឬ​បាត់បង់​ការងារ ដោយសារ​រោងចក្រ​បិទទ្វារ​ផងដែរ​។ ដូច្នេះ​កម្មករ អាច​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៧០​ដុល្លារ ក្នុង​១​ខែ​។ 
 
​សូមជម្រាបថា ប្រាក់ខែ​របស់​កម្មករ​-​កម្មការិនី​ផ្នែក​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០២១ គឺ​១៩២​ដុល្លារ​។ កាលពី​ឆ្នាំ​២០២០ ប្រាក់ខែ​គោល​របស់​ពួកគេ ទទួលបាន​ត្រឹមតែ​១៩០​ដុល្លារ​៕ 
 
 

Tag:
 ការងារ​
  រោងចក្រ​
  សហគ្រាស
© រក្សាសិទ្ធិដោយ thmeythmey.com