កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​អូឡាំពិក​ក្រុង​តូ​ក្យូ សុំទោស​ដែល​រើសអើង​ស្ត្រី តែ​មិន​ចុះចេញ​តាម​ការទាមទារ​ឡើយ​
05, Feb 2021 , 8:29 am        
រូបភាព
​លោក Yoshiro Mori ប្រធាន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ បាន​សុំទោស​ចំពោះ​ការអត្ថាធិប្បាយ​មិន​សមរម្យ​របស់លោក​ពាក់​ព័ន្ធ​នឹង​ស្ត្រី ដែល​ប្រឆាំងនឹង​ស្មារតី​អូឡាំពិក​។ ដោយសារ​ករណីនេះ មានការ​អំពាវនាវ​ឱ្យ Mori ចុះ​ចេញពី​តំណែង​ពេញ​បណ្តាញ​សង្គម ប៉ុន្តែ​លោក​ថា​មិន​លាលែង​នោះទេ​។​



 «Mori សូមមេត្តា​លាឈប់​ទៅ​» ត្រូវបាន​បង្ហោះ​នៅ​ពេញ​បណ្តាញ​សង្គម Twitter ក្នុងប្រទេស​ជប៉ុន ដោយ​អ្នកប្រើប្រាស់​ទាំងនោះ​អំពាវនាវ​ដល់​អ្នក​ឧបត្ថម្ភ​ដើម្បី​ដាក់​សម្ពាធ​ដល់​គណៈកម្មាធិការ​រៀប​ចំ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​បញ្ចប់​តំណែង​លោក Mori តែម្តង​។​
 
​បញ្ហា​នេះ​កើតឡើង បន្ទាប់ពី​ប្រធាន​កីឡា​អូ​ឡាំ​ពី​វ័យ​៨៣​ឆ្នាំ​រូបនេះ បង្ហាញ​ពី​ការរើសអើង​ភេទ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន (JOC) នៅ​សប្តាហ៍​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Asahi​។ កាសែត​ដដែល​នេះ អះអាងថា​លោក Mori បាន​និយាយ​ទៅកាន់​សមាជិក​ក្រុមប្រឹក្សាភិបាល​ស្ត្រី​ថា​«​និយាយ​ច្រើនពេក​»​។​
 
«​ប្រសិនបើ​យើង​បង្កើន​ចំនួន​សមាជិក​ក្រុមប្រឹក្សាភិបាល​ស្ត្រី យើង​ត្រូវតែ​ប្រាកដថា​ពេលវេលា​ក្នុងការ​និយាយ​របស់​ពួកគាត់​ត្រូវ​កម្រិត​ខ្លះ ដ្បិត​ពួកគេ​មានការ​លំបាក​ក្នុងការ​បញ្ចប់​ដែល​នោះ​ជាការ​រំខាន​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​យ៉ាងណាក៏ដោយ ប្រធាន​រៀបចំ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​ត្រូវ​ពន្យារ​ទៅ​ឆ្នាំ​២០២១ ទទួលស្គាល់ថា​ការអត្ថាធិប្បាយ​របស់ខ្លួន​ពិតជា​មិន​សមរម្យ​ឡើយ ហើយ​ជា​ទង្វើ​ដែល​ប្រឆាំងនឹង​ស្មារតី​អូឡាំពិក​ទៀតផង​។ លោក Mori ថែមទាំង​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា​លោក​មិន​គិតពី​ការលាឈប់​ពី​តំណែង​ដោយសារតែ​ករណីនេះ​ឡើយ​៕

Tag:
 Yoshiro Mori
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com